ក្រសួងមហាផ្ទៃ អនុញ្ញាតឱ្យសង្គមស៊ីវិល ជួបជុំគ្នាប្រារព្ធទិវានារីអន្តរជាតិ តែមិនត្រូវមានសកម្មភាពនយោបាយ
សេចក្តីជូនដំណឹង បានឱ្យដឹងថា ក្រសួងមហាផ្ទៃ បានអនុញ្ញាតឱ្យសមាគម អង្គការមិនមែនរដ្ឋាភិបាល និងសហព័ន្ធសហជីពមួយចំនួន ធ្វើការជួបជុំសម្តែងមតិនៅទីលានប្រជាធិបតេយ្យ ដើម្បីអបអរសាទទិវានារីអន្តរជាតិ លើកទី១១២ នៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៣ ចាប់ពីម៉ោង០៧ៈ០០នាទី ដល់ម៉ោង១២ៈ៣០នាទី ដែលមានអ្នកចូលរួមចំនួន៥០០នាក់។ ក្រសួងមហាផ្ទៃ បានបញ្ជាក់ប្រាប់ក្រុមសង្គមស៊ីវិលទាំងនោះ មិនត្រូវប្រើប្រាស់កម្មវិធីខាងលើ ជាសកម្មភាពនយោបាយ ឬពាក់ព័ន្ធនឹងគណបក្សនយោបាយណាមួយឡើយ។ ជាមួយគ្នានោះដែរ ក្រសួងមហាផ្ទៃបានស្នើឱ្យរដ្ឋបាលរាជធានីភ្នំពេញ ធ្វើការណែនាំដល់តំណាងសមាគម អង្គការមិនមែនរដ្ឋាភិបាល និងសហព័ន្ធសហជីព ត្រូវអនុវត្តឱ្យបានម៉ឺងម៉ាត់ស្របតាមខ្លឹមសារក្នុងកំណត់ហេតុនៃ កិច្ចប្រជុំដែលបានឯកភាពគ្នា និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ព្រមទាំងត្រូវបានការពារសន្តិសុខ សណ្ដាប់ធ្នាប់ សាធារណៈ ដោយការទទួលខុសត្រូវខ្ពស់ផងដែរ។
សូមរំលឹកផងដែរថា អង្គការសង្គមស៊ីវិល ដូចជា សហជីព សហព័ន្ធសហជីព អង្គការ និងសមាគមដែលកំពុងធ្វើការងារដើម្បីលើកកម្ពស់សិទ្ធិស្ត្រី និងសមភាពយេនឌ័រនៅប្រទេសកម្ពុជា និងប្រារព្ធកម្មវិធីខួបលើកទី១១២ នៃទិវានារីអន្តរជាតិ ក្រោម ប្រធានបទ «គាំពារស្ត្រីនិងក្មេងស្រី ដើម្បីយុត្តិធម៌ទាំងអស់គ្នា» នៅទីលានប្រជាធិបតេយ្យ។ គោលបំណងនៃការប្រារព្ធកម្មវិធីនេះ គឺដើម្បីរម្លឹកដល់ការតស៊ូ និងកិច្ចខិតខំប្រឹងប្រែងរបស់ស្ត្រី ក្មេងស្រី និងអ្នកការពារសិទ្ធិមនុស្ស ជាស្ត្រីនៅគ្រប់វិស័យ ក៏ដូចជាបង្ហាញដល់សាធារណជនឱ្យបានជ្រាបអំពីតម្រូវការ បញ្ហាប្រឈមរបស់ស្ត្រី និងក្មេងស្រី ព្រមទាំងស្នើឱ្យរាជរដ្ឋាភិបាលដោះស្រាយនូវតម្រូវការចាំបាច់ ទុក្ខកង្វល់ពាក់ព័ន្ធនឹងប្រព័ន្ធគាំពារសង្គម និងភាពអយុត្តិធម៌សម្រាប់ស្ត្រី និងក្មេងស្រីរងគ្រោះផងដែរ...៕
Post a Comment