ប៉មសសរស្ពានខ្សែកាបកោះនរា បញ្ចូលរចនាបថមកុដអប្សរាពីប្រាសាទបុរាណ យ៉ាងអស្ចារ្យណាស់

ស្ពានថ្មី បេតុងខ្សែកាបឆ្លងកាត់ទន្លេបាសាក់ តភ្ជាប់ពីទីក្រុងរណបកោះពេជ្រ ឆ្លងកាត់គម្រោងអភិវឌ្ឍន៍កោះនរា ឆ្ពោះទៅកាន់ផ្លូវជាតិលេខ១កំពុងមមាញឹកក្នុងការសាងសង់ តាមការគ្រោងទុកនឹងបញ្ចប់ការសាងសង់នាពេលខាងមុខ។ ដោយឡែក មកមើលពីគ្រឿងលំអស្ថាបត្យកម្ម ប៉មនៃសសរស្ពានបេតុងកាបកោះនរា បានរួមបញ្ចូលរចនាប័ទ្មខ្មែរសុទ្ធគឺពិតជាស្រស់ស្អាតជាស្នាដៃកូនខ្មែរពិតៗអស្ចារ្យណាស់។

យោងតាមគណនីហ្វេសប៊ុកមួយឈ្មោះ Chourn Pisal តាមដឹងគឺស្ថាបត្យករគម្រោងប៉បសសរស្ពានបេតុងកាបកោះនរានេះផ្ទាល់ ដោយបានបញ្ចាក់ថា «ស្ថាបត្យកម្មបុរាណសម័យទំនើប ប៉មសសរស្ពានបេតុងកាបកោះនរា គឺជាស្ថាបត្យកម្ម ដែលបញ្ចូលគ្នារវាងសិល្បៈ និងវិទ្យាសាស្ត្រពិត ។ ដែលដកស្រង់គំនិតក្នុងការរចនារបស់ មកុដ នៃរូបសំណាក់ទេវតា ឬអប្សរា ក្នុងរចនាបថបាយ័ន។

សំណង់ស្ពានបេតុងកាបកោះនរានេះ បានបង្ហាញនូវអត្តសញ្ញាណជាតិខ្មែរតាមរយៈ សំណង់ស្ថាបត្យកម្មសម័យទំនើប ដែលកូនខ្មែរបង្កើតខ្លួនឯងច្នៃរួមបញ្ចូលសិល្បៈវប្បធម៌ ជាមរតកដូនតានាសម័យអង្គរបានបន្សល់ទុក ។ តួយ៉ាង ប៉បសសរស្ពានបេតុងកាបកោះនរា បានបញ្ចូលរូបចម្លាក់បុរាណខ្មែរធ្វើមកពីសំរិទ្ធ ក្នុងរចនាប័ទ្មបាយ័ន ជាអប្សរារូបសំណាកទេវតា ។ អប្សរា គឺជាវិញ្ញាណស្ត្រីនៃពពកនិងទឹកនៅក្នុងទេវកថា ហិណ្ឌូនិងពុទ្ធសាសនាដែលជា ស្រីទេពអប្សរ ឬ ស្រីក្រមុំថានសួគ៌ា មានភាពវ័យក្មេងនិងឆើតឆាយហើយពូកែខាងសិល្បៈ ច្រើនតែជាភរិយារបស់គន្ធនដែលជាអ្នកលេងភ្លេងរបស់ព្រះឥន្ទ។

ក្បាច់នៅលើសរសរស្ថាន រចនាឡើងដោយ បានស្រង់ចេញពីក្បាចផ្កាចន្ទន៍នៃសុរងអប្សរា ។ ក្បាច់ផ្កាចន្ទន៍ មានប្រវត្តិទាក់ទងនឹង រឿងព្រេងបុរាណដ៏ល្បីល្បាញរបស់ខ្មែរយើងផងដែរគឺរឿង (ព្រះថោងនាងនាគ) ។ ផ្កាចន្ទន៍ជានិមិត្តរូបឲ្យនារីខ្មែរក្នុង រឿងព្រេង(ព្រះថោងនាងនាគ) ដែលជាម្ចាស់ទីកដីនៃដែនសុវណ្ណភូមិខ្មែរ ។

គំនិតនៅក្នុងការរចនា ប៉មសសរស្ពានបេតុងខ្សែកាបកោះនរា បានដកស្រង់មកពីមកុដនៃរូបចម្លាក់ទេវតាឬជាអប្សរាទៅក្នុងរចនាបថបាយ័ន ។ មូលហេតុ ដែលបានយកមកុដនៃចម្លាក់ទេវតាឬជាអប្សរា នៅក្នុងរចនាបថបាយ័ន យកមកធើ្វជាគំនិតនៅក្នុងការរចនា ប៉មសសរបេតុងខ្សែកាបកោះនរាព្រោះ៖ មកុដ នេះគឺជាការកែច្នៃប្រឌិតដ៏ប្រណិតមួយរបស់ខ្មែរនៅសម័យកាលនោះ ហើយក៏ជាគ្រឿងប្រដាប់ដ៏មានតម្លៃដែលធ្វើអំពីមាសសុទ្ធ មានកំពូលលេចដោយក្បាច់រចនាដ៏ល្អវិចិត្រដាំត្បូង ហើយក៏មានរាងបន្ស៊ីគ្មានជាមួយមុខកាត់សសរស្ថានផងដែរ ។

សូមជម្រាបថា គម្រោងសាងសង់ស្ពានខ្សែកាបតភ្ជាប់ពីទីក្រុងរណបកោះពេជ្រ ទៅកាន់គម្រោងអភិវឌ្ឍន៍កោះនរានេះ មានប្រវែងសរុប ៨២៤ម ទទឹង ២៤.៥ម បណ្តោយស្ពានបេតុងអារមេ ប្រវែង ៤៨៣ម ផ្លូវតភ្ជាប់ក្បាលស្ពានត្រើយខាងកោះពេជ្រ ប្រវែង ២៤៩ម ផ្លូវតភ្ជាប់ក្បាលស្ពានកោះនរា ប្រវែង៩២ម៉ែត្រ ជាស្ពានចរាចរទ្វេរទិស មានគន្លងសម្រាប់រថយន្តចំនួន ២ទៅ និងគន្លងចំនួន ២មក ដែល១គន្លងមានទទឹង៣,២៥ម៉ែត្រ និងមានគន្លងសម្រាប់ទោចក្រយានយន្តចំនួន ១ទៅ និងគន្លងចំនួន ១មក ដែលមានទទឹង ១,២៥ម៉ែត្រសងខាង គម្រោងចំណាយសាងសង់ ៣៨.០០០.០០០ដុល្លាអាមេរិក រយៈពេលសាងសង់ ៣៥ខែ សាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអណិកជនកម្ពុជា OCIC ៕





Powered by Blogger.