ពូទីន ព្រមានអង់គ្លេសពាក់ព័ន្ធនឹងការបញ្ជូនគ្រាប់រំសេវរថពាសដែកមានផ្ទុកសារធាតុអ៊ុយរ៉ាញ៉ូមឱ្យ អ៊ុយក្រែន

ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន នៅថ្ងៃទី២១ ខែមីនានេះ បានថ្កោលទោសចក្រភពអង់គ្លេស ជុំវិញការបញ្ជូនគ្រាប់រំសេវរថពាសដែក ដែលមានផ្ទុកសារធាតុអ៊ុយរ៉ាញ៉ូមទៅឱ្យអ៊ុយក្រែន ដោយគាត់ព្រមានថា ទីក្រុងមូស្គូនឹងត្រូវបង្ខំឱ្យធ្វើការឆ្លើយតប។

ថ្លែងនៅឯទីក្រុងឡុងដ៍ នាថ្ងៃទី២០ ខែមីនានេះ រដ្ឋមន្រ្តីការពារជាតិអង់គ្លេស លោកស្រី អាន់ណាប៊ែល ហ្គោលឌី បានបញ្ជាក់ថា គ្រាប់រំសេវមួយចំនួនសម្រាប់រថក្រោះចម្បាំង Challenger 2 ដែលអង់គ្លេសកំពុងបញ្ជូនទៅកាន់អ៊ុយក្រែន ក្នុងនោះក៏រួមមានគ្រាប់រំសេវរថពាសដែកដែលមានផ្ទុកសារធាតុអ៊ុយរ៉ាញ៉ូមផងដែរ។

ប្រសិនបើរឿងទាំងអស់នេះកើតឡើង រុស្ស៊ីនឹងត្រូវឆ្លើយតបទៅតាមនោះដែរ ដោយហេតុថា លោកខាងលិចកំពុងចាប់ផ្តើមប្រើប្រាស់អាវុធដែលមានសមាសធាតុផ្សំនុយក្លេអ៊ែររួចហើយ។ នេះបើតាមការអះអាងរបស់លោក ពូទីន បន្ទាប់ពីកិច្ចប្រជុំកំពូលជាមួយប្រធានាធិបតីចិន លោក ស៊ី ជីនពីង ប៉ុន្តែមេដឹកនាំរុស្ស៊ីរូបនេះមិនបានបញ្ជាក់លំអិតនោះទេ។
ចំណែករដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក សឺហ្គេ ស៊យហ្គូ បាននិយាយថា ការសម្រេចចិត្តរបស់អង់គ្លេសបានបន្សល់ទុកនូវស្នាមដានជើង មុនពេលមានការប៉ះទង្គិចនុយក្លេអ៊ែរដ៏មានសក្តានុពលរវាងរុស្ស៊ី និងលោកខាងលិច។
ដោយឡែកអ្នកនយោបាយ និងអ្នកអត្ថាធិប្បាយរុស្ស៊ីបានធ្វើការកត់សម្គាល់ជាបន្តបន្ទាប់ ចាប់តាំងពីផ្តើមប្រតិបត្តិការយោធាពិសេសនៅអ៊ុយក្រែនកាលពីឆ្នាំមុន ដោយស្នើឱ្យទីក្រុងមូស្គូចាត់វិធានការ ប្រសិនបើចាំបាច់ ហើយត្រូវរៀបចំដើម្បីដាក់ពង្រាយឃ្លាំងអាវុធនុយក្លេអ៊ែរដ៏ធំរបស់ខ្លួន៕


Powered by Blogger.