សមត្ថកិច្ច បំបែកសំណុំរឿង ជន​ដៃដល់​ជា​មេខ្យល់ ​ពីបទ មនុស្សឃាត លើ ពលរដ្ឋ​ខ្មែរ​ក្បែរ​ព្រំដែន​ក្នុង​ទឹកដី​កម្ពុជា

Read News TV ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ករណី​ប្លន់​ស​ម្លា​.​ប់​ស្ត្រី​ពលករ​ខ្មែរ​ម្នាក់​ក្បែរ​ព្រំដែន ស្ថិត​ក្នុង​ទឹកដី​កម្ពុជា ចាប់​បាន​ជន​ដៃដល់​ម្នាក់​បាន​ហើយ គឺជា​ជនជាតិ​ថៃ ដែល​ជា​មេខ្យល់ រស់នៅ​ស្រុក​ជាប់​ជាយ​ដែន កាលពី​ម៉ោង​៣​រសៀល ថ្ងៃ​ទី​០៤ ខែមីនា ឆ្នាំ​២០២៣ ស្ថិត​នៅ​ភូមិ​ណាំ​គៀង ឃុំ​ប៉ា​រ៉ៃ ស្រុក​គោក​ធ្យូង ខេត្ត​ស្រះ​កែវ ប្រទេស​ថៃ​។

សេចក្តីរាយការណ៍​បន្ត​ថា ជនសង្ស័យ​ខាងលើ​មានឈ្មោះ ហុង ខាវ​សិរី​វេ​ត (​ហៅ​ហុង​) ភេទ​ប្រុស អាយុ​៥១​ឆ្នាំ (​ជា​មេខ្យល់​ថៃ​) រស់នៅ​ភូមិ​ណាំ​គៀង ឃុំ​ប៉ា​រ៉ៃ ស្រុក​គោក​ធ្យូង ខេត្ត​ស្រះ​កែវ​ប្រទេស​ថៃ​។

បើ​តាម​មន្ត្រី​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ បាន​ប្រាប់​ឱ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​២៨ ខែកុម្ភៈ ឆ្នាំ​២០២៣ ប្រជាពលរដ្ឋ​ដែល​ត្រឡប់​មក​ពី​ធ្វើការ​នៅ​ប្រទេស​ថៃ​ព្រឹក​វិល​ល្ងាច បាន​ប្រទះ​ឃើញ​សាកស​.​ពស្ត្រី​ម្នាក់ ត្រូវ​បាន​ស​ម្លា​.​ប់​ដែល​មាន​ស្លាកស្នាម​សុះ​មុខ នៅ​ចំណុច​ព្រៃ​ក្បែរ​ព្រំដែន​កម្ពុជា​-​ថៃ ស្ថិត​ភូមិ​ទំនប់​ដាច់ ឃុំ​អូរ​បី​ជាន់ ស្រុក​អូរ​ជ្រៅ​។

មន្ត្រី​នគរបាល​បាន​បញ្ជាក់​ថា ក្រោយ​ពី​ទទួល​ព័ត៌មាន​ភ្លាម កម្លាំង​ជំនាញ​បាន​ចុះ​ទៅ​ពិនិត្យ​សាកស​.​ពស្ត្រី​រង​គ្រោះ ហើយ​បាន​ស្គាល់​អត្តសញ្ញាណ​ដែល​មានឈ្មោះ ស្វៃ សុភ​ក្ត្រា អាយុ​៣៩​ឆ្នាំ រស់នៅ​ភូមិ​ផ្គាំ ឃុំ​សឹ​ង្ហ​ច​ង្ហា ស្រុក​អូរ​ជ្រៅ ដែល​ត្រូវ​ជនសង្ស័យ​ប្លន់​ស​ម្លា​.​ប់យក​លុយ​នៅ​ពេល​ត្រឡប់​មក​ពី​ធ្វើការ​សំណង់​នៅ​ប្រទេស​ថៃ​តាម​រយៈ​មេខ្យល់​។

មន្ត្រី​នគរបាល​បាន​បញ្ជាក់​ទៀត​ថា ក្រោយ​ការ​ពិនិត្យ​ស្រាវជ្រាវ​មុខសញ្ញា ដោយ​សហការ​ជាមួយ​កម្លាំង​ភាគី​ថៃ​ជាប់​ព្រំដែន ក៏​បាន​ឃាត់​ជនសង្ស័យ​ជនជាតិ​ថៃ​ដែល​ជា​ជន​ដៃដល់​ប្លន់​ស​ម្លា​.​ប់​ជន​រង​គ្រោះ ហើយ​ត្រូវ​បាន​កម្លាំង​ភាគី​ថៃ​ឃាត់ខ្លួន​នៅ​ថ្ងៃ​ទី​០៤ ខែមីនា ឆ្នាំ​២០២៣ ស្ថិត​នៅ​ក្នុងភូមិ​ណាំ​គៀង ឃុំ​ប៉ា​រ៉ៃ ស្រុក​គោក​ធ្យូង ខេត្ត​ស្រះ​កែវ ប្រទេស​ថៃ​។

គួរ​រំលឹក​ថា ៖ ស្ត្រីម្នាក់ត្រូវបានគេប្រទះឃើញស្លាប់ក្នុងថ្លុកឈាម ក្នុងព្រៃចម្ការមីនព្រំដែន ក្នុងភូមិសាស្ត្រស្រុកអូរជ្រៅ






Powered by Blogger.