តួកគីអះអាងថាភាគីពាក់ព័ន្ធកំពុងពិភាក្សាដើម្បីបន្តកិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិសមុទ្រខ្មៅ
រដ្ឋមន្ត្រីការបរទេសតួកគី លោក មេវលូត ខាវូសូគ្លូ (Mevlut Cavusoglu) បាននិយាយថា ទីក្រុងអង់ការ៉ាកំពុងខិតខំប្រឹងប្រែងដើម្បីពង្រីកគំនិតផ្ដួចផ្តើមដែលគាំទ្រដោយអង្គការសហប្រជាជាតិ ក្នុងការអនុញ្ញាតឱ្យអ៊ុយក្រែននាំចេញគ្រាប់ធញ្ញជាតិពីកំពង់ផែ ដែលត្រូវបានរារាំងដោយរុស្ស៊ី បន្ទាប់ពីការលុកលុយរបស់ខ្លួន។
គំនិតផ្ដួចផ្តើមគ្រាប់ធញ្ញជាតិសមុទ្រខ្មៅដែលសម្របសម្រួលដោយអង្គការសហប្រជាជាតិ និងតួកគីកាលពីខែកក្កដាឆ្នាំមុន បានអនុញ្ញាតឱ្យនាំចេញគ្រាប់ធញ្ញជាតិពីកំពង់ផែអ៊ុយក្រែនចំនួនបី។ កិច្ចព្រមព្រៀងនេះត្រូវបានបន្តនៅក្នុងខែវិច្ឆិកា ហើយនឹងផុតកំណត់នៅថ្ងៃទី ១៨ ខែមីនា លុះត្រាតែភាគិរុស្ស៊ីយល់ព្រមលើការបន្តកិច្ចព្រមព្រៀង។
ជុំវិញបញ្ហានេះ លោក ខាវូសូគ្លូ បានថ្លែងនៅក្នុងសន្ទរកថាមួយ នៅឯសន្និសីទអង្គការសហប្រជាជាតិ ស្ដីពីប្រទេសមានការអភិវឌ្ឍតិចបំផុតដែលកំពុងប្រព្រឹត្តទៅនៅទីក្រុងដូហា ប្រទេសកាតាថា៖ «យើងកំពុងចាត់វិធាននានា សម្រាប់ការអនុវត្តដោយរលូន និងការបន្តកិច្ចព្រមព្រៀងនាំចេញគ្រាប់ធញ្ញជាតិសមុទ្រខ្មៅ»។ លោកក៏បាននិយាយផងដែរថា លោកបានពិភាក្សាអំពីកិច្ចខិតខំប្រឹងប្រែងបន្ថែមជាមួយអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អេនថូនីញ៉ូ ហ្គូតែរេស (Antonio Guterres)។
យ៉ាងណាមិញ កាលពីថ្ងៃពុធ ទីក្រុងមូស្គូបានអះអាងថា ខ្លួននឹងយល់ព្រមបន្តកិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិសមុទ្រខ្មៅ ប្រសិនបើផលប្រយោជន៍របស់ប្រទេសអ្នកផលិតកសិកម្ម ពោលគឺរុស្ស៊ីផ្ទាល់ ត្រូវបានយកចិត្តទុកដាក់ពីភាគីពាក់ព័ន្ធ៕
Post a Comment