មោទភាពណាស់ ! កម្ពុជាទទួលរតនវត្ថុបុរាណខ្មែរដែលបានត្រឡប់មកវិញ

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីទទួលរតនវត្ថុបុរាណខ្មែរដែលបានប្រគល់ជូនព្រះរាជាណាចក្រកម្ពុជាវិញ នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣នេះ។

ការបញ្ជូនត្រឡប់មកវិញនៃសម្បត្តិវប្បធម៌ខ្មែរទាំងនេះ គឺជាកិច្ចសហការយ៉ាងសកម្មបំផុតពីគ្រប់ភាគីពាក់ព័ន្ធ ទាំងស្ថាប័នរដ្ឋ ផ្នែកឯកជន អ្នកជំនាញជាតិ និងអន្តរជាតិ និងទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយបណ្តាប្រទេសនានា ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី ពហុភាគី និងក្របខ័ណ្ឌនៃអង្គការយូណេស្កូ ជាពិសេស កិច្ចសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលសហរដ្ឋអាមេរិក ដោយទទួលបានលទ្ធផលដូចជា៖
កិច្ចព្រមព្រៀងមួយ នាថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២០ រវាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ជាតំណាងនៃរាជរដ្ឋាភិបាលកម្ពុជា និងគ្រួសារលោក ឌូគ្លាស ឡាតហ្វដ (Douglas Latchford) បានប្រគល់ជូនមកកម្ពុជាវិញ នូវវត្ថុបុរាណខ្មែរទាំងអស់ដែលកាន់កាប់រក្សាទុកដោយគ្រួសារ លោកឡាត ហ្វដ។
បន្ថែមពីលើនេះ សម្បត្តិវប្បធម៌ខ្មែរសំខាន់ៗជាច្រើនដែលកាន់កាប់រក្សាទុកដោយសារមន្ទីរនានា និងអ្នកកាន់កាប់សមុច្ច័យឯកជន (មួយចំនួនរឹបអូសបានដោយសមត្ថកិច្ចអាមេរិក និងមួយចំនួនទៀតតាមរយៈការប្រគល់ដោយស្ម័គ្រចិត្ត) ក៏ត្រូវបានបញ្ជូន ត្រឡប់មកកម្ពុជាវិញជាបន្តបន្ទាប់ពីសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស។ ថ្មីៗនេះទៀតសោត គ្រឿងអលង្ការបុរាណខ្មែរធ្វើពីមាស និងលោហៈមានតម្លៃទាំង ធំ-តូច ចំនួន ៧៧គ្រឿង ត្រូវបាននាំយកពីចក្រភពអង់គ្លេសមកដល់កម្ពុជា នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣ ដោយក្រុមការងារកម្ពុជាដឹកនាំដោយ ឯកឧត្តម ហ៊ុន ម៉ានី ក្នុងនាមតំណាងរាជរដ្ឋាភិបាលកម្ពុជា ក្រោមកិច្ចសហការជាមួយរដ្ឋាភិបាលចក្រភពអង់គ្លេស រដ្ឋាភិបាលសហរដ្ឋអាមេរិក និងការជួយសម្របសម្រួលពីស្ថានទូតកម្ពុជា។
ទន្ទឹមនឹងនេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បាន និងកំពុងសហការជាមួយរដ្ឋាភិបាល​សហរដ្ឋអាមេរិក និងប្រទេសដ៏ទៃទៀត ក៏ដូចជាបន្តការចរចាជាមួយស្ថាប័ន និងអ្នកកាន់កាប់​សមុច្ច័យឯកជន ដើម្បីរៀបចំនីតិវិធីទាមទារ និងបញ្ជូនវត្ថុបុរាណខ្មែរជាច្រើនទៀត ត្រឡប់មកកម្ពុជាវិញ។
ក្នុងចំណោមសម្បត្តិវប្បធម៌ខ្មែរដែលទទួលបានមកវិញនេះ មានរូបបដិមាសំខាន់ៗមួយចំនួនផ្នែកព្រហ្មញ្ញសាសនា និងពុទ្ធសាសនា ព្រមទាំងគ្រឿងអលង្ការបុរាណ ក្នុងសម័យមុនអង្គរ និងសម័យអង្គរ ជាពិសេស បដិមាថ្មធំៗដូចជា៖ ព្រះឥសូរ និងព្រះស្កន្ទ, ព្រះស្កន្ទគង់លើក្ងោក និងព្រះគណេស ដែលមានប្រភពដើមមកពី​រមណីយដ្ឋាន​ប្រាសាទកោះកេរ អតីតរាជធានីនៃអាណាចក្រខ្មែរ​នៅសតវត្សរ៍ទី១០នៃគ.ស. ដែលធ្លាប់ជាគោលដៅនៃការលួចទ្រង់ទ្រាយធំអស់ជាច្រើនឆ្នាំនៅក្នុងអំឡុងនៃសម័យសង្គ្រាមស៊ីវិល និងអសន្តិសុខក្នុងស្រុក។
ប្រជាជនកម្ពុជាទាំងមូល ពិតជាមានមោទនភាព និងសេចក្តីរំភើបរីករាយឥតឧបមា ជាមួយនឹងការ​អបអរ​សាទរ​អស់ពីដួងចិត្ត ចំពោះការវិលត្រឡប់មកវិញនូវរតនសម្បត្តិវប្បធម៌​ដែលជាព្រលឹង​ដូនតារបស់ខ្លួន និងជាអត្តសញ្ញាណជាតិ ក្រោមដំបូលនៃសុខសន្តិភាព និងការដឹកនាំប្រកប​ដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។

រូបពី BTV 
























Powered by Blogger.