ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត៖ព្រឹត្តិការណ៍ស៊ីហ្គេមនឹងធ្វើឲ្យកម្ពុជាមានកិត្យានុភាពបន្ថែមទៀតលើឆាកអន្តរជាតិ
ភ្នំពេញ ៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ព ជើងគោកបានថ្លែងថា នៅសល់តែ៥២ថ្ងៃទៀតប៉ុណ្ណោះកម្ពុជានឹងធ្វើជាម្ខាស់ផ្ទះនូវព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមហើយ ខណៈព្រឹត្តិការណ៍ដ៏ធំនេះ គឺជាមោទកភាពជាតិខ្មែរក្រោមម្លប់សន្តិភាព ហើយក៏នឹងលើកស្ទួយកិត្យានុភាពកម្ពុជាលើឆាកអន្តរជាតិឲ្យកាន់តែខ្លាំងក្លាបន្ថែមទៀតផងដែរ។
ក្នុងឱកាសអញ្ជើញចូលរួមពិធីសមោ្ពធសមិទ្ធផលនានារបស់កងពលតូចថ្មើរជើងលេខ៥២ និងកងឯកភាពចំណុះនៃយោធភូមិភាគទី៥នៅខេត្តបាត់ដំបងនាថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣នេះឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានបញ្ជាក់ថា នៅក្នុងឆ្នាំ២០២៣នេះ មានប្រឹត្តិការណ៍ធំៗជាច្រើន ដូចជា«ព្រឹត្តិការណ៍កីទ្បាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ដែលជាឱកាសនាំមកនូវមោទកភាពជាតិក្នុងនាមកម្ពុជាជាម្ចាស់ផ្ទះ និងការលើកស្ទួយកិត្យានុភាពកម្ពុជាលើឆាកអន្តរជាតិ ទាំងកម្រិតតំបន់ និងសាកលលោក ព្រមទាំងដំណើរការនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៃរដ្ឋសភា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខ ជាមួយនឹងការធានាថា ព្រឹត្តិការណ៍ជាលក្ខណៈប្រវត្តិសាស្ត្រដ៏សំខាន់ទាំងអស់នេះ អាចប្រព្រឹត្តទៅបានក្នុងបរិយាកាសសន្តិភាព ស្ថិរភាព និងសន្តិសុខពេញលេញជាដើម»។
ឧត្តមសេនីយ៍ឯក បានបញ្ជាក់បន្ថែមទៀតថា« សូមជឿជាក់មកលើរាជរដ្ឋាភិបាល ក្រសួងការពារជាតិ អគ្គបញ្ជាការដ្ឋាននិងបញ្ជាការដ្ឋានកងទ័ពជើងគោក ក្នុងការប្តេជ្ញាការពារជាតិ សាសនា ព្រះមហាក្សត្រ និងប្រជាជនព្រមទាំងរួមគ្នាការពារសុខសន្តិភាពស្ថិរភាព សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈផងដែរ»។
ឯកឧត្តម ក៏បានរំលឹកផងដែរថា ក្នុងរយៈកាលកន្លងមកនេះ សន្តិភាព ស្ថិរភាពនយោបាយ និងម៉ាក្រូសេដ្ឋកិច្ច ក៏ដូចជាសន្តិសុខសាធារណៈ ដែលជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍ និងជីវភាពរស់នៅប្រកបដោយភាពសុខសាន្តរបស់ប្រជាជន ត្រូវបានរក្សាការពារយ៉ាងគត់មត់ដោយកម្លាំងជាតិទាំងមូល ដែលបានរួមសាមគ្គីយ៉ាងរឹងមាំជុំវិញរាជរដ្ឋាភិបាល ដែលមាន សម្តេចតេជោ ជាប្រមុខដឹកនាំ ជាពិសេសការរួមចំណែកមិនអាចខ្វះបានពីសំណាក់កងយោធពលខេមរភូមិន្ទ ក្នុងនាមជាកងកម្លាំងប្រដាប់អាវុធជាតិ ដែលមានភក្តីភាពជានិច្ចចំពោះ ជាតិ សាសនា ព្រះមហាក្សត្រ។នៅក្នុងពិធីនោះដែរឯកឧត្តម ឧត្តមសេនីយ៍ឯក បានលើកឡើងផងដែរថា យោធភូមិភាគទី៥ គឺជាតំបន់ដែលមានប្រវត្តិញាំញីដោយសង្គ្រាមក្តៅជាងគេ ដែលជាហេតុនាំឱ្យមានអតីតយុទ្ធជន និងក្រុមគ្រួសារយុទ្ធជនពលីច្រើន។ មកទល់បច្ចុប្បន្ន រាជរដ្ឋាភិបាលតែងបានយកចិត្តទុកដាក់ជាប់ជាប្រចាំលើសុខទុក្ខរបស់អតីតយុទ្ធជន និងក្រុមគ្រួសារ តាមរយៈការដាក់ចេញនូវគោលនយោបាយ និងយន្តការជាច្រើន សំដៅធ្វើយ៉ាងណារក្សាឱ្យបាននូវទំនាក់ទំនងជាប់ជិតដិត និងកក់ក្តៅជាមួយកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលបានចប់ភារកិច្ចចេញពីជួរ ពីព្រោះនេះ គឺជាគុណធម៌ និងការសម្តែងនូវការដឹងគុណចំពោះគុណូបការៈ ដែលអ៊ំពូមីងអតីតយុទ្ធជនបានលះបង់ក្នុងបុព្វហេតុបម្រើជាតិ មាតុភូមិ និងប្រជាជន។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានបន្ថែមទៀតថា សូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះយោធភូមិភាគីទី៥ និងកងពលតូចថ្មើរជើងលេខ៥២ ក៏ដូចជាគ្រប់បណ្តាស្ថាប័ន-កងឯកភាពចំណុះយោធភូមិភាគទាំងអស់ ដែលកន្លងមកបានយកចិត្តទុកដាក់ប្រមូលផ្តុំអនុវត្តភារកិច្ចសម្រេចបានលទ្ធផល និងស្នាដៃការងារល្អប្រសើរជាច្រើនគួរជាទីមោទនៈ ដោយធានាបាននូវការពង្រឹងប្រៀបការពារជាតិក្នុងភូមិសាស្ត្រទទួលខុសត្រូវ ឱ្យមានប្រសិទ្ធភាពជាប់ជាប្រចាំ និងគ្រប់កាលៈទេសៈ ព្រមជាមួយនឹងការបំពេញកិច្ចសហការជាមួយអាជ្ញាធរដែនដី និងសមត្ថកិច្ចពាក់ព័ន្ធក្នុងការថែរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពបានល្អប្រសើរជូនប្រជាពលរដ្ឋ ជាពិសេសក្នុងកាលៈទេសៈនៃគ្រោះមហន្តរាយធម្មជាតិ និងការរាតត្បាតនៃជំងឺកូវីដ-១៩ កន្លងមកនេះផងដែរ៕
Post a Comment