តៃវ៉ាន់តាំងបង្ហាញយន្តហោះដ្រូនយោធា មានសមត្ថភាព អាចទប់ទល់ សង្រ្គាមជាមួយគូសត្រូវ ដែលមានកម្លាំងខ្លាំងលើសលប់ជាងខ្លួន
តៃប៉ិ៖ នៅថ្ងៃអង្គារនេះ តៃវ៉ាន់បានតាំងបង្ហាញគំរូម៉ូដែលថ្មីៗ នៃយន្តហោះដ្រូនយោធារបស់ខ្លួន ដែលផលិតឡើងនៅក្នុងស្រុកផ្ទាល់ ហើយទីក្រុងតៃប៉ិបាននិយាយថា ពួកវាគឺជាគន្លឹះនៅក្នុងសង្រ្គាមជាមួយគូបដិបក្ខ ដែលមានកម្លាំងខ្លាំងលើស លប់ជាងខ្លួន ដូចជាយោធារបស់ចិនជាដើម។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១៤ ខែមីនា ឆ្នាំ២០២៣។
សង្រ្គាមរបស់រុស្ស៉ីនៅអ៊ុយក្រែន បានជំរុញឱ្យយោធាតៃវ៉ាន់ផ្តោតកិច្ចប្រឹងប្រែង ដើម្បីពង្រឹងសមត្ថភាពវិស័យការពារជាតិរបស់ខ្លួន រួមមានទាំងការអភិវឌ្ឍយន្តហោះដ្រូនផងដែរ។ នៅក្នុងព្រឹត្តិការណ៍តាំងបង្ហាញកម្រមួយ នៃសមត្ថភាពយន្តហោះដ្រូនរបស់ខ្លួន វិទ្យាស្ថានជាតិវិទ្យាសាស្រ្តនិងបច្ចេកវិទ្យា ជុងសាន (Chung-Shan) ហៅកាត់ NCSIST ដែលគ្រប់គ្រងដោយយោធាតៃវ៉ាន់ បានបញ្ចេញដ្រូនម៉ូដែលថ្មីៗចុងក្រោយបង្អស់ ក្នុងនោះមានទាំងដ្រូនឈ្លបការណ៍ អាល់បាត្រូស ធូ (Albatross II) ហើយនិងពួកដូនប្រយុទ្ធ ដែលធ្វើប្រតិបត្តិការដោយប្រើប្រព័ន្ធផ្កាយរណប GPS។
លោក អាត ចាង (Art Chang) ប្រធាន NCSIST បាននិយាយថា សង្រ្គាមរវាងរុស្ស៉ីនិងអ៊ុយក្រែនបាននាំឱ្យមានការផ្តោតសំខាន់ទៅលើដ្រូន ហើយវិទ្យាស្ថានលោក បានចាប់ដៃគូសហការជាមួយបណ្តាក្រុមហ៊ុនតៃវ៉ាន់បង្កើតក្រុមការងារថ្នាក់ជាតិមួយ ដើម្បីអភិវឌ្ឍយន្តហោះដ្រូនយោធា ដែលមានសមត្ថភាពខ្ពស់។ កន្លងមក យោធាតៃវ៉ាន់ធ្លាប់បានប្រកាស អំពីភាពជាដៃគូមួយជាមួយក្រុមហ៊ុនផ្សេងៗ ដែលមានគោលដៅផលិតដ្រូនឱ្យបាន៣,០០០គ្រឿង នៅឆ្នាំក្រោយ។
គួរបញ្ជាក់ថា ទោះបីយោធាតៃវ៉ាន់មានការបំពាក់សព្វាវុធ និងទទួលការហ្វឹកហាត់យ៉ាងល្អប្រសើរក៏ដោយ បើប្រៀបធៀបជាមួយចិនគឺភាគីទាំងពីរមានកម្លាំងខុសគ្នាដាច់។ ក្នុងរបាយការណ៍ផ្ញើទៅកាន់សភាតៃវ៉ាន់ក្នុងសប្តាហ៍នេះ ក្រសួងការពារជាតិតៃវ៉ាន់បានអះអាងថា ចិនកំពុងកសាងសមត្ថភាពប្រយុទ្ធរបស់ខ្លួនយ៉ាងរហ័ស ជាមួយយន្តហោះដ្រូន។ ដូច្នេះហើយជាការឆ្លើយតប តៃវ៉ាន់នឹងផ្តោតទៅលើការអភិវឌ្ឍយន្តហោះដ្រូនស៉ើបការណ៍និងប្រយុទ្ធរបស់ខ្លួន រួមជាមួយប្រព័ន្ធសម្រាប់ប្រឆាំងយន្តហោះដ្រូន៕
Post a Comment