អគ្គនាយកដ្ឋានអន្ដោប្រវេសន៍ ជោគជ័យលើការគ្រប់គ្រងជនបរទេសដែលបានចេញ-ចូលស្នាក់នៅកម្ពុជាក្នុងឆ្នាំ២០២២ និងបន្ដពង្រឹងការងារនេះឲ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត

ភ្នំពេញ៖ អគ្គនាយកដ្ឋានអន្ដោប្រវេសន៍ នៅព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣នេះ បានរៀបចំសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅអនុវត្តឆ្នាំ២០២៣ និងផ្សព្វផ្សាយលទ្ធផលសន្និបាតការងារឆ្នាំ២០២២ និងទិសដៅរបស់ក្រសួងមហាផ្ទៃ ក្រោមអធិបតីភាព លោកសន្ដិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ទទួលបន្ទុកការងារអន្ដោប្រវេសន៍។

ក្នុងនោះ ក៏មានការចូលរួមពីអនុរដ្ឋលេខាធិការទទួលបន្ទុកការងារអន្ដោប្រវេសន៍ និងអត្តសញ្ញាណកម្ម និងនាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយក នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ ព្រមទាំងថ្នាក់ដឹកនាំ អគ្គនាយកដ្ឋានអន្ដោប្រវេសន៍ និងមន្ដ្រីនគរបាលអន្ដោប្រវេសន៍ផងដែរ។

របាយការណ៍ដែលបានបង្ហាញក្នុងសន្និបាតនេះ បានឲ្យដឹងថា ក្នុងឆ្នាំ២០២២ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានបំពេញបែបបទសម្របសម្រួលអ្នកដំណើរជាជនបរទេសចូលមកកម្ពុជា ជាលក្ខណៈអន្តរជាតិសរុបចំនួន២,១២៥,៥២១នាក់ ស្មើនឹង២១៣សញ្ជាតិ ក្នុងនោះទេសចរណ៍ ១,៥៩៩,៧៩២នាក់ ពាណិជ្ជករ ៣៨១,២៣៦នាក់ ការទូត៦,៨៨៤នាក់ ផ្លូវការ៨,៩៧១នាក់ បោរីភាព៧,៩៤០នាក់ នាវិក៤៦,៦៥៣នាក់ អនិកជន៧២,៣៦១នាក់ និងអ្នកដំណើរឆ្លងកាត់ចំនួន១,៦៨៤នាក់ ទាំងតាមផ្លូវអាកាស ផ្លូវគោក និងផ្លូវទឹក។

ចំណែកជនបរទេសដែលចេញពីកម្ពុជា ជាលក្ខណៈអន្តរជាតិវិញ មានចំនួន១,៩០០,១៦៥នាក់ ស្មើនឹង២១៧សញ្ជាតិ។ ជនបរទេសបានចូលមកកម្ពុជាជាលក្ខណៈតំបន់ព្រំដែន សរុបចំនួន ៦២៧,៩៩២នាក់ ខណៈការចេញជាលក្ខណៈតំបន់ព្រំដែននេះមានចំនួន ៦២០,៤​៣៧នាក់។

អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក៏បានបំពេញបែបបទ និងសម្រួលការធ្វើដំណើរចេញជាលក្ខណៈអន្តរជាតិ ជូនពលរដ្ឋខ្មែរក្នុងឆ្នាំ២០២២ បានចំនួន៨៩៥,៤៣៦នាក់ ទាំងតាមផ្លូវអាកាស ផ្លូវគោក និងផ្លូវទឹក ខណៈពលរដ្ឋខ្មែរ បានចូលមកប្រទែសវិញជាលក្ខណៈអន្តរជាតិមានចំនួន ៨១៩,២០៥នាក់។

ក្នុងដំណើរការការងារគ្រប់គ្រងការចេញ-ចូលប្រទេសនេះដែរ មន្រ្តីនគរបាលប្រចាំការនៅច្រកទ្វារអន្តរជាតិ និងច្រកទ្វារព្រំដែនអន្តរជាតិ បានត្រួតពិនិត្យរកឃើញបទល្មើស ចំនួន៧៩២លើក ប្រព្រឹត្តិដោយអ្នកដំណើរ១,១៣៤នាក់ ដោយបានចាត់វិធានការផ្អាកដំណើរ និងបញ្ជូនត្រឡប់ថយក្រោយវិញ។ អ្នកទាំងនោះជាជនចិន វៀតណាម ឥណ្ឌូនេស៊ី កូរ៉េខាងត្បូង អូស្រ្តាលី បង់ក្លាដែសឥណ្ឌា ថៃ អាមេរិក អង់គ្លេស តៃវ៉ាន់ សឹង្ហបូរី ស្រីលង្កា ដាណឺម៉ាក បារាំង បែលហ្សិក រុស្សី និងសេនឃិត។

