អង្គភាពស៊ីម៉ាក់ ប្រកាសបើកការដ្ឋានប្រតិបត្តិការបោសសម្អាតមីន និងសំណល់យុទ្ធភណ្ឌ សង្គ្រាមនៅខេត្តសៀមរាប ក្រោមគម្រោងជំនួយរបស់ចិន ដំណាក់កាលទី៣( AKP )

សៀមរាប៖ ថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៣ អង្គភាពស៊ីម៉ាក់ នៅព្រឹកថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៣នេះ បានប្រកាសបើកការដ្ឋាន ប្រតិបត្តិការបោសសម្អាតមីន និងសំណល់យុទ្ធភណ្ឌសង្គ្រាម ស្ថិតក្នុងភូមិទ័ពជ័យ ឃុំបឹង មាលា ស្រុកស្វាយលើ ខេត្តសៀមរាប ក្រោមគម្រោងជំនួយរបស់ប្រទេសចិន ក្នុងគោល បំណងលុបបំបាត់គ្រាប់មីននៅកម្ពុជា។

ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយក នៃមជ្ឈមណ្ឌល សកម្មភាពកំចាត់មីនកម្ពុជា បានថ្លែងថា គម្រោងជំនួយឥតសំណងរបស់រដ្ឋាភិបាល នៃសាធារណរដ្ឋចិននេះ បានផ្ដល់ជូនអង្គភាព CMAC ចំនួនពីរដំណាក់កាលរួចមកហើយ ចាប់ពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២២ មានថវិកាសរុបចំនួន១០លានដុល្លារអាម៉េរិក។

ជាលទ្ធផលទាំងពីរដំណាក់កាលនេះ អង្គភាព CMAC បានធ្វើការបោសសម្អាតផ្ទៃដី ចម្ការមីន និងចម្ការគ្រាប់សរុបចំនួន៧៤.៩២២.៧៨៤ម៉ែត្រក្រឡា រុករកឃើញ និងកម្ទេចចោល គ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះសរុបចំនួន៧១.៥៥៨គ្រាប់ ក្នុងនោះគ្រាប់មីនប្រឆាំង មនុស្សចំនួន១២.០១៦គ្រាប់ មីនប្រឆាំងរថក្រោះចំនួន៣២៤គ្រាប់ មីនកែច្នៃចំនួន២២គ្រាប់ គ្រាប់បែកទម្លាក់ពីយន្ដហោះចំនួន៩០គ្រាប់ គ្រាប់បែកចង្កោមចំនួន៤.៣៩២គ្រាប់ គ្រាប់ យុទ្ធភណ្ឌមិនទាន់ផ្ទុះគ្រប់ប្រទេសចំនួន៥៤.៧១៤គ្រាប់ និងផ្តល់ការអប់រំដល់ប្រជាពលរដ្ឋ សរុបចំនួន៦៩៩.២៣៥នាក់។ គម្រោងនេះក៏បានរួមចំណែកក្នុងការអភិវឌ្ឍសហគមន៍ ផ្តល់សុខសុវត្ថិភាព និងលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋសរុបចំនួន២១៤.៦៦១គ្រួសារ ស្មើនឹង៦៧៤.៦១៨នាក់។

ដោយឡែក សម្រាប់ដំណាក់កាលទី៣នេះ រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន បានសម្រេចផ្ដល់ហិរញ្ញប្បទានឥតសំណងជូនដល់រាជរដ្ឋាភិបាលកម្ពុជា គាំទ្រកិច្ចប្រតិបត្តិការ បោសសម្អាតមីនរបស់អង្គភាព CMAC ក្នុងឆ្នាំ២០២៣ នៅក្នុងភូមិសាស្រ្ដខេត្តចំនួន០៣ រួមមាន ខេត្តកំពង់ធំ ខេត្តសៀមរាប និងខេត្តព្រះវិហារ ដែលមានទឹកប្រាក់ចំនួន ចំនួន៤.៤លានដុល្លារអាម៉េរិក ដែលជំនួយនេះជាឆ្នាំទី១ នៃគម្រោងកម្មវិធីមានរយៈពេល៣ឆ្នាំ (២០២៣-២០២៥) មានថវិកាសរុបចំនួន១៣.២លានដុល្លារអាម៉េរិក។

ឯកឧត្តម WANG Wentian ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា ជំនួយនេះ នឹងបានចូលរួមចំណែកកាត់ បន្ថយអត្រាមរណៈភាពរបស់ប្រជាជនកម្ពុជាដោយសារគ្រាប់មីន ហើយនេះជាសមិទ្ធផល មួយទៀតក្នុងកិច្ចសហប្រតិបត្តិការ ចំណងមិត្តភាពកម្ពុជា-ចិន។ ឯកឧត្តមសង្ឃឹមថា គម្រោងជំនួយឥតសំណងរបស់រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិននេះ នឹងបាន រួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាសម្រេចបានគោលដៅកម្ពុជាគ្មានមីននៅឆ្នាំ២០២៥។

សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជា ណាចក្រកម្ពុជា បានថ្លែងអំណរគុណចំពោះប្រទេសចិន ដែលបានផ្តល់ជំនួយក្នុងការបោស សម្អាតមីននៅកម្ពុជា។

សម្តេចបានបន្តថា នៅតំបន់នេះ គឺមានប្រាសាទបុរាណចំនួនពីរ គឺបានប្រាសាទ ទ័ពជ័យធំ និងទ័ពជ័យតូច ដូចនេះនៅពេលផ្ទៃដីនេះត្រូវបានបោសសម្អាតគ្រាប់មីន រួចហើយនោះ ភ្ញៀវទេសចរអាចមកទស្សនា និងឈ្វេងយល់ពីប្រាសាទបុរាណនេះបាន ជាមួយគ្នានេះ ប្រជាពលរដ្ឋក៏អាចធ្វើស្រែនៅលើផ្ទៃដីនេះ ប្រកបដោយសុវត្ថិភាពផងដែរ។

សូមបញ្ជាក់ថា គម្រោងជំនួយរបស់សាធារណរដ្ឋប្រជាមានិតចិននេះ សំដៅបោស សម្អាតសំណល់ជាតិផ្ទុះពីសង្គ្រាមគ្រប់ប្រទេស ដែលរួមមាន គ្រាប់មីន គ្រាប់បែកចង្កោម និងគ្រាប់បែកទម្លាក់ពីយន្តហោះជាដើម ឈានទៅការបញ្ចប់សំណល់ យុទ្ធសង្គ្រាមទាំងស្រុងតែម្តង៕






Powered by Blogger.