ឯកឧត្តម ស សុខា អញ្ជើញជាអធិបតីបិទការប្រកួតរូបថតកាយរឹទ្ធិរៀមច្បងថ្នាក់ជាតិលើកទី១ “កាយរឹទ្ធិ-អរគុណសន្តិភាព”

ភ្នំពេញ ៖ ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានកាយរឹទ្ធិជាតិកម្ពុជា ជាឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានកាយរឹទ្ធិជាតិកម្ពុជា នៅព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីពិធីបិទកម្មវិធីប្រកួតផ្តាច់ព្រ័ត្រការប្រកួតរូបថតកាយរឹទ្ធិរៀមច្បងថ្នាក់ជាតិលើកទី១ ក្រោមប្រធានបទ “កាយរឹទ្ធិ-អរគុណសន្តិភាព” នៅវិទ្យាស្ថានជាតិអប់រំ។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ស សុខា បានគូសបញ្ជាក់ថា ក្រោមមគ្គុទ្ទេសដ៏ឆ្នើម និងប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាវាកម្ពុជាបានរីកចម្រើន និងកំពុងបោះជំហានទៅមុខលើមាគ៌ាដ៏ត្រឹមត្រូវ ប្រជាជនរស់នៅមានសុខសន្តិភាពពេញលេញ វឌ្ឍនភាពសង្គម សិទ្ធិសេរីភាព លទ្ធប្រជាធិតេយ្យ និងស្ថិរភាពនយោបាយ ដែលជាមូលដ្ឋានគ្រឹះក្នុងការអភិវឌ្ឍ និងរក្សាបាននូវកំណើនសេដ្ឋកិច្ច ដើម្បីបង្ហាញកិត្តិស័ព្ទព្រះរាជាណាចក្រកម្ពុជាយ៉ាងខ្ពស់ត្រដែតលើឆាកអន្តរជាតិ។ 

ឯកឧត្តម ស សុខា បន្តទៀតថា ទទឹមគ្នានេះក្រសួងអប់រំ យុវជន និងកីឡា ដែលជាសេនាធិការឱ្យរាជរដ្ឋាភិបាល បានយកចិត្តទុកដាក់លើ "គោលដៅអភិវឌ្ឍប្រកបដោយចីរភាពទី៤” ធានាការអប់រំមានគុណភាព ប្រកបដោយសមធម៌ បរិយាបន្ន និងបានលើកកម្ពស់ឱកាសសិក្សាពេញមួយជីវិត សម្រាប់ទាំងអស់គ្នា ព្រមទាំងអនុវត្តបានយ៉ាងមានប្រសិទ្ធភាពលើយុទ្ធសាស្ត្រកំណែទម្រង់វិស័យ អប់រំ យុវជន និងកីឡា ឆ្នាំ២០១៨-២០២៣ ដើម្បីចូលរួមគាំទ្រដល់យុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា និងក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ឆ្នាំ២០២១-២០៣៥ ដែលបានគាំទ្រដល់ការសម្រេចបានចក្ខុវិស័យអភិវឌ្ឍកម្ពុជាប្រែក្លាយជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងឆ្នាំ២០៥០។

ក្នុងឱកាសនោះដែរ ឯកឧត្តម ស សុខា ក៏បានលើកទឹកចិត្តដល់ប្អូនៗយុវជនទាំងអស់ ដែលជាកាយរឹទ្ធិជាតិកម្ពុជា ត្រូវយកចិត្តទុកដាក់ពង្រឹងសមត្ថភាពរបស់ខ្លួនជាប្រចាំ ឱ្យឆ្លើយតបតាមទស្សនាទានរបស់រាជរដ្ឋាភិបាល ដែលបានកំណត់ថា “យុវជនកម្ពុជាមានជំនាញមួយយ៉ាងតិចប្រចាំជីវិត” និងត្រូវមានបំណិនវិជ្ជាសម្បទា បំណិនសម្បទា ចរិយាសម្បទា និងកាយសម្បទា ដើម្បីឱ្យមានសមត្ថភាពច្បាស់លាស់ក្នុងការប្រកួតប្រជែងទីផ្សារការងារ និងបង្កើតមុខរបរសមរម្យក្នុងបរិបទបដិវត្តន៍ឧស្សាហកម្ម ៤.០ ។

ឯកឧត្តម ស សុខា បានគូសបញ្ជាក់ផងដែរថា ជាការពិតណាស់ការអភិវឌ្ឍជាតិមាតុភូមិ និងរក្សាបាននូវនិរន្តរភាពនៃការរីកចម្រើនក្នុងសង្គមជាតិ ពិតជាមិនអាចកាត់ផ្ដាច់បានពីការចូលរួមពីកម្លាំងមហាជន ពិសេសកម្លាំងយុវជនកម្ពុជា ដែលជាកម្លាំងចលករមួយដ៏មានសារៈសំខាន់ និងមិនអាចខ្វះបាន។ យុវជនគ្រប់រូបមកពីសហភាពសហព័ន្ធយុវជនកម្ពុជា កាកបាទក្រហមកម្ពុជា កាយរឹទ្ធិជាតិកម្ពុជា និងសមាគមកាយឫទ្ធិនារីកម្ពុជា គឺជាកម្លាំងបន្តវេនក្នុងបុព្វហេតុជាតិមាតុភាពដ៏មានប្រសិទ្ធភាព ដែលជាមូលដ្ឋាននៃការរក្សាសុខសន្តិភាព និងការរីកចម្រើនសង្គមជាតិ។ ដើម្បីរួមចំណែកកសាងកម្លាំងបន្តវេនដ៏មានសារៈសំខាន់នេះ ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំគោលនយោបាយ និងកម្មវិធីអភិវឌ្ឍសមត្ថភាពដល់គ្រប់ស្រទាប់យុវជនក្នុងសង្គម តាមរយៈផលិតបាននូវកម្មវិធីយុវជន គាំទ្រដល់ការអប់រំក្នុងប្រព័ន្ធរបស់ក្រសួង សំដៅធ្វើយ៉ាងណាឱ្យយុវជនទាំងអស់មានសក្ដានុពល ពេញលេញលើកាយសម្បទា (Physical Fitness) ជំនាញទន់ (Soft Skils) បំណិនជីវិត (Life Skils) ការច្នៃប្រឌិត(Creativity) បំណិនរស់នៅនិងធ្វើការជាក្រុម(Teamwork) មានឆន្ទៈពិតប្រាកដ ដើម្បីចូលរួមការពារបរិស្ថាន អភិវឌ្ឍសង្គមជាតិ និងសហគមន៍រស់នៅរបស់ខ្លួន។

ឯកឧត្តមរដ្ឋលេខាធិការ បានបន្តទៀតថា ដើម្បីទទួលបានធនធានយុវជនមានសក្តានុពលដូចបានលើកឡើងខាងលើ ក្រសួងអប់រំ បានធ្វើទំនើបកម្មវិធីអភិវឌ្ឍសមត្ថភាពយុវជន តាមរយៈវិធីសាស្ត្របែបចម្រុះ ការសិក្សាបែបអនុវត្តជាក់ស្តែង(learning by Doing) និងការសិក្សាផ្ដោតលើអនុវត្តគម្រោង(Project-based Learning) ដែលជាថ្នាលបណ្តុះបណ្តាល និងវិធីសាស្ត្រអប់រំយុវជនយ៉ាងមានប្រសិទ្ធភាព៕










Powered by Blogger.