អណ្ដាតភ្លើងលេបត្របាក់ផ្ទះពលរដ្ឋអស់៥ខ្នងយ៉ាងសន្ធោសន្ធៅផ្អើលពលរដ្ឋនាំគ្នាជួយពន្លត់
រាជធានីភ្នំពេញ ៖ អុជភ្លើងទៀនបំភ្លឺនៅក្នុងផ្ទះបង្កឱ្យក្លាយជាអគ្គិភ័យឆាបឆេះរាលដាលអស់ផ្ទះចំនួន៥ខ្នង ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចចេញរថយន្តពន្លត់អគ្គិភ័យអន្តរាគមន៍បាញ់ទឹកពន្លត់ កាលវេលាម៉ោង២និង១០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣ ស្ថិតនៅក្នុងភូមិទួលសំបូរ ក្រុម១០ សង្កាត់ព្រៃវែង ខណ្ឌដង្កោ ។
ម្ចាស់ផ្ទះកើតហេតុដំបូងខាងលើនេះមានឈ្មោះ ប៉ាក ច័ន្ទ ភេទប្រុស អាយុ៦២ឆ្នាំ នៅផ្ទះ ហើយផ្ទះដែលឆាបឆេះនោះមានទំហំ៤គុណ៥ម៉ែត្រ ធ្វើអំពីថ្មប្រក់ស័ង្កសី ។
តាមប្រភពព័ត៌មានពីពលរដ្ឋរស់នៅកន្លែងកើតហេតុបានអោយដឹងថា មុនពេលកើតហេតុ ពួកគាត់កំពុងតែសម្រាន្តលង់លក់ក្នុងដំណេក ក៏ស្រាប់តែលឺថាមានភ្លើងឆេះៗ ហើយក៏នាំគ្នាបើកទ្វារផ្ទះចេញមក ក៏ឃើញភ្លើងឆេះចេញពីផ្ទះរបស់ឈ្មោះ ប៉ាក ច័ន្ទ យ៉ាងសន្ធោសន្ធៅ ហើយក៏ឆេះរាលដាលតៗដល់ផ្ទះសម្បែងអ្នកជិតខាងដែលនៅជាប់គ្នានោះជាបន្តបន្ទាប់ចំនួន៥ផ្ទះថែមទៀត។
ប្រភពដដែលបន្តថា ខណៈពេលនោះដែរ បងប្អូនប្រជាពលរដ្ឋរស់នៅទីនោះបាននាំគ្នាជួយដងទឹកតាមពាងមកពន្លត់ម្នាក់ៗមួយដៃមួយជើង ព្រោះតែភូមិរបស់ពួកគាត់រស់នៅ មិនមានទឹកស្អាតប្រើប្រាស់ចូលដល់នោះទេ ទើបធ្វើឲ្យពួកគាត់ខ្វះមុខខ្វះក្រោយ អត់មានទឹកបាញ់ពន្លត់ ហើយណាមួយច្រកចូលក៏តូចថែមទៀត ដែលពិបាកនឹងរថយន្តពន្លត់អគ្គិភ័យចូលអន្តរាគមន៍បាញ់ពន្លត់ផងដែរ។
ប្រភពដដែលបានបន្តទៀតថា បន្តិចក្រោយមក ក៏ឃើញមានរថយន្តពន្លត់អគ្គិភ័យបានចេញអន្តរាគមន៍ចំនួន៤គ្រឿង ក្នុងនោះមានរថយន្តរបស់ការិយាល័យបង្ការ និងពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចំនួន៣គ្រឿង និងរថយន្តជំនួយរបស់ក្រុមហ៊ុនស្រាបៀរកម្ពុជាចំនួន១គ្រឿង បានមកដល់ ហើយសហការគ្នាបាញ់ទឹកពន្លត់រហូតដល់ម៉ោង៣និង១៥នាទីទៀបភ្លឺយប់ថ្ងៃដដែល ទើបធ្វើអោយអណ្ដាតភ្លើងរលត់ទៅវិញជាស្ថាពរ។
ពាក់ព័ន្ធក្នុងហេតុការណ៍ខាងលើនេះដែរ មិនបង្កអោយមានគ្រោះថ្នាក់ដល់មនុស្សនោះទេ គឺគ្រាន់តែឆេះផ្ទះប្រជាពលរដ្ឋដែលមានទំហំ៤គុណនិង៥ម៉ែត្រអស់ទាំងស្រុងចំនួន៥ខ្នងតែប៉ុណ្ណោះ។ ហើយចំពោះមូលហេតុដែលបណ្ដាលឲ្យឆាបឆេះវិញ គឺបណ្ដាលមកពីដុតភ្លើងទៀនបំភ្លឺក្នុងផ្ទះ ទើបបង្កអោយមានអគ្គិភ័យឆាបឆេះបែបនេះ៕
Post a Comment