ដូណាល់ ត្រាំ ថាលោកនឹងត្រូវចាប់ខ្លួននៅថ្ងៃអង្គារសប្តាហ៍ក្រោយ និងអំពាវនាវឱ្យមានការតវ៉ា
អតីតប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ បាននិយាយថា លោកនឹងត្រូវចាប់ខ្លួននៅថ្ងៃអង្គារទី ២១ ខែមីនា ខណៈដែលព្រះរាជអាជ្ញាកំពុងពិចារណាលើបទចោទប្រកាន់អំពីទំនាក់ទំនងរបស់លោកជាមួយតារាអាសអាភាសមួយរូប និងបានអំពាវនាវឱ្យអ្នកគាំទ្ររបស់លោក ធ្វើការតវ៉ា។
នៅក្នុងកម្មវិធីបណ្តាញសង្គមផ្ទាល់របស់លោក ដែលមានឈ្មោះថា Truth Social លោក ត្រាំ បានកត់សម្គាល់យ៉ាងដូច្នេះថា៖ «ការលេចធ្លាយដោយខុសច្បាប់ពីការិយាល័យមេធាវីស្រុកម៉ាន់ហាតាន់ (Manhattan) បង្ហាញថា ទោះបីជាគ្មានករណីឧក្រិដ្ឋកម្មណាមួយអាចបញ្ជាក់បាន បេក្ខជនឈានមុខគេមកពីគណបក្សសាធារណរដ្ឋ និងជាអតីតប្រធានាធិបតីសហរដ្ឋអាម៉េរិក នឹងត្រូវចាប់ខ្លួននៅថ្ងៃអង្គារសប្តាហ៍ក្រោយ»។ លោកបន្តថា៖ «សូមអ្នកទាំងអស់គ្នាធ្វើការតវ៉ា! យកជាតិយើងមកវិញ!»។
យ៉ាងណាមិញ អតីតមេដឹកនាំវ័យ៧៦ឆ្នាំរូបនេះ មិនបានឱ្យដឹងថាលោកត្រូវបានជូនដំណឹងជាផ្លូវការអំពីការចោទប្រកាន់ណាមួយ ហើយមិនបានផ្តល់ភស្តុតាងនៃការលេចធ្លាយពីការិយាល័យមេធាវីស្រុកនោះទេ។ ទន្ទឹមគ្នានោះ អ្នកនាំពាក្យរបស់លោក ត្រាំ បានលើកឡើងថា មិនមានការជូនដំណឹងណាមួយបន្ថែមពីលើការលេចធ្លាយពីប្រព័ន្ធផ្សព្វផ្សាយនោះទេ។
ការិយាល័យរបស់មេធាវីស្រុកម៉ាន់ហាតាន់ លោក អាល់វីន ប្រាក (Alvin Bragg) នៅដើមឆ្នាំនេះបានចាប់ផ្តើមបង្ហាញភស្តុតាងដល់គណៈវិនិច្ឆ័យធំមួយ ដែលកំពុងស៊ើបអង្កេតលើការបង់ប្រាក់ចំនួន ១៣០០០០ដុល្លារអាម៉េរិក ពីលោក មីឆេល ខូហេន (Michael Cohen) អតីតមេធាវីរបស់លោក ត្រាំ ទៅឱ្យតារាស្រីម្នាក់ឈ្មោះ ស្តមមី ដានីញ៉េល (Stormy Daniels) ក្នុងថ្ងៃយុទ្ធនាការឆ្នាំ២០១៦។ តារាស្រីដែលមានឈ្មោះពិតថា ស្តេហ្វានី គ្លីហ្វដ (Stephanie Clifford) រូបនោះបានឱ្យដឹងថា នាងមានទំនាក់ទំនងស្នេហាជាមួយលោក ត្រាំ កាលពីមួយទសវត្សរ៍មុន ប៉ុន្តែលោកបានបដិសេធថាវាជារឿងមិនពិត។
គួរបញ្ជាក់ថា គ្មានប្រធានាធិបតីសហរដ្ឋអាម៉េរិកណាម្នាក់ ក្នុងពេលកាន់តំណែង ឬបន្ទាប់ពីចុះចេញពីតំណែង បានប្រឈមមុខនឹងការចោទប្រកាន់ពីបទព្រហ្មទណ្ឌឡើយ។ ប៉ុន្តែទោះជាយ៉ាងនេះក្ដី លោក ត្រាំ កំពុងបន្តស្វែងរកការកាំទ្រពីគណបក្សសាធារណរដ្ឋ សម្រាប់តំណែងប្រធានាធិបតីនៅឆ្នាំ២០២៤។ លោកបានអះអាងថា ខ្លួននឹងបន្តធ្វើយុទ្ធនាការឃោសនាបោះឆ្នោត បើទោះបីជាលោកត្រូវបានចោទប្រកាន់ពីបទឧក្រិដ្ឋក៏ដោយ៕
Post a Comment