អាកាសធាតុនឹងក្តៅខ្លាំងរហូតដល់ ៣៨អង្សា
ក្រសួងធនធានទឹក និងឧតុនិយម ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៨ ខែមីនា ពោលគឺរយៈពេលមួយសប្តាហ៍ខាងមុខនេះ កម្ពុជានឹងកើនកម្តៅព្រមទាំងមានភ្លៀងក្នុងកម្រិតពីខ្សោយទៅតិចតួចដោយអន្លើ។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងបានចេញផ្សាយនៅព្រឹកថ្ងៃទី ២១ ខែមីនា ឆ្នាំ២០២៣។
ក្រសួងធនធានទឹកបានបញ្ជាក់ថា៖ «មួយសប្តាហ៍ខាងមុខនេះ ព្រះរាជាណាចក្រកម្ពុជាទទួលឥទ្ធិពលពីជ្រលងសម្ពាធទាប ខ្សោយ និងខ្យល់បម្រែបម្រួល ដែលជាហេតុបង្កលក្ខណៈងាយស្រួលក្នុងការកកើតឡើងនូវស្រទាប់កម្តៅ ស្ថានភាពបែបនេះនឹងធ្វើឱ្យ(heat low pressure cell) បណ្តាលឱ្យសីតុណ្ហភាពកើន នឹងអាចមានភ្លៀងដោយអន្លើ »។
ស្ថានភាពបែបនេះនឹងធ្វើឱ្យតំបន់ទំនាបកណ្តាល មានសីតុណ្ហភាពអប្បបរមាពី ២៥-២៧ អង្សាសេ និងសីតុណ្ហភាពអតិបរមាពី ៣៦-៣៨ អង្សាសេ ហើយអាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅតិចតួចដោយអន្លើ។
រីឯតំបន់ខ្ពង់រាបមានសីតុណ្ហភាពអប្បបរមាពី ២៤-២៦ អង្សាសេ និងសីតុណ្ហភាពអតិបរមាពី ៣៦- ៣៨ អង្សាសេ អាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅតិចតួចដោយអន្លើ។ ដោយឡែកនៅតំបន់មាត់សមុទ្រ មានសីតុណ្ហភាពអប្បបរមាពី ២៤-២៦ អង្សាសេ និងសីតុណ្ហភាពអតិបរមាពី ៣៣-៣៥ អង្សាសេ ដែលអាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅតិចតួចដោយអន្លើ៕
Post a Comment