កម្ពុជាត្រៀមខ្លួនធ្វើការជិតស្និទ្ធជាមួយចិនអភិវឌ្ឍ«ក្របខណ្ឌកិច្ច សហប្រតិបត្តិការត្បូងពេជ្រ» និងកសាងសហគមន៍រួមកម្ពុជា-ចិន
រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីកម្ពុជាបានគូសបញ្ជាក់ថា កម្ពុជាត្រៀមខ្លួនរួចជាស្រេចក្នុងការធ្វើការយ៉ាងជិតស្និទ្ធជាមួយចិន ដើម្បីអភិវឌ្ឍ «ក្របខណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ» និងធ្វើឱ្យស៊ីជម្រៅនូវការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន។
ការបញ្ជាក់របស់សម្តេចតេជោ ខណៈសម្តេចបានលិខិតមួយច្បាប់ចូលរួមអបអរលោកស៊ីជីនពីងបន្តជាប់ជាប្រធានាធិបតីសាធារណរដ្ឋប្រជាមានិតចិន ។ យោងតាមលិខិតរបស់សម្តេចតេជោ ចេញផ្សាយនៅថ្ងៃទី១០ មីនា ឆ្នាំ២០២៣បានលើកឡើងថា ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជាខ្ញុំមានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង សូមចូលរួមអបអរសាទរយ៉ាងស្មោះស្ម័គ្រចំពោះ ឯកឧត្តមដែលត្រូវបានជាប់ឆ្នោតសារជាថ្មីជាប្រធានាធិបតីនៃ សាធារណរដ្ឋប្រជាមានិតចិនសម្រាប់អាណត្តិទី៣។
ក្នុងលិខិតសម្តេចបានលើកឡើងថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ ឯកឧត្តម ប្រទេសចិនសម្រេចបាននូវសមិទ្ធផលធំធេងជាច្រើនក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនចិន ព្រមទាំងសម្រេចបាននូវការអភិវឌ្ឍជាប្រវត្តិសាស្ត្រលើគ្រប់វិស័យក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ ។
សម្តេចគូសបញ្ជាក់ថា ៖«ខ្ញុំជឿជាក់យ៉ាងមុតមាំថា ឯកឧត្តមនឹងបន្តជំរុញឱ្យប្រទេសចិនសម្រេចនូវសមិទ្ធផលដ៏វិសេសវិសាលកាន់តែច្រើនថែមទៀត និងបោះជំហានទៅមុខប្រកបដោយទំនុកចិត្តឆ្ពោះទៅសម្រេចគោលដៅ១០០ឆ្នាំទី២ ដើម្បីក្លាយជាប្រទេសសង្គមនិយមទំនើបដ៏អស្ចារ្យនៅឆ្នាំ២០៤៩ ខណៈដែលដើរតួនាទីកាន់តែសំខាន់លើឆាកអន្តរជាតិ ដើម្បីសន្តិភាព និងវិបុលភាពពិភពលោក»។
សម្តចបន្តថា កម្ពុជា និងចិនបាន និងកំពុងទទួលបានការរីកចម្រើនគួរឱ្យកត់សម្គាល់នូវកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ និងរក្សាបានការផ្លាស់ប្តូរទស្សនកិច្ចកម្រិតខ្ពស់ជាញឹកញាប់ ។ ការឯកភាពគ្នាដែលសម្រេចបានក្នុងអំឡុងកិច្ចប្រជុំរបស់យើងបានបន្ថែមនូវកម្លាំងចលករថ្មីទៀតដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរបស់យើង ។
សម្តេចតេជោ បានគូសបញ្ជាក់ថា៖« ក្នុងនាមជាមិត្តដែកថែបកម្ពុជាត្រៀមខ្លួនរួចជាស្រេចក្នុងការធ្វើការយ៉ាងជិតស្និទ្ធជាមួយចិន ដើម្បីអភិវឌ្ឍ «ក្របខណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ» និងធ្វើឱ្យស៊ីជម្រៅនូវការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ដើម្បីប្រយោជន៍រួមរបស់ប្រទេស និងប្រជាជនយើងទាំងពីរ ក៏ដូចជាដើម្បីស្ថិរភាពសន្តិភាព និងការអភិវឌ្ឍនៅក្នុងតំបន់ និងពិភពលោក»៕
Post a Comment