សម្ដេចក្រឡាហោម ស ខេង ជំរុញឱ្យអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់យកចិត្តទុកដាក់ការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពឱ្យមានប្រសិទ្ធភាពខ្ពស់
សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានជំរុញឱ្យអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ សូមយកចិត្តទុកដាក់ដល់ការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពឱ្យមានប្រសិទ្ធភាពខ្ពស់ និង លើកកម្ពស់ការចូលរួមរបស់ប្រជាពលរដ្ឋក្នុងការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសនានានៅមូលដ្ឋាន។ ការជំរុញរបស់សម្ដេចក្រឡាហោម បែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារ និងឆ្លងសមិទ្ធផលនានា នៅវត្តពោធិ៍អណ្តែត ហៅវត្តទួលតាណាល ស្ថិតនៅឃុំព្រៃស្នៀត ស្រុកពារាំង ខេត្តព្រៃវែង នាព្រឹកថ្ងៃព្រហស្បត ៩កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣។
សម្ដេចក្រឡាហោម ស ខេង បានលើកឡើងថា អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ត្រូវបន្ដយកចិត្តទុកដាក់ចំពោះសកម្មភាពជួញដូរចែកចាយ ប្រើប្រាស់គ្រឿងញៀនខុសច្បាប់ បទល្មើសលួច ឆក់ ប្លន់ ល្បែងស៊ីសងខុសច្បាប់នៅតាមមូលដ្ឋាន អំពើហិង្សាក្នុងគ្រួសារ ក្រុមក្មេងទំនើង និងបទល្មើសនានានៅមូលដ្ឋានទូទាំងខេត្ត។ សម្ដេចក្រឡាហោមក៏បានស្នើអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ សូមយកចិត្តទុកដាក់ដល់ការផ្តល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋ ដូចជាការបញ្ជាក់សំបុត្រកំណើត ការធ្វើអត្តសញ្ញាណប័ណ្ណ សំបុត្រអាពាហ៍ពិពាហ៍ និងឯកសារនានាដែលប្រជាពលរដ្ឋចាំបាច់ត្រូវការសេវាពីអាជ្ញាធរមូលដ្ឋាន គឺត្រូវតែអនុវត្តន៍ និងផ្តល់ជូនប្រជាពលរដ្ឋឱ្យទាន់ពេលវេលា និងប្រសិទ្ធភាពខ្ពស់។ ត្រូវបន្តខិតខំរួមគ្នាជំរុញអនុវត្តន៍ឱ្យសកម្មផុលផុសជាប់ជាប្រចាំនូវផែនការយុទ្ធនាការប្រ យុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ដោយត្រូវលើកកម្ពស់ការអនុវត្តវិធានការសំខាន់ៗ « បីកុំ មួយរាយការណ៍»។
ក្នុងឱកាសនោះដែរ សម្ដេចក្រឡាហោមក៏បានរម្លឹកអាជ្ញាធរមានសមត្តកិច្ច និងប្រជាពលរដ្ឋទាំងអស់ចូលរួមប្រយុទ្ធប្រឆាំង នឹងអំពើជួញដូរមនុស្សគ្រប់ទម្រង់ ដើម្បីលើកស្ទួយសិទ្ធិមនុស្ស ដោយសហការយ៉ាងមានប្រសិទ្ធភាពជាមួយកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីបង្ក្រាបនឹងទប់ស្កាត់បានទាន់ពេលវេលា។ ជាមួយគ្នានេះ ត្រូវបន្តខិតខំពង្រឹងកម្លាំងប្រជាការពារឱ្យមានចំនួនសមស្របតាមភូមិសាស្ត្រ និងប្រជាសាស្ត្រនៃមូលដ្ឋាននីមួយៗ ដោយត្រូវបំផុសលើកទឹកចិត្ត ប្រជាពលរដ្ឋឱ្យចូលរួមក្នុងចលនាប្រជាការពារ និងបំផុសចលនាឱ្យមានការចូលរួម ជួយឧបត្ថម្ភគាំទ្រទាំងខាងមធ្យោបាយ សម្ភារ ថវិកា និងការគាំទ្រខាងស្មារតីដល់ប្រជាការពារនៅគ្រប់មូលដ្ឋានឱ្យមាននិរន្តរភាព។
សម្ដេចក្រឡាហោម ស ខេង បានថ្លែងបញ្ជាក់ថា សមិទ្ធផលទាំងអស់ដែលប្រទេសជាតិសម្រេចបានរហូតមកទល់ពេលនេះ ពិតជាកើតឡើងដោយសារកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានដាក់ចេញយ៉ាងត្រឹមត្រូវនូវកម្មវិធីនយោបាយ គោលនយោបាយ យុទ្ធសាស្ត្រ និងកម្មវិធីនានាជាមួយការចាត់តាំងអនុវត្តន៍ ដោយមានការគាំទ្រ និងការចូលរួមពីប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាននៅទូទាំងប្រទេស។
សម្ដេចក្រឡាហោមក៏បានអំពាវនាវអាជ្ញាធរមានសមត្ថកិច្ច កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋរួមគ្នាថែរក្សាការពារសុខសន្តិភាព ស្ថិរភាពនយោបាយ សណ្ដាប់ធ្នាប់សង្គម ការពារបូរណភាពទឹកដី អធិបតេយ្យភាពជាតិ ការពារព្រះមហាក្សត្រ ការពាររបបរាជានិយម អាស្រ័យរដ្ឋធម្មនុញ្ញ ការពាររាជរដ្ឋាភិបាលស្របច្បាប់កើតចេញពីការបោះឆ្នោត។ លើសពីនេះទៀត បន្តលើកកម្ពស់លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ការពារ និងលើកស្ទួយសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ និងការពង្រឹងនីតិរដ្ឋ ស្របតាមរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា៕
Post a Comment