ថៃ៣នាក់កាប់ចិន២នាក់លើទឹកដីខ្មែរ ត្រូវបានបញ្ជូនទៅតុលាការ
ខេត្តបន្ទាយមានជ័យ៖ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតនៅ ព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣នេះ បានបញ្ជូនខ្លួនជនជាតិថៃចំនួន៣នាក់ទៅសាលាដំបូងខេត្ត ពាក់ព័ន្ធករណីហិង្សាដោយចេតនា កាប់ទៅលើជនជាតិចិន២នាក់ បណ្តាលឱ្យរងរបួសយ៉ាងដំណំ កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ កន្លងទៅ ។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានឱ្យដឹងថា ជនសង្ស័យជនជាតិថៃទាំង៣នាក់ ដែលកម្លាំងជំនាញបានធ្វើការបញ្ជូនខ្លួនទៅសាលាដំបូងខេត្ត នៅព្រឹកមិញនេះរួមមាន៖ ទី១.ឈ្មោះ សូរ៉ាប្រាជ្ញ គិរីពង្ស Soraprach Kiryapong ,ទី២.ឈ្មោះ ស៊ុប៉ាឆ័យ សិទ្ធីមុតSupphachai Setteemut និងទី៣.ឈ្មោះ មុនសាក់ អៃយ៉ូ MONSAK AIMYOO ទាំងបីនាក់ ស្នាក់នៅបណ្តោះអាសន្ន ភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
គួរបញ្ជាក់ថា តាមរយៈលោកវរសេនីយ៍ត្រី ការឃាត់ខ្លួនជនសង្ស័យជាជនជាតិថៃទាំ៣នាក់នេះ ធ្វើឡើងបន្ទាប់ពីទទួលបានពាក្យបណ្តឹងពីជនរងគ្រោះជនជាតិចិន លើករណីហិង្សាដោយចេតនា ប្រព្រឹត្តកាលពីវេលាម៉ោង១១:៣០នាទី ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ ចំណុចមុខវត្តផ្សារកណ្តាល ស្ថិតនៅភូមិសាស្ត្រដែលជនសង្ស័យស្នាក់នៅ។ ដោយក្រុមជនសង្ស័យទាំងនោះ បានធ្វើសកម្មភាពយកកាំបិតប៉័ងតោ កាប់ទៅលើជនរងគ្រោះជាជនជាតិចិន ចំនួនពីរនាក់ ទី១.ឈ្មោះ ឈិន ឈុនវ៉ៃ CHEN CHUN WEI ភេទប្រុស អាយុ៣៤ឆ្នាំ និងទី២.ឈ្មោះ លីន ឈុនហ្វូ LIN CHUN FU ភេទប្រុស អាយុ៤៦ឆ្នាំ បណ្តាលឱ្យរងរបួសជាច្រើនកន្លែង។
ក្រោយឃាត់ខ្លួន និងសួរនាំរួច ជនសង្ស័យទាំង៣នាក់ បានសារភាពថា ពួកខ្លួនពិតជាបានធ្វើសកម្មភាពកាប់ទៅលើជនរងគ្រោះជាជនជាតិចិនពិតប្រាកដមែន។ ដោយផ្អែកលើចម្លើយសារភាព និងមានវត្ថុតាងជាក់ស្ដែងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី៕ រាយការណ៍ដោយ៖ លោក ឈុន មករា
Post a Comment