អាមេរិក មិនជឿទេថាចិនអាចធ្វើជាអ្នកសម្រុះសម្រួលរវាងរុស្ស៉ី និងអ៊ុយក្រែន ដោយអព្យាក្រឹត(AFP)
សហរដ្ឋអាមេរិក នៅថ្ងៃអង្គារសប្ដាហ៍នេះបាននិយាយថាខ្លួនមើលមិនឃើញនោះទេថាចិនអាចនឹងដើរតួនាទីជាអ្នកសម្រុះសម្រួលដោយអព្យាក្រឹតរវាងទីក្រុងមូស្គូ និងទីក្រុងកៀវ នៅក្នុងសង្រ្គាមអ៊ុយក្រែន ដែលនេះជាការរិះគន់ដោយផ្ទាល់ដំបូងបំផុតរបស់សហរដ្ឋអាមេរិក ចំពោះចិនដែលកំពុងព្យាយាមលើកកម្ពស់តួនាទីជាអ្នកស្វែងរកសន្តិភាពបញ្ចប់សង្រ្គាម។ នេះបើតាម ការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី២២ ខែមីនា ឆ្នាំ២០២៣។
ថ្លែងប្រាប់អ្នកសារព័ត៌មាន អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិសេតវិមាន លោក John Kirby បានគូសបញ្ជាក់ដូច្នេះថា «ខ្ញុំមិនគិតនោះទេថាអ្នកទាំងអស់គ្នាអាចសម្លឹងមើលប្រកបដោយហេតុផល ទៅចិនថាជាអ្នកសម្រុះសម្រួលអព្យាក្រឹត»។ លោក Kirby បន្ថែមថាចិនមិនបានរិះគន់រុស្ស៉ីនោះទេ ចំពោះសង្រ្គាមឈ្លានពានលើអ៊ុយក្រែន ហើយនៅតែបន្តទិញប្រេងពីរុស្ស៉ី ទោះបីជាលោកខាងលិច កំពុងប្រឹងប្រែងដាក់ទណ្ឌកម្មលើឧស្សាហកម្មថាមពលរបស់រុស្ស៉ី ក្នុងគោលដៅកាត់ផ្ដាច់ធនធានដែលវិមានក្រឹមឡាំងយកទៅបំប៉នសង្រ្គាមរបស់ខ្លួន ក៏ដោយ។
គួរបញ្ជាក់ថា ចិន កាលពីពេលថ្មីៗនេះ បានបញ្ចេញផែនការសន្តិសុខ១២ចំណុច សំដៅបិទបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន។ លោក ពូទីន បានស្វាគមន៍ផែនការនេះ និងអះអាងថាលោកបើកចំហជានិច្ច ចំពោះកិច្ចសន្ទនាស្ដីពីអ៊ុយក្រែន។ បើតាមលោក John Kirby ទោះជាយ៉ាងណាក៏ដោយ សហរដ្ឋអាមេរិកនៅតែចង់រក្សាការទំនាក់ទំនងជាមួយចិន ហើយក៏បានបញ្ជាក់ដែរថាលោកមិនបានដឹងថាតើ ចិនបានផ្ដល់អាវុធឱ្យរុស្ស៉ីហើយ ឬក៏យ៉ាងណានោះទេ៕
Post a Comment