ទាហានស៊ីឈ្នួលរបស់រុស្ស៊ីកំណត់គោលដៅជ្រើសរើសទាហានថ្មីចំនួន៣ម៉ឺននាក់ នៅពាក់កណ្តាលខែឧសភា
ស្ថាបនិករបស់ក្រុមទាហានស៊ីឈ្នួល Wagner របស់រុស្ស៊ី លោក អ៊ីវហ្គេនី ព្រីហ្គោហ្សីន (Yevgeny Prigozhin) បាននិយាយកាលពីថ្ងៃសៅរ៍ថា ខ្លួនគ្រោងនឹងជ្រើសរើសសមាជិកថ្មីបន្ថែមប្រហែល៣ម៉ឺននាក់ នៅពាក់កណ្តាលខែឧសភានេះ។
លោកបាននិយាយនៅក្នុងសារជាសំឡេងនៅលើកម្មវិធីតេលេក្រាមថា មជ្ឈមណ្ឌលជ្រើសរើសបុគ្គលិករបស់ក្រុម Wagner ដែលបានបើកនៅក្នុងទីក្រុងចំនួន ៤២ របស់រុស្ស៊ី បានជ្រើសរើសមនុស្សជាមធ្យមពី ៥០០នាក់ ទៅ ៨០០នាក់ក្នុងមួយថ្ងៃ។ ប៉ុន្តែលោកមិនបានផ្តល់ភ័ស្តុតាងណាមួយ ដើម្បីគាំទ្រការអះអាងរបស់ខ្លួននោះទេ។
លោក ព្រីហ្គោហ្ស៊ីន បានឱ្យដឹងថា ការជ្រើសរើសបុគ្គលិកកំពុងដំណើរការល្អជាងការរំពឹងទុក ហើយអ្នកស្ម័គ្រចិត្តទាំងនោះ មានរូបរាងកាយល្អជាងអ្នកទោសដែលខ្លួនបានជ្រើសរើសពីមុន។ លោកបានបន្តថា៖ «នៅពាក់កណ្តាលខែឧសភា យើងមានគម្រោងបង្កើនចំនួនយុទ្ធជនក្នុងអង្គភាពរបស់យើងប្រមាណជា ៣ម៉ឺននាក់»។
គួរបញ្ជាក់ថា ទាហានរបស់លោក ព្រីហ្គោហ្ស៊ីន បានទទូលរងនូវការខាតបង់យ៉ាងធ្ងន់ធ្ងរ ខណៈពេលដែលដឹកនាំកិច្ចខិតខំប្រឹងប្រែងរបស់រុស្ស៊ី ដើម្បីដណ្តើមយកទីក្រុងបាកមុត (Bakhmut) របស់អ៊ុយក្រែន តាំងពីរដូវក្តៅឆ្នាំមុន ក្នុងសមរភូមិដ៏វែងបំផុតនៃសង្រ្គាមរយៈពេលមួយឆ្នាំនេះ។
កាលពីខែមករា សហរដ្ឋអាមេរិកបានវាយតម្លៃថា ក្រុម Wagner មានយុទ្ធជនប្រហែល ៥ម៉ឺនននាក់នៅក្នុងប្រទេសអ៊ុយក្រែន រួមទាំងអ្នកទោសចំនួន ៤ម៉ឺននាក់ដែលលោក ព្រីហ្គោហ្ស៊ីន បានជ្រើសរើសពីពន្ធនាគាររុស្ស៊ី ជាមួយនឹងការសន្យានៃការលើកលែងទោសដោយឥតគិតថ្លៃ ប្រសិនបើពួកគេនៅរស់រានមានជីវិតរយៈពេលប្រាំមួយខែ។ យ៉ាងណាមិញ មន្ត្រីអ៊ុយក្រែនបានអះអាងថា យុទ្ធជនរបស់ក្រុម Wagner ប្រហែល ៣ម៉ឺននាក់ត្រូវបានបោះបង់ចោល ឬត្រូវបានសម្លាប់ ឬរងរបួស ប៉ុន្តែតួលេខនេះ មិនអាចផ្ទៀងផ្ទាត់ដោយឯករាជ្យបានទេ។
Post a Comment