កម្លាំងនគរបាលចុះជួយជួសជុលផ្ទះប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ជាង២០០ខ្នង នៅស្រុកថ្មពួកនិងស្រុកស្វាយចេក
បន្ទាយមានជ័យ: លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣ នេះ បានបន្តបញ្ជូនកម្លាំងនគរបាលនគរបាលជាច្រើននាក់ សហការជាមួយអាជ្ញាធរពាក់ពន្ធ័ និងកម្លាំងយោធា ចុះទៅជួយធ្វើផ្ទះប្រជាពលរដ្ឋដែលរងគ្រោះបាក់រលំ ប៉ើងដំបូល អស់ជាច្រើនខ្នង ក្រោយពីភ្លៀងធ្លាក់យ៉ាងធំមួយមេ កាលពីយប់ម្សិលមិញ។
លោកឧត្តមសេនីយ៍ត្រី រ៉ែម វីរះ ស្នងការរងផែនសេនាធិការ និងជាអ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានរាយការណ៍ថា ស្រុកចំនួន០២ដែលរងគ្រោះដោយខ្យល់កន្ត្រាក់មាន ១-ស្រុកថ្មពួក១៩៣ខ្នង លើ៣ឃុំ ឃុំគំរូ:៣៦ខ្នង, ឃុំថ្មពួក:៥៩ខ្នង ,ឃុំភូមិថ្មី:៩៨ខ្នង។ ២-ស្រុកស្វាយចេក ៩ខ្នង លើ១ឃុំ ឃុំទ្រាសៈ០៩ខ្នង សរុបស្មើ ២១២ផ្ទះ។
ទន្ទឹមគ្នានេះ លោកឧត្តមសេនីយទោ សិទ្ធិ ឡោះ ក៏បាន ដាក់ចេញនូវបទបញ្ជាដល់កងកម្លាំងនគរបាលគ្រប់អធិការដ្ឋាន កម្លាំងប៉ុស្តិ៍ ត្រូវពង្រឹង កិច្ចការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណះ តាមមូលដ្ឋានឲ្យបានល្អ និង បានជម្រុញដល់កម្លាំងទាំងអស់យកចិត្តទុកដាក់ ផ្សព្វផ្សាយឲ្យបានទូលំទូលាពីគោលនយោបាយភូមិឃុំមានសុវត្ថិភាព ពិសេសគឺការយាម ល្បាត ប្រចាំការ សម្រាប់ត្រៀមចាំចុះជួយអន្តរាគមន៍ក្នុងហេតុការណ៍ផ្សេងៗ ដូចជាគ្រោះធម្មជាតិ អគ្គីភ័យ និងការបង្ក្រាបបទល្មើសផ្សេងៗជាដើម៕
Post a Comment