មនុស្សស្លាប់ ដោយសារការបាក់ដី នៅឥណ្ឌូនេស៊ី កើនដល់៣០នាក់ហើយ (AFP)

ឥណ្ឌូនេស៊ី ៖ ចំនួនមនុស្សស្លាប់ដោយសារការបាក់ដី នៅប្រទេសឥណ្ឌូនេស៊ី កើនឡើងដល់ ៣០នាក់ គិតត្រឹមថ្ងៃព្រហស្បតិ៍។

មន្ត្រីម្នាក់បាននិយាយថា ចំនួនអ្នកស្លាប់ដោយសារការបាក់ដីនៅលើកោះដាច់ស្រយាលមួយរបស់ប្រទេសឥណ្ឌូនេស៊ី បានកើនឡើងដល់ ៣០ នាក់ បន្ទាប់ពីក្រុមអ្នកជួយសង្គ្រោះបានរកឃើញសាកសពបន្ថែមទៀត កាលពីថ្ងៃព្រហស្បតិ៍ សប្តា៍នេះ។

ការរអិលបាក់ដីបានវាយប្រហារ កាលពីថ្ងៃច័ន្ទ នៅលើកោះ សឺរ៉ាសាន (Serasan) ដែលមានទីតាំងនៅតំបន់ ណាទូណា (Natuna) រវាងកោះ បូណេអូ (Borneo) និង ឧបទ្វីបម៉ាឡេស៊ី(Peninsular Malaysia)។
អ្នកនាំពាក្យរដ្ឋាភិបាលក្នុងតំបន់ លោក ប៉ាតលី មូហាមេត (Patli Muhamad) បានប្រាប់ AFP ថា «គិតត្រឹមម៉ោង ១១.៥០ ព្រឹក ថ្ងៃព្រហស្បតិ៍នេះ សាកសពចំនួន ៩ ទៀត ត្រូវបានរកឃើញ។ »
លោក មូហាមេត បាននិយាយថា សាកសពត្រូវបានរកឃើញកប់នៅក្រោមគំនរបាក់បែក និងការបាក់ដី នៅភូមិ ប៉ាងកាឡាន (Pangkalan) ដោយអះអាងថា មនុស្ស ២៤ នាក់នៅតែបាត់ខ្លួននៅឡើយ។
លោក មូហាមេត បាននិយាយថា អាកាសធាតុមិនល្អ ដែលពីមុនបានរារាំងកិច្ចខិតខំប្រឹងប្រែងស្វែងរក និងជួយសង្គ្រោះបានប្រសើរឡើង ហើយបណ្តាញទំនាក់ទំនងក៏ត្រូវបានស្តារឡើងវិញជាបណ្តើរៗផងដែរ។
ប្រទេសឥណ្ឌូណេស៊ីងាយនឹងមានការបាក់ដីក្នុងរដូវវស្សា ដែលកាន់តែធ្ងន់ធ្ងរ នៅកន្លែងខ្លះដោយសារការកាប់បំផ្លាញព្រៃឈើ ហើយភ្លៀងធ្លាក់ខ្លាំងអូសបន្លាយបានបណ្តាលឱ្យមានទឹកជំនន់នៅតំបន់ផ្សេងៗគ្នា នៃប្រទេសប្រជុំកោះនេះ។
អ្នកជំនាញនិយាយថា គ្រោះមហន្តរាយទាក់ទងនឹងអាកាសធាតុរបស់ប្រទេសនេះ ទំនងជាត្រូវបានធ្វើឱ្យកាន់តែអាក្រក់ទៅៗ ដោយសារការប្រែប្រួលអាកាសធាតុ៕



Powered by Blogger.