អាម៉េរិក​ចោទ​ចិន​ថាព្យាយាម​លាក់បាំង​អំពើ​ឃោរឃៅ​របស់​កូរ៉េខាងជើង

សហរដ្ឋអាម៉េរិកបានចោទប្រកាន់ប្រទេសចិនកាលពីថ្ងៃសុក្រទី ១៧ ខែមីនាថា បានព្យាយាមលាក់បាំងអំពើឃោរឃៅរបស់កូរ៉េខាងជើងពីពិភពលោក ដោយការបិទបណ្តាញផ្សាយនៃកិច្ចប្រជុំក្រៅផ្លូវការរបស់សមាជិកក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិស្តីពីការចោទប្រកាន់ពីបទរំលោភសិទ្ធិមនុស្សដោយក្រុងព្យុងយ៉ាង។

ឯកអគ្គរដ្ឋទូតសហរដ្ឋអាម៉េរិកប្រចាំអង្គការសហប្រជាជាតិ លោកស្រី Linda Thomas-Greenfield បានប្រាប់កិច្ចប្រជុំ ដោយសំអាងលើចិន និងរុស្ស៊ីថា ៖«សមាជិកក្រុមប្រឹក្សាមួយចំនួនមានឆន្ទៈក្នុងការការពារកូរ៉េខាងជើងពីការទទួលខុសត្រូវរបស់ពួកគេ»។  

លោកស្រី Linda Thomas-Greenfield
លោកស្រី Linda Thomas-Greenfield

ចិន ​និង​រុស្ស៊ី​ប្រកែក​ថា​ ក្រុមប្រឹក្សា​សន្តិសុខ​ដែល​មាន​សមាជិក​១៥ ​ប្រទេស ​ដែល​មានតួនាទី​រក្សា​សន្តិភាព​ និង​សន្តិសុខ​អន្តរជាតិ​មិន​គួរ​ពិភាក្សា​បញ្ហា​សិទ្ធិ​មនុស្ស​ទេ។ លើសពីនេះ បងប្អូនកុម្មុយនីស្ដទាំងពីរបានលើកឡើងថា កិច្ចប្រជុំបែបនេះគួរតែត្រូវបានកំណត់ដោយស្ថាប័នអង្គការសហប្រជាជាតិផ្សេងទៀតដូចជាក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ ឬមហាសន្និបាតអង្គការសហប្រជាជាតិជាដើម។

អ្នកការទូតចិន លោក Xing Jisheng បានលើកឡើងថា កិច្ចប្រជុំដែលសហម្ចាស់ផ្ទះដោយសហរដ្ឋអាម៉េរិក និងអាល់បានីគឺមិនមានលក្ខណៈស្ថាបនាតាមមធ្យោបាយណាមួយឡើយ។ លោកបានបន្តថា ៖«ជំនួសឱ្យការបន្ធូរបន្ថយភាពតានតឹង វាអាចនឹងធ្វើឱ្យមានជម្លោះកាន់តែខ្លាំងឡើង ក៏ដូចជាការមិនទទួលខុសត្រូវផងដែរ។ ការប្រើប្រាស់បណ្តាញទូរទស្សន៍របស់អង្គការសហប្រជាជាតិសម្រាប់ការផ្សាយបន្តផ្ទាល់គឺជាការខ្ជះខ្ជាយធនធានរបស់អង្គការសហប្រជាជាតិ»។

លោកស្រី Thomas-Greenfield បាននិយាយថា កម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលផ្លោងរបស់កូរ៉េខាងជើងមានទំនាក់ទំនងយ៉ាងជិតស្និទ្ធទៅនឹងការរំលោភសិទ្ធិមនុស្សរបស់របបផ្តាច់ការមួយនេះ។ មិនត្រឹមតែប៉ុណ្ណោះ លោកស្រី​បាន​បន្ត​ថា​៖ «​ការ​ស្វែង​រក​អាវុធ​ប្រល័យ​លោក​តែង​តែ​ប៉ះ​ពាល់​ដល់​សិទ្ធិ​មនុស្ស​ និង​តម្រូវការ​មនុស្សធម៌​របស់​ប្រជាជន ដោយមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន ( Kim Jong Un) បានជ្រើសរើសគ្រាប់កាំភ្លើង និងមីស៊ីលជំនួសឱ្យអាហារូបត្ថម្ភសម្រាប់មនុស្សជាតិ»។

ទោះបីជាយ៉ាងណាក៏ដោយ ក្រុង​ព្យុងយ៉ាង​បដិសេធ​ការ​ចោទ​ប្រកាន់​ពី​ការ​រំលោភ​សិទ្ធិ​មនុស្ស និង​បន្ទោស​ទណ្ឌកម្ម​ចំពោះ​ស្ថានការណ៍​មនុស្សធម៌​ដ៏​ធ្ងន់ធ្ងរ​នៅ​កូរ៉េ​ខាង​ជើង។ មែនទែនទៅ ប្រទេសឯកោ​នេះ​ស្ថិត​នៅ​ក្រោម​ការ​ដាក់​ទណ្ឌកម្ម​របស់​អង្គការ​សហ​ប្រជាជាតិ​ជុំវិញ​កម្មវិធី​មីស៊ីល​ផ្លោង និង​នុយក្លេអ៊ែរ​របស់​ខ្លួន​តាំង​ពី​ឆ្នាំ ២០០៦។

ជុំវិញរឿងរ៉ាវដ៏ក្ដៅគគុកនេះ អ្នកការទូតរុស្ស៊ីលោក Stepan Kuzmenkov បានប្រាប់អង្គប្រជុំថា ៖«ការព្រួយបារម្ភលាក់ពុតរបស់បស្ចិមប្រទេសអំពីសិទ្ធិមនុស្សនៅក្នុងប្រទេសកូរ៉េខាងជើង គឺមិនអាចបោកប្រាស់នរណាម្នាក់បានទេ ហើយមនុស្សគ្រប់គ្នាសុទ្ធតែដឹងយ៉ាងច្បាស់ថាសហរដ្ឋអាម៉េរិកប្រើសិទ្ធិមនុស្សដើម្បីជាលេសសម្រាប់ការមិនពេញចិត្តរបស់ពួកគេតែប៉ុណ្ណោះ»។

ជាចុងក្រោយ ក្រុមអ្នកការទូតបានបង្ហើបប្រាប់ថា ប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ទំនងជានឹងបើកកិច្ចប្រជុំផ្លូវការមួយនៅថ្ងៃចន្ទ សប្តាហ៍ក្រោយជុំវិញការបាញ់មីស៊ីលផ្លោងអន្តរទ្វីបរបស់កូរ៉េខាងជើងកាលពីថ្ងៃព្រហស្បតិ៍ ទី១៦ ខែមីនា៕


Powered by Blogger.