ឯកឧត្តម ស សុខា ផ្តល់អនុសាសន៍៧ចំណុច ដល់សាកលវិទ្យាល័យជាតិមានជ័យ ដើម្បីធ្វើឱ្យគុណភាពបណ្តុះបណ្តាលកាន់តែប្រសើរ

បន្ទាយមានជ័យ ៖ ឯកឧត្តម  ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានគណៈកម្មការដឹកនាំកំណែទម្រង់សាកលវិទ្យាល័យជាតិមានជ័យ បានផ្តល់អនុសាសន៍ចំនួន ៧ចំណុចសំខាន់ៗ ដល់សាកលវិទ្យាល័យជាតិមានជ័យ ដើម្បីធ្វើឱ្យគុណភាពបណ្តុះបណ្តាលកាន់តែប្រសើរឡើង។

ការផ្តល់អនុសាសន៍បែបនេះ របស់ ឯកឧត្តម  ស សុខា បានធ្វើឡើងនៅក្នុងឱកាសលោកអញ្ជើញបើកកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលកំណែទម្រង់ប្រចាំឆ្នាំ២០២២ និងលើកទិសដៅបន្តឆ្នាំ២០២៣ នាថ្ងៃទី២៧-២៨ ខែមីនា ឆ្នាំ២០២៣ ក្នុងគោលបំណងពិនិត្យវឌ្ឍនភាពនៃការអនុវត្តផែនការសកម្មភាពកំណែទម្រង់សាកលវិទ្យាល័យ ឆ្នាំ២០២២ និងផ្តល់ធាតុចូលសម្រាប់ការកសាងផែនការអភិវឌ្ឍបន្ត។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីក្រុមប្រឹក្សាភិបាលសាកលវិទ្យាល័យ គណៈកម្មការដឹកនាំកំណែទម្រង់សាកលវិទ្យាល័យ គណៈទ្រទ្រង់សាកលវិទ្យាល័យ ថ្នាក់ដឹកនាំខេត្ត ថ្នាក់ដឹកនាំមន្ទីរជុំវិញខេត្ត គណៈគ្រប់គ្រង បុគ្គលិកនិងគ្រូបង្រៀនសាកលវិទ្យាល័យជាតិមានជ័យ។

អនុសាសន៍ទាំង៧ចំណុចដែល ឯកឧត្តម  ស សុខា ណែនាំរួមមាន៖

ទី១៖ បង្កើនគុណភាព និងប្រសិទ្ធភាព នៃការផ្តល់សេវាអប់រំ
ទី២៖ បង្កើន​ប្រសិទ្ធភាពគ្រប់គ្រងដឹកនាំគ្រប់លំដាប់ថ្នាក់រួមសហការអនុវត្តការងារតាមផែនការ និងប្រកបដោយភាពច្នៃប្រឌិត ដោយគិតយកប្រយោជន៍អង្គភាពជាធំ
ទី៣៖ ការងារគ្រប់គ្រង និងចាត់ចែងថវិកា ត្រូវមានគណនេយ្យភាព តម្លាភាព និងភាពច្បាស់លាស់
ទី៤៖ លើកកម្ពស់គុណភាព នៃការបណ្តុះបណ្តាល
ទី៥៖ លើកកម្ពស់ភាពប្រកួតប្រជែងនៃការបណ្តុះបណ្តាលដើម្បីឈានទៅរកការទទួលស្គាល់កម្រិតតំបន់ និងអន្តរជាតិ
ទី៦៖ កសាងបន្ថែមលើហេដ្ឋារចនាសម្ព័ន្ធសិក្សាដើម្បីគាំទ្រសកម្មភាពសិក្សា
ទី៧៖ ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយបណ្តាសាកលវិទ្យាល័យនានាក្នុងប្រទេសក៏ដូចជាក្នុងតំបន់ និងអន្តរជាតិ ដើម្បីធ្វើការផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមក ទាំងកម្មសិក្សា និងមុខវិជ្ជាសិក្សា។

លោក សុខ ឃន ប្រធានគណៈគ្រប់គ្រងបានរាយការណ៍សង្ខេបពីវឌ្ឍនភាពរបស់សាកលវិទ្យាល័យដែលមានការរីករាយយ៉ាងខ្លាំងលើគ្រប់ផ្នែកទាំងហេដ្ឋារចនាសម្ព័ន្ធរឹង និងទន់ ក្នុងរយៈពេលខ្លីតែប៉ុណ្ណោះ ជាពិសេសកំណើននិស្សិតចុះឈ្មោះសិក្សាចំនួនកើនទ្វេរដងជិត១ពាន់នាក់ ធៀបទៅនឹងឆ្នាំកន្លងទៅ និងជំនឿទុកចិត្តពី អាណាព្យាបាល និងនិស្សិតលើគុណភាពនៃការបណ្តុះបណ្តាលរបស់សាកលវិទ្យាល័យ។

ក្នុងនាមនាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាស្ថាបនិកសាកលវិទ្យាល័យជាតិមានជ័យ និងប្រធានក្រុមប្រឹក្សាភិបាល ប្រធានគណៈកម្មការដឹកនាំកំណែទម្រង់សាកលវិទ្យាល័យជាតិមានជ័យ ធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងប្រកបដោយទំនួលខុសត្រូវខ្ពស់របស់លោក លោកស្រី ក្រុមប្រឹក្សាភិបាល គណៈកម្មការដឹកនាំកំណែទម្រង់ គណៈគ្រប់គ្រង សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ មន្ត្រីគ្រប់លំដាប់ថ្នាក់ និងអ្នកពាក់ព័ន្ធទាំងអស់ ដែលបានរួមចំណែកក្នុងការដឹកនាំ អនុវត្តការងារយ៉ាងសកម្ម ធ្វើឱ្យសាកលវិទ្យាល័យជាតិមានជ័យ បានទទួលនូវចំណាប់អារម្មណ៍ និងទំនុកចិត្តខ្ពស់ពីនិស្សិត អាណាព្យាបាលនិស្សិត និងសាធារណជនទាំងក្នុង និងជុំវិញខេត្តបន្ទាយមានជ័យ។

ទន្ទឹមនឹងមានការកើនឡើងនៃចំនួននិស្សិតសាកលវិទ្យាល័យជាតិមានជ័យ ត្រូវគិតគូរពីការបង្កើនគុណភាពនៃការបណ្ដុះបណ្ដាល និងសេវានានារបស់ខ្លួនឱ្យមានភាពប្រកួតប្រជែងកាន់តែខ្ពស់ឈានទៅរកការទទួលស្គាល់ជាលក្ខណៈជាតិ និងអន្តរជាតិ៕





Powered by Blogger.