ឃាត់ខ្លួនជនសង្ស័យបានចំនួន០៣នាក់ ពាក់ព័ន្ធករណី កាប់យកម៉ូតូ កាប់អ្នកដ៏ទៃ និងឆក់យ៉ាងសកម្មនៅក្រុងប៉ោយប៉ែត

បន្ទាយមានជ័យមានជ័យ៖ ដោយមានការយកចិត្តទុកដាក់ពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យនិងអនុវត្តតាមបទបញ្ជាផ្ទាល់របស់លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត បានបញ្ជាកម្លាំងជំនាញនគរបាលយុត្តិធម៌ចុះទៅធ្វើការឃាត់ខ្លួនជនសង្ស័យបានចំនួនបីនាក់ពាក់ព័ន្ធករណីកាក់ប្លន់យកម៉ូតូ នៅម្ដុំកាស៊ីណូឆៃណាថោន ស្ថិតនៅក្នុងភូមិអូរឬស្សី សង្កាត់អូរឬស្សី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

សូមបញ្ជាក់កាលពីថ្ងៃអង្គារ៍១៥រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនិងនៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង៤និង៥១នាទី ជនរងគ្រោះ បានមករាយការណ៍ជូន កម្លាំងប្រចាំបញ្ជា ដើម្បីជួយអន្តរាគមន៍ ឃាត់ខ្លួនជនសង្ស័យ ដែលបានកាប់យកម៉ូតូរបស់ខ្លួន ។

លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត បានឱ្យដឹងថា ៖បន្ទាប់ពីបានទទួលពត៍មានភ្លាមកម្លាំងប្រចាំបញ្ជាបាន ចុះទៅដល់ ហើយធ្វើការឃាត់ខ្លួនជនសង្ស័យបានចំនួន០២នាក់ ដោយពេលនោះ លើខ្លួនជនសង្ស័យត្រូវបានស្នាមបែក ជាំ ជាច្រើនកន្លែង ដោយប្រជាពលរដ្ឋបានប្រើហិង្សា បន្ទាប់មកទៀត កម្លាំងប្រចាំបញ្ជាបានយកជនសង្ស័យទាំងពីរនាក់ មកអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតដើម្បី ប្រគល់ជូនកម្លាំងជំនាញ បន្ទាប់មកទៀត ក៏ឃាត់ខ្លួនជនសង្ស័យបានម្នាក់ទៀត ដែលបានរត់គេចខ្លួន។     

ជនរងគ្រោះមានឈ្មោះ ហ៊ន ណារ័ត្ន ហៅឆក ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិថ្នល់បត់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានដាក់ពាក្យបណ្ដឹងនិងរៀបរាប់ថា នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង១និង៣០នាទីយប់ ខ្លួនបានជូនមិត្តភ័ក្រ ពីអូរបីជាន់មកក្រុងប៉ោយប៉ែត ដោយមិត្តភ័ក្រមានប្រុស១នាក់ និងស្រី២នាក់ ពេលនោះជិះម៉ូតូរបស់ខ្លួនៗជាអ្នកឌុប ដោយជិះម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីម C125 ពណ៍ខ្មៅ ពាក់ស្លាកលេខបាត់ដំបង1Y-9877 លេខតួនិងលេខម៉ាស៊ីន ៥៦៣២៣៧៩ ។