នាយឧត្តមសេនីយ៍ កែវ វណ្ណថន អគ្គនាយករង និងជាអ្នកនាំពាក្យ នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ បានប្រាប់អ្នកសារព័ត៌មានថា ក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ អគ្គនាយកដ្ឋានទទួលជោគជ័យលើការគ្រប់គ្រងវត្តមានជនបរទេសដែលស្នាក់នៅ ការចេញ-ចូល គឺគ្រប់គ្រងដោយយកចិត្តទុកដាក់ម្មត់ចត់ និងទទួលបានលទ្ធផលជាវិជ្ជមាន ពិសេសការចេញ-ចូលតាមច្រកទ្វារព្រំដែនអន្ដរជាតិ ក៏ដូចជាការគ្រប់គ្រងស្នាក់នៅរបស់ជនបរទេស ដែលនៅផ្ទៃក្នុងប្រទេសដោយប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា។

នាយឧត្តមសេនីយ៍ កែវ វណ្ណថន បានឲ្យដឹងទៀតថា ក្នុងឆ្នាំកន្លងទៅនេះ អគ្គនាយកដ្ឋានបានបណ្ដេញជនបរទេសដែលស្នាក់នៅដោយខុសច្បាប់ និងរត់គេចខ្លួនពីសំណាញ់ច្បាប់ពីបរទេសមកលាក់ខ្លួននៅកម្ពុជា សរុបចំនួន៥៨២៥នាក់ ក្នុងនោះមាន៤២សញ្ជាតិ។ សញ្ជាតិដែលបណ្ដេញចេញច្រើនជាងគេ គឺចិន ថៃ វៀតណាម ឥណ្ឌូនេស៉ី និងម៉ាឡេស៉ី។

សម្រាប់ទិសដៅអនុវត្តបន្ដវិញ ត្រូវបាននាយឧត្តមសេនីយ៍ អគ្គនាយករង អះអាងថា នឹងបន្ដខិតខំប្រឹងប្រែងធ្វើយ៉ាងណាដើម្បីឲ្យការគ្រប់គ្រងតាមច្រកទ្វារ ក៏ដូចជាការគ្រប់គ្រងនៅក្នុងប្រទេសទាំងជនបរទេសដែលមកស្នាក់នៅ ទាំងមកប្រកបមុខរបរឲ្យបានម្មត់ចត់ និងបន្ដស្រាវជ្រាវរកឲ្យឃើញនូវជនបរទេសដែលគេចខ្លួនពីសំណាញ់ច្បាប់នៅក្រៅប្រទេស ហើយចូលមកកម្ពុជា ដោយត្រូវស្រាវជ្រាវរកឲ្យឃើញ និងបណ្ដេញចេញពីកម្ពុជា ហើយអនុវត្តច្បាប់ស្ដីពីអន្ដោប្រវេសន៍ និងច្បាប់ស្ដីពីការងារដែលមានជាធរមាន។

បន្ថែមពីនេះ ដើម្បីរួមចំណែកពង្រឹងសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាព ពេលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំកីឡាស៉ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម នាពេលខាងមុខនេះ នាយឧត្តមសេនីយ៍ កែវ វណ្ណថន បានបញ្ជាក់ថា អគ្គនាយកដ្ឋានបានកំណត់ឲ្យមន្ដ្រីគ្រប់ច្រកទ្វារពង្រឹងការត្រួតពិនិត្យ ការចេញចូលរបស់ភ្ញៀវឲ្យបានម្មត់ចត់ ទាំងអ្នកដំណើរទូទៅ កីឡាករ និងអ្នកដែលមកចូលរួមគាំទ្រ។

ជាមួយគ្នានេះ នាយឧត្តមសេនីយ៍ កែវ វណ្ណថន បានអំពាវនាវដល់ជនបរទេស ដែលមកទស្សនកិច្ចនៅកម្ពុជា ក៏ដូចជាទេសចរណ៍ បម្រើការងារ ធ្វើការវិនិយោគ ត្រូវគោរពឲ្យបានម៉ឺងម៉ាត់តាមច្បាប់របស់កម្ពុជា ជាពិសេសច្បាប់ស្ដីពីអន្ដោប្រវេសន៍ និងច្បាប់ស្ដីពីការងារ៕







Powered by Blogger.