ពលរដ្ឋជាង២០០គ្រួសារនៅស្រុកលំផាត់នាំគ្នាលុបរណ្ដៅដី២កន្លែង ក្រោយក្រុមហ៊ុនវៀតណាមកាយផ្តាច់ផ្លូវជាច្រើនខែ

ខេត្តរតនគិរី៖ ប្រជាពលរដ្ឋជាង២០០គ្រួសារដែលរស់នៅភូមិស្រែឈូក ស្រុកលំផាត់ ខេត្តរតនគិរី នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០៣ ប្រដាប់ដោយចប ប៉ែល និងត្រាក់ទ័រចំនួនពីរគ្រឿង បាននាំគ្នាទៅលុបរណ្ដៅដីចំនួនពីរកន្លែង ដែលក្រុមហ៊ុនចម្ការចេករបស់វៀតណាមមួយ បានកាយផ្ដាច់បិទផ្លូវកាលពីខែវិច្ឆិកា ឆ្នាំ២០២២ មិនឱ្យពួកគាត់ធ្វើដំណើរឆ្លងកាត់ទៅមក។ 

លោក ឌី ចាន់ តំណាងប្រជាពលរដ្ឋ២១៧ គ្រួសារបានឱ្យដឹងថា កន្លែងដែលពួកគាត់មកកាយដីលុបនេះធ្លាប់ជាផ្លូវពួកគាត់បានប្រើប្រាស់ចេញចូលទៅស្រែចម្ការ តាំងពីឆ្នាំ១៩៧០រៀងមក តែមកដល់ឆ្នាំ២០១០ ក៏មានក្រុមហ៊ុនវៀតណាមមួយឈ្មោះថា ហ័ងអញាយ៉ាឡាយ បានមកវិនិយោគដាំដើមចេកនៅទីតាំងជិត ភូមិស្រែឈូក នេះតែម្ដង ហើយក្រុមហ៊ុននោះក៏បានកាយផ្ដាច់ផ្លូវចំនួនពីរកន្លែងឱ្យក្លាយទៅជារណ្ដៅជ្រៅៗ មិនឱ្យពួកគាត់ធ្វើដំណើរឆ្លងកាត់បានដូចមុនទេ។

លោកបន្តថាដំបូងឡើយ ក្រុមហ៊ុនបានសន្យានឹងរៀបចំធ្វើមន្ទីរពេទ្យសាលារៀន ផ្លូវឱ្យប្រជាពលរដ្ឋនៅទីនោះប្រើប្រាស់ ក៏ប៉ុន្ដែអ្វីដែលក្រុមហ៊ុនបានសន្យានោះគេមិនទាន់បានធ្វើនៅឡើយទេ ផ្ទុយទៅវិញក្រុមហ៊ុនវៀតណាមមួយនោះ បែរជាកាយផ្ដាច់បិទផ្លូវមិនឱ្យពលរដ្ឋប្រើប្រាស់អស់ពេលជាច្រើនខែមកហើយ។ លោកបន្ថែមថា បើពលរដ្ឋណាចង់ចេញចូលឆ្លងកាត់ត្រូវពាក់កាតរបស់ក្រុមហ៊ុនទើបអនុញ្ញាតឱ្យឆ្លងកាត់។ ដោយសារពុំមានជម្រើសទើបពួកគាត់សម្រេចនាំគ្នារៃលុយទិញលូចំនួន៩កង់ យកទៅដាក់ប្រឡាយពីរកន្លែងដែលគេកាយផ្ដាច់នោះ ដើម្បីចាក់ដីលុបបំពេញងាយស្រួលធ្វើដំណើរ ទៅស្រែចម្ការបង្កបង្កើនផលដូចសព្វដងវិញ។

