ករណីរឹតកប្លន់យករថយន្ដនៅខណ្ឌពោធិ៍សែនជ័យ, កម្លាំងនគរបាលរួមគ្នាបើកការស្រាវជ្រាវចាប់ខ្លួនជនសង្ស័យចំនួន៣នាក់

ភ្នំពេញ៖ ករណីរឹតកប្លន់យករថយន្ដព្រូសពីអ្នកបើកតាក់ស៊ីនៅខណ្ឌពោធិ៍សែនជ័យ កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣កន្លងទៅ ត្រូវកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ សហការជាមួយស្នងការដ្ឋាននគរបាលរាជធានី-ខេត្តចំនួន៣ បើកការស្រាវជ្រាវបង្ក្រាបបានជាបន្ដបន្ទាប់ រហូតមកដល់ថ្ងៃនេះ។

គួររម្លឹកថា កាលពីនៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង ២២៖៣០នាទី នៅចំណុចភូមិទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានជនសង្ស័យចំនួន៣នាក់ បានហៅរថយន្តតាក់ស៊ី តាមរយៈ (app ) របស់ជនរងគ្រោះឈ្មោះ លាប កំសាន្ត ឲ្យដឹកពួកគេទៅក្លឹប X ZOOM នៅម្ដុំផ្សារចោមចៅ។

ពេលធ្វើដំណើរដល់ចំណុចកើតហេតុ ជនសង្ស័យទាំង៣នាក់ បានយកខ្សែហ្វាំងកង់រឹតកជនរងគ្រោះ ប៉ុន្តែជនរងគ្រោះ បានចាប់ទាន់ក៏បានរេចង្កូតរថយន្តទៅបុកគូទរថយន្តកូរ៉េពីក្រោយ បណ្តាលឲ្យខូចខាតរថយន្តផ្នែកខាងមុខ។ ក្រោយធ្វើសកម្មភាពរួចជនសង្ស័យទាំង៣នាក់ រត់គេចខ្លួនបាត់តែម្ដង។

លុះមកដល់ថ្ងៃទី១ ខែមីនា ឆ្នាំ២០២៣ កម្លាំងនាយកដ្ឋានព្រហ្មទណ្ឌ និងនគរបាលរាជធានីភ្នំពេញ បានដឹកនាំសហការជាមួយស្នងការរដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ និងស្នងការរដ្ឋាននគរបាលខេត្តត្បូងឃ្មុំ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ រួមមាន៖

*ទី១៖ ឈ្មោះ ឆន ចំរើន ហៅរាជ ភេទប្រុស អាយុ២២ឆ្នាំ នៅចំណុចភូមិផ្សារកណ្ដាល សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
*ទី២៖ ឈ្មោះ សុខ បញ្ញា នៅចំណុចភូមិពោធិ៍ស្រុក ឃុំកោងកាង ស្រុកពញ្ញាក្រែង ខេត្តត្បូងឃ្មុំ។

បច្ចុប្បន្នកម្លាំងសមត្ថកិច្ចកំពុងបន្តស្វែងរកបក្ខពួកម្នាក់ទៀតឈ្មោះ អន ជីអឺ ហៅអេ ភេទប្រុស អាយុ១៨ឆ្នាំ ដើម្បីនាំមកកាន់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ចាត់ការបន្តតាមនីតិវិធី៕






ខ្សែរឹត ក ជនរងគ្រោះ

Powered by Blogger.