ឯកឧត្តម ស សុខា ៖ បង្កគ្រោះថ្នាក់ហើយគេចខ្លួន បែរជាមានអ្នកចេញមុខតំណាងដោះស្រាយ ទម្លាប់បែបនេះពេលណាចប់?
ភ្នំពេញ ៖ តាមរយៈវីដេអូគ្រោះថ្នាក់ចរាចរណ៍មួយ ដែលភាគីម្ខាងបានគេចចេញពីកន្លែងហេតុ ដោយមានមនុស្សផ្សេងចេញមុខជាអ្នកតំណាងដោះស្រាយ ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានបង្ហោះសារតាមផេកផ្លូវការរបស់ខ្លួន យ៉ាងដូច្នេះថា ៖ ជាការកត់សម្គាល់ គ្រោះថ្នាក់ចរាចរណ៍មួយចំនួនកើតឡើង ភាគីបង្កតែងគេចខ្លួនពីកន្លែងកើតហេតុតាមមធ្យោបាយផ្សេងៗ។ ខ្លាចខ្មាសគេជារឿងមួយ។ ការគេចឱ្យផុតពីការទទួលខុសត្រូវទាំងរដ្ឋប្បវេណី និងព្រហ្មទណ្ឌ ក៏ជារឿងមួយដែរ។
សារដដែល ឯកឧត្តម ស សុខា បានបន្តថា ងាកមកមើលករណីជាក់ស្ដែងដូចវីដេអូនេះវិញ។ ភាគីម្ខាងទៀតមិននៅហ្នឹងកន្លែងកើតហេតុដើម្បីដោះស្រាយតាមនីតិវិធី បែរជាគេចខ្លួន ហើយបើតាមការអះអាងពីភាគីម្ខាងទៀត(ពាក់អាវស)ថា បងប្រុសពាក់អាវខ្មៅដែលអះអាងថាជាអ្នកតំណាង គឺជាអ្នកជម្លៀសចេញ។ ប្រសិនដូចការអះអាងមែន ខ្ញុំយល់ថា អ្នកទាំងពីរមិនសមស្របនឹងសីលធម៌ទទួលខុសត្រូវសង្គម ពិសេសចំពោះភាគីម្ខាងទៀត បើសិនជាគេបើកបរត្រឹមត្រូវ។ ជាការយល់តិចតួចរបស់ខ្ញុំ ការជម្លៀស ឬនាំយកភាគីម្ខាងទៀតចេញ លុះត្រាតែអ្នកនោះរងរបួសដែលមិនអាចនៅបាន និងត្រូវការសង្គ្រោះជីវិត…។ នេះសំណាង ចេះគ្មានអ្នកស្លាប់។ ចុះបើមានអ្នកស្លាប់ ហើយអ្នកបង្កគេចខ្លួនបាត់ តើយុត្តិធម៌ជនរងគ្រោះនៅឯណា?
ឯកឧត្តម ស សុខា បន្តទៀតថា ចំពោះរឿងចេញមុខមកធ្វើជាតំណាងវិញ តើស្របនឹងទិដ្ឋភាពច្បាប់ទេ? សម្រាប់ខ្ញុំ សូម្បីមេធាវីតំណាងកូនក្ដី ក៏ត្រូវមានអ្វីជាសំអាងជាក់លាក់ដែរ។ ចុះទម្រាំបងប្រុសអាវខ្មៅ ដែលមកទាំងកាយវិការច្រងេងច្រងាង និងសម្ដីសម្ដៅផ្ទុយពីការដោះស្រាយដោយសន្តិវិធីនិងច្បាប់ ហើយពុំដឹងរឿងរ៉ាវផងនោះ, បងប្អូនយល់យ៉ាងម៉េច? សំណួរសួរថា បើមានអ្នកស្លាប់ក្នុងហេតុការនេះ បងប្រុសដែលសង្ខើញថាជាអ្នកតំណាង ហ៊ានជាប់ពន្ធនាគារជំនួសអ្នកបង្កទេ? ភាពជាតំណាងតាមផ្លូវច្បាប់មិនចេះតែអាចធ្វើបានទេ។ ចុះបើវាស់វែងហើយ ដោះស្រាយហើយ ស្រាប់តែភាគីម្ចាស់យានចេញមកច្រានចោលមិនទទួលស្គាល់ គិតយ៉ាងម៉េចវិញ? ខ្ញុំថា ទាំងម្ចាស់យានរងគ្រោះ និងសមត្ថកិច្ចសុទ្ធតែចាញ់ប្រៀបខាងផ្លូវច្បាប់។
ឯកឧត្តម ស សុខា បានគូសបញ្ជាក់ដែរថា ខ្ញុំមិនដឹងថារឿងនេះបានបញ្ចប់ឬយ៉ាងណាទេ? តែការលើកឡើងនាពេលនេះសម្រាប់ជាគតិ និងសតិ ជាធាតុគួរពិចារណាប៉ុណ្ណោះ។ ក្នុងករណីនេះ បើត្រឹមបង្កការខូចខាត គឺភាគីបង្កមានកាតព្វកិច្ចទទួលខុសត្រូវសំណងរដ្ឋប្បវេណី តាមគោលការណ៍ទទួលខុសត្រូវក្រៅកិច្ចសន្យា។ តែបើនាំឱ្យរបួស មិនអាចបំពេញការងារចាប់ពី៨ថ្ងៃឡើង ឬបណ្ដាលឱ្យភាគីម្ខាងស្លាប់ នោះជាការទទួលខុសត្រូវព្រហ្មទណ្ឌ គឺត្រូវជាប់ពន្ធនាគារថែមទៀត។ ម្យ៉ាងទៀត រឿងដែលបងប្អូនមិនដែលចាប់អារម្មណ៍នោះគឺការគេចវេស ឬរត់គេចខ្លួនពីកន្លែងកើតហេតុ ក៏ជាបទល្មើសព្រហ្មទណ្ឌដែរ ដែលត្រូវជាប់ពន្ធនាគារពីបទរត់គេចខ្លួនតាមក្រមព្រហ្មទណ្ឌឆ្នាំ២០០៩។ ខ្ញុំមិនដាក់បន្ទុកលើភាគីណានោះទេ គ្រាន់តែជាសារចំហរប៉ុណ្ណោះ។
ចុងក្រោយនៃសារ ឯកឧត្តម ស សុខា បានអំពាវនាវថា ជារួមខ្ញុំសូមទទូចឱ្យគ្រលាស់ចោលទម្លាប់គេចវេសមិនទទួលខុសត្រូវទាំងឡាយ។ គ្មានអ្វីប្រសើរជាងការជជែកគ្នា និងយកច្បាប់មកដោះស្រាយនោះឡើយ។ ទន្ទឹមនេះ ក៏សូមជូនសារទៅសមត្ថកិច្ច គួរសិក្សាចាត់នីតិវិធីតាមជំនាញ និងច្បាប់ឱ្យបានលឿនតាមដែលអាចធ្វើបាន ចៀសវាងរឿងហេតុកាន់តែអូសបន្លាយកើតជារឿងផ្សេង។ ដូចគ្នាដែរ គួរសិក្សាចាត់វិធានការចំពោះបុគ្គលដែលជម្លៀសអ្នកទទួលខុសត្រូវចេញ, ជនបង្កដែលគេចវេស និងអ្នកដែលអះអាងច្រងេងច្រងាងតាំងខ្លួនជាអ្នកតំណាងខុសទំនងច្បាប់ផងដែរ៕
ប្រភព ៖ ផេក Sar Sokha
Post a Comment