ដោយឡែកលោក យ៉ាត ណាគ្រី មេឃុំជ័យឧត្ដម បានឱ្យដឹងថា សកម្មភាពរបស់ប្រជាពលរដ្ឋជាង ២០០គ្រួសារដែលនាំគ្នាទៅលុបរណ្ដៅដីក្រុមហ៊ុនកាយផ្ដាច់ផ្លូវនោះលោកមិនទទួលដឹងឮទេ ដោយសាររឿងនេះលោកបានបញ្ជូនសំណុំរឿងទៅដល់ដៃសាលាស្រុកលំផាត់ ជាច្រើនខែ ដើម្បីរង់ចាំធ្វើការដោះស្រាយរួចមកហើយ។

ទន្ទឹមនឹងនោះ លោក នូ ថេរ អភិបាលស្រុកលំផាត់ ក៏បានបញ្ជាក់ថា ករណីដែលក្រុមហ៊ុនចម្ការចេកវៀតណាមបានកាយផ្ដាច់ផ្លូវនោះ ព្រោះគេមិនចង់ឱ្យប្រជាពលរដ្ឋដើរឆ្លងកាត់ទីនោះតទៅទៀតដោយខ្លាចមានជំងឺឆ្លងប៉ះពាល់ផលដំណាំចេករបស់ក្រុមហ៊ុន។ ហើយរឿងនេះលោក និងអភិបាលរងខេត្ដធ្លាប់បានជួបជាមួយអគ្គនាយកក្រុមហ៊ុនជជែកដោះស្រាយដែរហើយ ដោយខាងក្រុមហ៊ុនថា និងរៀបចំធ្វើតាមប្រព័ន្ធប្លង់មេ ដោយធ្វើផ្លូវថ្មីឱ្យពលរដ្ឋប្រើប្រាស់ដាច់ដោយឡែកមួយវាងមិនឱ្យឆ្លងកាត់តាមក្រុមហ៊ុនគេនោះទេ គឺទៅតាមផ្លូវជាតិលេខ៧៦ ប៉ុន្តែប្រជាពលរដ្ឋមិនព្រមទទួលយកព្រោះវាងឆ្ងាយពិបាកទៅមកចម្ការស្រែពួកគាត់ ដោយត្រូវប្រើពេល៦ ទៅ ៧ម៉ោង ហើយបើឆ្លងកាត់ផ្លូវចាស់ប្រើពេលតែជាង១ម៉ោងតែប៉ុណ្ណោះ។ ជុំវិញករណីក្រុមហ៊ុនវៀតណាមកាយដីផ្តាយផ្លូវប្រជាពលរដ្ឋមិនឱ្យឆ្លងកាត់ជាច្រើនខែនេះ SBM News មិនអាចសុំការបំភ្លឺពីភាគីក្រុមហ៊ុនបាននៅឡើយនោះទេ។

គួរបញ្ជាក់ថា ករណីក្រុមហ៊ុនវៀតណាម ការផ្តាច់ផ្លូវនេះក៏កំពុងធ្វើឱ្យប្រជាពលរដ្ឋដែលរស់នៅភូមិថ្មី ឃុំជ័យឧត្ដម ស្រុកលំផាត់ប្រមាណជាង២០០គ្រួសារផ្សេងទៀតប្រឈមនឹងការគ្មានផ្លូវប្រើប្រាស់ធ្វើដំណើរចេញចូលដូចគ្មាដែរ ហើយប្រជាពលរដ្ឋពលរដ្ឋដែលរស់នៅស្រុកលំផាត់ បានសំណូមពរយ៉ាងទទួចដល់អាជ្ញាធរពាក់ព័ន្ធសូមមេត្តាជួយអន្ដរាគន៍ក្រុមហ៊ុនចម្ការចេកវៀតណាមនោះផង ដើម្បីបើកផ្លូវឱ្យពួកគាត់បានប្រើប្រាស់ចេញចូល ដឹកកសិផលមកកាន់ទីផ្សារលក់ដោះស្រាយជីវភាពប្រចាំថ្ងៃ៕ 


Powered by Blogger.