ក្រសួងព័ត៌មានរៀបចំវគ្គបណ្ដុះ បណ្ដាលនិងទស្សនកិច្ចសិក្សាដល់អ្នកសារព័ត៌មានក្នុងស្រុកមកពីខេត្តជាប់ព្រំដែនវៀតណាមមកកាន់ខេត្តកំពត
ឯកឧត្តម ផុស សុវណ្ណ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកអគ្គនាយកព័ត៌មាននិងសោត ទស្សន៍ នៃក្រសួងព័ត៌មាននៅថ្ងៃទី៣០ខែមីនា ឆ្នំា២០២៣នេះ បានរៀបចំវគ្គបណ្ដុះបណ្ដាលនិងទស្សនកិច្ចសិក្សាដល់សារព័ត៌មានក្នុងស្រុកមកពីខេត្តជាប់ព្រំដែនវៀតណាមក្នុងខេត្តកំពត ដើម្បីពង្រឹងសមត្ថភាពប្រកបដោយតម្លាភាពឬតាមបែបទំនាក់ទំនងគ្នា រវាងអ្នកសារព័ត៌មាននិងមន្ត្រីអាជ្ញាធរមានសមត្ថកិច្ចនៅតាមបណ្តាខេត្តជាប់គ្នា នឹងខេត្តកំពត។
ក្នុងពិធីនេះ ក៏មានការអញ្ជើញចូលរួមពីលោក ខៀវ រិទ្ធីភ័ណ្ឌ អភិបាលរងខេត្តកំពត រួមជាមួយមន្រ្តីក្រោមឱវាទ អ្នកសារព័ត៌មានមកពីរាជធានីភ្នំពេញ និងអ្នកសារព័ត៌មានមកពីបណ្តាខេត្តជាប់នឹងព្រំដែនប្រទេសវៀតណាម សរុបប្រមាណ៥០នាក់។
នាឱកាសនោះ ឯកឧត្តម ផុស សុវណ្ណ បានថ្លែងថា កន្លងមកក្រុមការងារអនុវត្តគម្រោងរបស់មូលនិធិពិសេស នៃកិច្ចសហប្រតិ បត្តិការ មេគង្គ ឡានឆាង បានរៀបចំកម្មវិធីនេះតែនៅរាជធានីភ្នំពេញ ប៉ុន្តែនាពេលនេះគឺរៀបចំនៅក្នុងខេត្តកំពត ដែលជាខេត្តដ៏ស្រស់ស្អាត ទាំងទេសចរណ៍វប្បធម៌និងធម្មជាតិដ៏សំបូរបែប ក្នុងគោល បំណង ឱ្យអ្នកសារព័ត៌មានទាំង អស់រួមគ្នាប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ និងផ្សព្វផ្សាយអ្វីដែលជាសក្តានុពលរបស់ខេត្តបានកាន់តែប្រសើរបន្ថែមទៀត។
ឯកឧត្តមបន្តថា អ្នកសារព័ត៌មានបានដើរតួនាទីសំខាន់ណាស់ក្នុងការផ្សាយព័ត៌មាន ប៉ុន្តែនៅក្នុងនោះអ្នកសារព័ត៌មានមួយចំនួនតូច បានសរសេរមាតិការព័ត៌មាន ដែលខុសពីខ្លឹមសារអត្ថបទ ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន ដោយមិនបានគិតពីផលប៉ះពាល់ក្នុងសង្គម។ ក្នុងន័យនេះ ឯកឧត្តមក៏បានស្នើឱ្យអ្នកសារអ្នកព័ត៌មានទាំងអស់ រួមគ្នាផ្សព្វផ្សាយអ្វីដែលពិត កុំឱ្យប្រជាពលរដ្ឋមានការយល់ច្រលំ ខណៈដែលបច្ចុប្បន្ននេះអក្ខរកម្មក្នុងសម័យឌីជីថលកាន់តែទំនើប ការផ្សព្វផ្សាយលឿនដែលគ្មានប្រភពច្បាស់លាស់ ដែលបង្កឱ្យមានបញ្ហាប្រឈមក្នុងសង្គម។ ដូចនេះក្នុង នាមអ្នកសារព័ត៌មានដែលមានវិជ្ជាជីវៈត្រឹមត្រូវ មុននឹងផ្សាយអ្វីមួយត្រូវតែរកប្រភពព័ត៌មានឱ្យបានច្បាស់លាស់សិន មុននឹងធ្វើការផ្សព្វផ្សាយ។
លោក ខៀវ រិទ្ធីភ័ណ្ឌ អភិបាលរង ខេត្តកំពត បានថ្លែងថា វគ្គបណ្តុះ បណ្តាលនាពេលនេះ គឺមានសារៈសំខាន់ណាស់សម្រាប់អ្នកសារព័ត៌មាន ទទួលបាននូវបទពិសោធន៍ការងារ ដើម្បីធ្វើយ៉ាងណាឱ្យវិស័យសារព័ត៌មានកាន់តែរីកចម្រើនបន្ថែមទៀត។
គួរជម្រាបថា បន្ទាប់ពីបញ្ចប់វគ្គបណ្តុះបណ្តាលរួម អ្នកសារព័ត៌មានទាំងអស់ បានធ្វើដំណើរទៅទស្សនកិច្ចតំបន់ចំនួន៣ក្នុងខេត្តកំពត ដែលជាតំបន់មានសក្តានុពលរបស់ខេត្ត រួមមាន សហគមន៍ផលិតអំបិល រោងចក្រផលិតបាវនិងរមណីយដ្ឋានដូងទេ៕
Post a Comment