ប្រវត្តិនិងរឿងរ៉ាវខ្លះៗនៃ «របាំត្រុដិ» សម្រាប់ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ
របាំត្រុដិ គឺជារបាំប្រជាប្រិយខ្មែរ មួយប្រភេទដែលគេតែងតែប្រគុំនូវរដូវចូលឆ្នាំថ្មី របាំនេះ គឺគេសម្ដែងឡើងដើម្បីប្រសិទ្ធនូវសព្ទសាធុការពរជូនដល់ពលរដ្ឋក្មេងចាស់ ប្រុស ស្រី នៅពេលចូលឆ្នាំថ្មី និងបណ្ដេញឧបទ្រពចង្រៃដែលកើតមានឡើងកាលពីឆ្នាំចាស់មកនេះ ឲ្យវិនាសចេញ និងនាំមង្គលល្អជំនួសមកវិញ។
របាំត្រុដិនេះ ជារបាំប្រជាប្រិយមួយបែបដែលសព្វថ្ងៃនេះគេឃើញមាននៅតែក្នុងខេត្តសៀមរាប ហើយជួនកាលគេឃើញនៅខេត្តបាត់ដំបងខ្លះដែរត្រង់ភូមិភាគណាដែលនៅជាប់នឹងខេត្តសៀមរាបនោះឯង ។ មិនតែប៉ុណ្ណោះមានព័ត៌មានខ្លះបានបញ្ជាក់ថា របាំត្រុដិសេសសល់នៅជាមួយមនុស្សជាន់ដើម ពួកដែលរស់នៅលើទឹកដីសុវណ្ណភូមិចាស់តាំងពីដែនដីនេះពុំទាន់ទទួលអារ្យធម៌ពីប្រទេសឥណ្ឌានៅឡើយ គឺត្រកូលមនុស្សមួយពួកនៅក្នុងប្រទេសយើងដែលអ្នកស្រុកហៅថា «សំរែ» ដែលសព្វថ្ងៃច្រើនរស់នៅក្នុងភូមិភាគខាងជើងបឹងទន្លេសាបនេះឯង ។កាលពីជំនាន់បុរាណវង់ត្រុដិរបស់ជនជាតិសំរែនេះ បាននាំគ្នាទៅលេងថ្វាយព្រះរាជានៅរៀងរាល់ពេលបុណ្យចូលឆ្នាំដើម្បីថ្វាយព្រះពរសួស្តី សិរីមង្គល ។ ហេតុនេះហើយបានជាមានទម្លាប់លេងតែនៅពេលចូលឆ្នាំរហូតដល់ឥឡូវ ហើយមានតែនៅក្នុងខេត្តសៀមរាបដែលជិតរាជធានីចាស់ប៉ុណ្ណោះ ។
ចំពោះប្រដាប់ប្រដាដែលត្រូវលេងនៅក្នុងពិធីនេះ តាមធម្មតាវង់របាំត្រុដិ មានក្រុមតូចក្រុមធំយោលទៅតាមការនិយមរបស់អ្នកស្រុក និងនិយមតាមចំនួនមនុស្សដែលស្ម័គ្រចិត្តចូលលេង។ ចំណែកប្រដាប់ប្រដាទាំងនោះទៀតសោត ក៏និយមទៅតាមនោះដែរ។
ប្រដាប់ប្រដាដែលត្រូវយកមកលេងក្នុងពិធីនេះមានដូចជា កញ្ឆា ចង្ក្រង់ដំបែ ចង្ក្រង់រ៉ូង ស្គរ ប៉ីពក ទ្រអ៊ូ ទ្រសោ សន្ទូចជាដើម។ ចំពោះគ្រឿងតុបតែងវិញមានដូចជា មុខត្លុក មកុដ ស្នែងប្រើស ស្នែងទន្សោង កន្ទុយក្ងោក និងក្រចក។ ចំណែកតួសម្តែង គឺមានក្រុមអ្នកពាក់មុខ ឬ ពាក់ស្នែង ក្រុមតួរាំ និងក្រុមតួបន្ទាប់បន្សំដទៃទៀត។ នៅក្នុងរបាំត្រុដិនេះក៏មានចំរៀងជាច្រើនបទ សំរាប់ច្រៀងនៅក្នុងពេលរាំផងដែរ ដែលមាននៅតាមដំណាក់កាល ដូចជាច្រៀងនៅពេលទៅដល់ ច្រៀងនៅពេលសុំទាន ច្រៀងជញ្ចាត់ប្រាក់ ដែលគេបាចទាននិងច្រៀងឲ្យពរដល់អ្នកដាក់ទាន ។ ជាធម្មតា ក្នុងពេលរាំនៅមុខផ្ទះអ្នកណាម្នាក់តួទាំង៦នាក់ ត្រូវសម្តែងនូវក្បាច់របាំត្រុដិ និង បង្ហាញពីគោល បំំណងជួយដេញស្ទាក់ប្រើស ឱ្យចូលក្នុងគន្លងព្រានដើម្បីជួយព្រានឱ្យដេញបាញ់ប្រើសឱ្យបាន ។
ក្រៅពីនោះ ក៏នៅមានតួអ្នកកាន់កញ្ឆែចាប់ពី២ទៅ៦នាក់ ជាអ្នកគោះបុក ជាចង្វាក់លម្អវង់របាំ និងតំណាងឱ្យព្រៃព្រឹក្សា អារុក្ខ អារក្ស ទេវតា អ្នកតាដែលជួយជ្រោមជ្រែងជួយព័ទ្ធខ្ទប់ស្ទាក់ប្រើសឱ្យព្រានព្រៃបាញ់ដូចគ្នា ។ ទន្ទឹមនោះ របាំត្រុដិក៏មានក្រុមតន្ត្រីករ អ្នកកាន់ស្គរ ទ្រសោ ទ្រអ៊ូ ប៉ី និងអ្នកច្រៀងមួយចំនួនទៀត ។ ចំណែកអាចារ្យដែលស្លៀកសពាក់សបាំងឆត្រម្នាក់ ក៏មានភារកិច្ចដើរតាមវង់របាំ និងត្រួតពិនិត្យមើលបច្ច័យដែលរៃអង្គាសបានដើម្បីឱ្យប្រាកដថា ប្រាក់ដែលទទួលបានទាំងអស់នោះមិនត្រូវយកទៅចាយផ្តេសផ្តាសទេ គឺយកទៅសម្រាប់ជាកុសលក្នុងវត្តអារាមប៉ុណ្ណោះ។
ពេលដែលសម្តែងចប់ម្តងៗ ក្រុមរបាំត្រូវច្រៀងជម្រាបលាម្ចាស់ផ្ទះ ហើយម្ចាស់ផ្ទះក៏បានយកទឹកមកប្រោះព្រំជូនពរដល់ក្រុមរបាំទាំងអស់នោះវិញដែរ ។ ប៉ុន្តែបើយើងមិនធ្វើតាមរបៀបនេះទេគឺជាប្រការខុសឆ្គងមួយដែរ ដែលគេមានជំនឿថាក្នុងឆ្នាំខាងមុខអ្នកនោះនឹងមិនទទួលបានសិរីសួស្តីឡើយ ។ ខាងលើនេះ ជាពិធីនៃរបាំត្រុដិដែលជារបាំប្រពៃណីខ្មែរយើង ។ វត្តមានរបស់តួអង្គនៃរបាំត្រុដិ មានការបែងចែកនូវសភាវៈល្អ និងសភាវៈអាក្រក់ និងបង្ហាញនូវលក្ខណៈពិសេសនៃរបាំត្រុដិ ។
របាំនេះផងដែរ គឺមានអត្ថន័យផ្តល់នូវផលប្រយោជន៍ សុភមង្គលដល់មនុស្សគ្រប់រូប និងបណ្តេញឧបទ្រពចង្រៃចេញពីផ្ទះ ពីភូមិស្រុករបស់បងប្អូនប្រជាពលរដ្ឋយើងផងដែរ ។ ម្យ៉ាងទៀត លក្ខណៈពិសិដ្ឋបំផុតរបស់របាំត្រុដិគឺជំនឿលើបុព្វការីជន ក្រោមរូបភាពសត្វប្រើស ឬក្ងោកដែលឆ្លុះបញ្ចាំងនូវការឯកភាពផ្នែកជំនឿសាសនា ៕
Post a Comment