ជនរងគ្រោះបានប្រាប់សមត្ថកិច្ចថាខ្លួន បានជិះមកដល់ម្ដុំកាស៊ីណូឆៃណាថោន ស្ថិតភូមិអូរឬស្សី សង្កាត់អូរឬស្សី ក្រុងប៉ោយប៉ែត ខ្លួនបានជិះវ៉ាម៉ូតូ២គ្រឿង ដែលមានគ្នា៤នាក់ ភ្លាមនោះម៉ូតូរបស់ខ្លួនបានបែកកង់ ហើយអែបកៀន ស្រាប់តែជនមិនស្គាល់អត្តសញ្ញាណដែលជិះម៉ូតូខាងក្រោយ ប្រដាប់ដោយកាំបិតផ្គាក់ លើកឡើងបំរុងនិងកាប់មកលើពួកខ្លួន ភ្លាមនោះពួកខ្លួនបានឃើញហើយក៏រត់ចោលម៉ូតូ ហើយម៉ូតូរបស់ខ្លួនត្រូវបានពួកវាជិះទៅទាំងបែកកង់ ក្រោយមកខ្លួននិងមិត្តភ័ក្របានទូរស័ព្ទ អោយមកយកនិងស្រាវជ្រាវរកម៉ូតូ ក៏បានឃើញម៉ូតូ និងឃើញជនមិនស្គាល់អត្តសញ្ញាណចំនួន២នាក់ ក្នុងចំណោម៤នាក់ ដែលបានធ្វើសកម្មភាពកាប់យកម៉ូតូ នៅចំនុចម្ដុំវត្តបាលិលេយ្យ ហើយពួកខ្លួនក៏ឃាត់ទុក ពេលនោះមានម្នាក់បានជិះម៉ូតូគេចខ្លួនបាត់ ហើយអោយម្នាក់ដែលរត់មិនរួចអោយឆាតទៅរកគ្នាវាដើម្បីអោយមកជួប ភ្លាមនោះគ្នាវាក៏បានមកជួប រួចពួកខ្លួនឃាត់ទុកតែម្ដង ។បន្ទាប់មកខ្លួនបានមករាយការណ៍ជូនសមត្ថកិច្ច អោយជួយអន្តរាគមន៍តែម្ដង។

ដើមបណ្ដឹងសំណូមពរ ស្នើសុំយកម៉ូតូទៅប្រើប្រាស់វិញ និងសូមអោយសមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់។ 

ជនសង្ស័យចំនួន០៣នាក់ មានឈ្មោះដូចខាងក្រោ៖

១-ឈ្មោះរឿន ទ្រី ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ជាអ្នកកាន់កាំបិតផ្គាក់។

២-ឈ្មោះអឿន សុភ័ណ ហៅខ្លា ស ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅបន្ទប់ជួលម្ដុំវត្តត្រាច ស្ថិតនៅភូមិក្បាលស្ពាន១ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ជាម្ចាស់ម៉ូតូហុងដាវ៉េវ និងជាអ្នកឌុបឈ្មោះរឿន ទ្រី។

៣-ឈ្មោះ ឃឿត ថៃសាន ហៅត្រេន ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ (ជាអ្នកជិះម៉ូតូរបស់ជនរងគ្រោះ)។

សមត្ថកិច្ចបានបញ្ជាក់ឲ្យដឹងទៀតថា ជនសង្ស័យទាំង០៣នាក់ខាងលើបានឆ្លើយសារភាពថា ពួកខ្លួនពិតជាបានធ្វើសកម្មភាពកាប់យកម៉ូតូរបស់ជនរងគ្រោះពិតប្រាកដមែន ចំណែកជនសង្ស័យម្នាក់ទៀតឈ្មោះ ជា ភេទប្រុស អាយុប្រហែល២២ឆ្នាំ ជនជាតិខ្មែរ ផ្ទះនៅខាងភ្នំសំពៅ ខេត្តបាត់ដំបង បានរត់គេចខ្លួនកម្លាំងជំនាញ បានកំពុងស្រាវជ្រាវ ដើម្បីចាត់ការតាមនីតិវិធី ។

ចំពោះជនសង្ស័យឈ្មោះរឿន ទ្រី និងឈ្មោះអឿន ផុន ហៅខ្លាស ត្រូវបានប្រជាពលរដ្ឋ បានវាយ ទាត់ បណ្ដាលអោយមានរបួស បែក និងជាំ។

បន្ទាប់មកកម្លាំងជំនាញបាននាំជនសង្ស័យទៅយក កាំបិតផ្គាក់ ដែលបានធ្វើសកម្មភាពកាប់ពីយប់ ហើយបោះចោល។

សមត្ថកិច្ចបញ្ជាក់បន្តទៀតថា ជនសង្ស័យទាំង០៣នាក់ខាងលើ ជាមុខសញ្ញា កាប់យកម៉ូតូ កាប់អ្នកដ៏ទៃ និងឆក់យ៉ាងសកម្មនៅក្រុងប៉ោយប៉ែត។

បច្ចុប្បន្ន៖ជំនាញស្នើសុំឃាត់ខ្លួនជនសង្ស័យទាំងបីនាក់ខាងលើ ដើម្បីកសាងសំណុំរឿងបញ្ជួនតាមនីតិវិធីនឹងស្នើសុំប្រគល់ម៉ូតូជូនម្ចាស់ដើមវិញ ៕




Powered by Blogger.