សម្តេចក្រឡាហោម ស ខេង ណែនាំឲ្យព្យាយាមដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការឲ្យបានច្រើន

ព្រៃវែង៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានថ្លែងណែនាំដល់អាជ្ញាធរ និងមន្ត្រីដែលពាក់ព័ន្ធទាំងអស់ ត្រូវព្យាយាមដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការឲ្យបានច្រើន តាមដែលអាចធ្វើបាន ព្រោះថាការដោះស្រាយក្រៅប្រព័ន្ធតុលាការ គឺមានសារៈប្រយោជន៍ច្រើនណាស់ សម្រាបប្រជាពលរដ្ឋ ចំណេញពេលវេលាជាដើម។

ការថ្លែងបែបនេះរបស់សម្ដេចក្រឡាហោម ស ខេង បានធ្វើឡើង ខណៈដែលសម្តេច បានអញ្ជើញជាអធបតីបញ្ចុះខណ្ឌសីមា ឆ្លងព្រះវិហា និងសមិទ្ធផលនានា ក្នុងវត្តមេលប់ ដែលស្ថិតនៅភូមិមេលប់ ឃុំរការ ស្រុកពារាំង ខេត្តព្រៃវែង នាថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ ដែលចំណាយថវិកាអស់ប្រមាណជាង ៤១៣.៥៣៦ដុល្លារអាមេរិក។

ក្នុងឱកានោះសម្តេចក្រឡាហោម ក៏បានជំរុញឲ្យរដ្ឋបាលស្រុកបង្កើតវេទិកាសាធារណៈ ដើម្បីស្តាប់អំពីតម្រូវការ បញ្ហាប្រឈម នានារបស់ប្រជាពលរដ្ឋ យកមកធ្វើការដោះស្រាយ ជូនគាត់បានទាន់ពេលវេលា។

សម្ដេចក្រឡាហោម បានអំពាវនាវឱ្យប្រជាពលរដ្ឋមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ត្រៀមអញ្ជើញទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា និងសូមចូលរួមបន្តថែរក្សាការពារសុខសន្តិភាព និងស្ថិរភាពជាតិ ដើម្បីសម្រេចបានជោគជ័យ ការរៀបចំព្រឹត្តិការណ៍ជាតិធំៗនាពេលខាងមុខ រួមទាំងបន្តការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។ សម្ដេចក៏បានណែនាំឱ្យអាជ្ញាធរមូលដ្ឋាន រួមសហការគ្នាជាមួយប្រជាពលរដ្ឋ ដើម្បីជំរុញការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព និងការដោះស្រាយបញ្ហាប្រឈម សំណូមពរនានារបស់ប្រជាពលរដ្ឋ។

នាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង បានថ្លែងអំណរគុណ និងកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋបាលស្រុកពារាំង និងរដ្ឋបាលឃុំ ព្រមទាំងអាជ្ញាធរភូមិ និងប្រជាពលរដ្ឋដែលបានខិតខំរួមគ្នាការពារសុខសន្តិភាព សុខសុវត្ថិភាព រួមគ្នាអភិវឌ្ឍន៍មូលដ្ឋានរបស់ខ្លួន ទទួលបានលទ្ធផលគួរជាទីមោទនៈ៕







Powered by Blogger.