ណងចាន់ ច្រករបៀងសម្រាប់ពលករខ្មែរទៅធ្វើការនៅប្រទេសថៃ ព្រឹកទៅវិលវិញល្ងាច មានសន្ទុះឡើងវិញ

បន្ទាយមានជ័យ៖ ណងចាន់ ជាច្រករបៀងព្រំដែនថៃមួយ ដែលពលករខ្មែរនៅជាប់នឹងព្រដែនទៅរកការងារធ្វើឯប្រទេសថៃ ដោយទៅព្រឹកវិលល្ងាច ស្ថិតនៅភូមិអាងសីលាខ្មែរ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ហាក់មានសន្ទុះកក្រើកឡើងវិញ បន្ទាប់ពីរាជរដ្ឋាភិបាលថៃ លើកលែងការរឹតត្បិតតាមច្រកព្រំដែនជាមួយកម្ពុជា។

យោងតាមមន្ត្រីច្រកព្រំដែនខ្មែរ បានឱ្យដឹងនៅល្ងាចថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣ ថា ច្រកណងចាន់ (អាងសីលាខ្មែរ) មានប្រជាពលរដ្ឋខ្មែរត្រឡប់ពីធ្វើការនៅប្រទេសថៃ តាមបន្ទាត់ព្រំដែនទៅព្រឹកវិលល្ងាច១ថ្ងៃៗមានពលករប្រមាណជាង១០០នាក់ ធ្វើដំណើរឆ្លងចូលទៅធ្វើការនៅប្រទេសថៃ និងនៅពេលល្ងាចពួកគេបានវិលត្រឡប់ចូលមកទឹកដីកម្ពុជាវិញមុនម៉ោង៦ល្ងាច។ បើតាមការរៀបរាប់ពីប្រជាពលរដ្ឋខ្មែរដែលឆ្លងទៅធ្វើការនៅប្រទេសថៃ បានឱ្យដឹងថា ពួកគេឆ្លងចូលទៅស៊ីឈ្នួលកាប់អំពៅ ដកដំឡូងមី និងការងារមួយចំនួនផ្សេងទៀត ដែលម្ចាស់ចម្ការនៅថៃទាក់ទងមក ដោយទទួលបានកម្រៃពលកម្មក្នុង១ថ្ងៃចន្លោះពី៣០០បាតទៅ៤០០បាត ឬប្រហាក់ប្រហែល៣៥០០០រៀលទៅ៤៥០០០រៀល។

ប្រជាពលករខាងលើ បានបញ្ជាក់ថា នៅពេលដែលពួកគេឆ្លងដែនតាមច្រករបៀងទៅរកការងារធ្វើតាមបន្ទាត់ព្រំដែនក្នុងទឹកដីថៃ ពេលចេញ-ចូល ត្រូវប្រើតែអត្តសញ្ញាណបណ្ណ និងបណ្ណចាក់វ៉ាក់សាំងការពារកូវីដ-១៩ ដោយមានការយកយល់ពីកងកកម្លាំងទាំងពីរ កម្ពុជា-ថៃ ប៉ុន្តែភាគីថៃតម្រូវឱ្យខាងប្រជាពលរដ្ឋកម្ពុជាចេញមកវិញជាដាច់ខាត ដោយមិនឱ្យដេកនៅចម្ការរបស់ប្រជាជនថៃឡើយ។ ក្នុងករណីតម្រួតថៃមិនឃើញពលករខ្មែរចេញមកវិញទេ គេនឹងតាមចាប់តែម្ដង ព្រោះពេលចេញ-ចូល ខាងគេ មានការកត់ត្រាច្បាស់លាស់ណាស់ ហើយសមត្ថកិច្ចការពារព្រំដែនប្រទេសទាំងពីរ ក៏មិនបានកោសរុសរកលុយឆ្លងដែនដែរ គឺអនុញ្ញាតឱ្យចេញចូលតាមធម្មតា កុំតែប្រព្រឹត្តល្មើសច្បាប់គឺប្រជាពលរដ្ឋទាំងពីរអាចឆ្លងដែនទៅមករកការងារធ្វើនៅតាមបន្ទាត់ព្រំដែនបានដោយស្រួលបំផុត៕


Powered by Blogger.