មន្ត្រីនគរបាលស័ក្តិ៤ បានដកកាំភ្លើងបាញ់សម្លា.ប់ខ្លួនឯងមួយគ្រាប់ចំសៀតផ្កា បណ្តាលឲ្យស្លា.ប់ សង្ស័យមានជំងឺប្រចាំកាយ
ភ្នំពេញ៖ មន្ត្រីនគរបាលស័ក្តិ៤ ឈ្មោះ ស៊ុម រី អាយុ៥៤ឆ្នាំ បម្រើការងារនៅអគ្គស្នងការនគរបាលជាតិ ក្នុងមន្ទីរប្រឆាំងគ្រឿងញៀន ក២ បានដកកាំភ្លើងបាញ់សម្លា.ប់ខ្លួនឯងមួយគ្រាប់ចំសៀតផ្កា បណ្តាលឲ្យស្លា.ប់ ព្រោះតែមានជំងឺប្រចាំកាយ។ ករណីនេះបានកើតឡើងកាលពីវេលាម៉ោង ២:១៥នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ ស្ថិតនៅតាមបណ្ដោយផ្លូវ ៥៣BT ភូមិត្នោតជ្រុំ សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
យោងតាមការឱ្យដឹងពីបុរសម្នាក់ដែលត្រូវជាប្អូន បានឲ្យដឹងថា មុនពេលកើតហេតុគាត់បានសម្រាកនៅខាងលើផ្ទះ ចំណែកបងដែលបានធ្វើអត្ថឃាតសម្រាកនៅលើគ្រែខាងក្រោមផ្ទះតែម្នាក់ឯង។ រហូតដល់ម៉ោងប្រមាណជា ២:១៥នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៨ ក៏បានឭស្នូសម្លេងកាំភ្លើងផ្ទុះមួយគ្រាប់ ភ្លាមនោះគាត់ក៏បានភ្ញាក់ រួចចុះពីលើផ្ទះរត់ទៅមើលស្រាប់តែឃើញបងបាញ់ខ្លួនឯងចំសៀតផ្កា ១គ្រាប់ ស្លា.ប់នៅលើគ្រែក្រោមដើមស្វាយ។ បន្ទាប់មកគាត់ក៏បានទាក់ទងទៅប្រពន្ធ និងកូនរបស់គាត់ឲ្យដឹង និងបានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានសង្កាត់បឹងទំពុនទី១។
ប្រភពក៏បានឲ្យដឹងទៀតថា បងរបស់គាត់មានជំងឺរ៉ាំរ៉ៃក្នុងខ្លួន ដូចជា ជំងឺថ្លើម ក្រពះ និងពោះវៀន សង្ស័យមិនចង់ឲ្យក្រុមគ្រួសារពិបាកដោយសារគាត់ ទើបគាត់ដាច់ចិត្តយកកាំភ្លើងបាញ់សម្លា.ប់ខ្លួនឯងដូចនេះ។
ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់បឹងទំពុនទី១ ចុះយកខ្សែហ៊ុំព័ទ្ធជុំវិញសព និងបានទាក់ទងទៅខាងមន្ត្រីផ្នែកជំនាញកោសល្យវិច័យ ដើម្បីឲ្យចុះពិនិត្យទៅលើសពធ្វើកំណត់ហេតុប្រគល់សពឲ្យក្រុមគ្រួសារ៕
Post a Comment