ផ្ទះពលរដ្ឋ ០៥ខ្នង ត្រូវអគ្គិភ័យឆាបឆេះបំផ្លាញហ្មត់ទាំងស្រុង នៅសង្កាត់ស្ទឹងមានជ័យ២
ភ្នំពេញ៖ លំនៅឋានរបស់បងប្អូនប្រជាពលរដ្ឋចំនួន ០៥ខ្នងផ្ទះ សង់ឡើងពីឈើប្រក់ក្បឿង និងសង្ក័សី ត្រូវអគ្គិភ័យឆាបឆេះបំផ្លាញអស់ហ្មត់ទាំងស្រុង ដែលបង្កអោយមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១៨ និង៣០នាទីល្ងាចថ្ងៃទី១៣ ខែមិនា ឆ្នាំ២០២៣ នៅក្បែរនឹងវត្តអង្គពោធិ៍ញាណ ស្ថិតក្នុងភូមិឬស្សី សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ។
បើតាមប្រភពព័ត៌មាន អោយដឹងថា នៅមុនពេលកើតហេតុ មានក្មេងៗ ក្នុងភូមិបានឃើញភ្លើងឆេះចេញពីផ្ទះពលរដ្ឋមួយខ្នង ក្នុងចំណោម ០៥ខ្នងដែរឆាបឆេះ។
ភ្លាមនោះក្រុមក្មេងៗ បានរត់ទៅប្រាប់ពលរដ្ឋជិតខាងក្បែរនោះ ក៏បង្កអោយមានការភ្ញាក់ផ្អើលឡើង ក្រុមពលរដ្ឋបានទាក់ទងទៅអាជ្ញាធរមូលដ្ឋាន ដើម្បីសុំការអន្តរាគមន៍ ខណ:អណ្តាតភ្លើងកាន់តែឆេះរាលដាលយ៉ាងសន្ធោរសន្ធៅខ្លាំងឡើងៗ និងមានផ្សែងខ្មួរខ្មាញ់ហ៊ុយឡើងទៅលើអាកាស។
ភ្លាមៗបន្ទាប់ពីទទួលបានព័ត៌មាន កម្លាំងអាជ្ញាធរមានសមត្ថកិច្ច បានចុះដល់ទីតាំងកើតហេតុ នឹងទំនាក់ទំនងបន្តទៅ សមត្ថកិច្ចជំនាញអគ្គីភ័យ ដើម្បីសុំរថយន្តពន្លត់អគ្គិភ័យ ចុះជួយអន្តរាគមន៍បាញ់ទឹកពន្លត់អគ្គិភ័យដែលកំពុងឆាបឆេះលំនៅឋានរបស់បងប្អូនពលរដ្ឋ។
ដោយសារតែស្ថានភាពផ្លូវមានលក្ខណះតូចចង្អៀត មិនអាចអោយរថយន្តអគ្គិភ័យ ចូលទៅដល់ចំទីតាំងកើតហេតុ ក៏ដូចជាជាចូលទៅចល័តរថយន្តចេញចូលបាន ធ្វើអោយលំនៅឋានបងប្អូនមួយចំនួន បានឆាបឆេះអស់ហ្មត់ជាបន្តបន្ទាប់ទៅហើយ។
ដូច្នោះ សមត្ថកិច្ច បានត្រឹមតែឈប់រថយន្ត នៅខាងលើផ្លូវធំ ហើយទាញទុយោតភ្ជាប់គ្នាអូសចូលទៅកាន់កន្លែងកើតហេតុ ដើម្បីធ្វើការបាញ់ទឹកពន្លត់អណ្តាតភ្លើងប៉ុណ្ណោះ ។
ក្រោយការអន្តរាគមន៍ពីសំណាក់កម្លាំងអាជ្ញាធរ និងក្រុមរថយន្តពន្លត់អគ្គិភ័យអស់ពេលប្រមាណជាង១ម៉ោងរួចមកឃើញថា អគ្គិភ័យត្រូវបានគ្រប់គ្រងស្ថានការណ៍បាន ១០០ភាគរយ ដោយបានបណ្តាលអោយផ្ទះពលរដ្ឋ ០៥ខ្នង ត្រូវភ្លើងឆាបឆេះបំផ្លាញអស់ហ្មត់ទាំងស្រុងតែម្តង។
លោកវរសេនីយ៍ឯកព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់អោយដឹងថា ករណីនេះ សមត្ថកិច្ចជំនាញ បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យអស់ ៣១គ្រឿង ក្នុងការគ្រប់គ្រងការឆាបឆេះខាងលើនេះ។ ដោយឡែកចំពោះមូលហេតុវិញ លោកវរសេនីយ៍ មិនទាន់អាចបញ្ជាក់បាននៅឡើយនោះ ខណ:មន្ត្រីជំនាញរបស់លោកកំពុងធ្វើការស្រាវជ្រាវ។
លោកប្រធានការិយាល័យបន្ថែមថា ៖ បូកបញ្ចូលទាំងករណីអគ្គីភ័យដែលបានឆាបឆេះខាងលើនេះ គឺកើតឡើងសរុប ៣៩ករណីហើយ សម្រាប់ភូមិសាស្ត្ររាជធានីភ្នំពេញ ដោយគិតចាប់ពីដើមខែមករា ដល់ថ្ងៃកើតហេតុ នៃខែមិនា ខាងលើនេះ។
ជុំវិញករណីអគ្គិភ័យ ដដែលនេះ លោកសេង ស៊ីវ៉ានន់ថា ចៅសង្កាត់រងសង្កាត់ស្ទឹងមានជ័យទី២ បានប្រាប់អោយដឹងថា ៖ ក្រោយការកើតហេតុ សមីខ្លួនជាម្ចាស់ផ្ទះកើតហេតុដំបូងឡើយ ត្រូវបានកម្លាំងសមត្ថកិច្ចអញ្ចើញទៅកាន់ប៉ុស្តិ៍រដ្ឋបាលនគរបាលមូលដ្ឋាន ដើម្បីធ្វើការសាកសួរនាំពីដំណើររឿង និងតាមនីតិវិធី ។
គួរបញ្ជាក់ផងដែរថា នៅមួយរយ:ចុងក្រោយមកនេះ ពោលក្នុងកំឡុងដើមឆ្នាំ២០២៣ ដល់ពាក់កណ្តាលខែមិនា នេះ នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ តែងឧស្សាហ៍កើតមាននូវគ្រោះអគ្គិភ័យឆាបឆេះលំនៅឋានបងប្អូនប្រជាពលរដ្ឋជាញឹកញាប់បំផុត ដែលអាចនិយាយជារួមបានថា ស្ទើរតែកើតមានជាប្រចាំថ្ងៃតែម្តង មិនថានៅពេលយប់ ឬពេលថ្ងៃឡើយ ដែលបានឆាបឆេះបំផ្លាញលំនៅឋានពលរដ្ឋជាច្រើន រួមទាំងបង្កអោយមានមនុស្សរងរបួស និងស្លាប់ជាបន្តបន្ទាប់ផងដែរ៕
Post a Comment