ជោគជតារាសី សម្រាប់ថ្ងៃសុក្រ ទី១០ ខែមីនា ឆ្នាំ២០២៣
ជោគជតារាសី សម្រាប់ថ្ងៃសុក្រ ៤រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣ ដែលមានដូចតទៅ ៖
ឆ្នាំជូត៖ (ធាតុទឹក ពង្សទេវតាប្រុស) រាសីរបស់អស់លោកអ្នកដែលកើតឆ្នាំជូត ថ្ងៃនេះ ធ្លាក់ចុះ។ បើជាអ្នកធ្វើការ បុគ្គលិកមន្ត្រីរាជការ អាចនឹងគ្មាននរណាចាប់អារម្មណ៍ជាមួយមតិយោបល់របស់អ្នក រហូតធ្វើឱ្យអ្នក កើតជាការអាក់អន់ចិត្ត ធុញធប់ មិនសប្បាយចិត្តក្នុងការបំពេញការងារ ។ បើជាអ្នករកស៊ី ជំនួញជួញដូរតូចធំ ក៏នឹងត្រូវ អង្គុយហាមាត់ស្ងាប ព្រោះតែរកអតិថិជនមិនបាន ។ ដោយឡែកសម្រាប់រឿងគ្រួសារ និងស្នេហា មិនមានភាពរកាំរកូសអ្វីឡើយ ។
ឆ្នាំឆ្លូវ៖(ធាតុដី ពង្សមនុស្សប្រុស) រាសីរបស់អស់លោកអ្នកដែលកើតឆ្នាំឆ្លូវ ថ្ងៃនេះ ធ្លាក់ចុះ ។ ថ្ងៃនេះហាមដាច់ខាត ក្ដៅចិត្តបង្កជម្លោះ ក្រែងធ្វើឱ្យជីវិតធ្លាក់ចុះក្នុងរណ្ដៅកាន់ងតែជ្រៅ។ ត្រូវដោះស្រាយដោយសន្តិវិធី ធ្វើអារម្មណ៍ឱ្យល្អជាមួយអ្នកដទៃ ។ ត្រូវចាំថា ថ្ងៃនេះជាថ្ងៃស៊យរបស់អ្នក ធ្វើអ្វីក៏មិនគប្បប្រសើរ មានកំហុស មិនស្រាកស្រាន្ដ ។ ប្រយ័ត្នប្រយែង មុននឹងសម្រេចចិត្តធ្វើរឿងអ្វីមួយ ។ ចំពោះរឿងគ្រួសារ និងស្នេហា មានតែភាពក្ដៅក្រហាយ ប្រសិនបើអ្នកមិនចេះយោគយល់ និងអធ្យាស្រ័យ ។
ឆ្នាំខាល៖ (ធាតុឈើ ពង្សយក្សស្រី) អស់លោកអ្នកដែលកើតឆ្នាំខាល ថ្ងៃនេះរាសីល្អបង្គួរ ។ លោកអ្នកអាចនឹងសម្រេចការងារបានរលូន និងល្អគ្រប់យ៉ាង ប៉ុន្តែកុំមានអំនួតជ្រុល ខ្លាចនាំទុក្ខដាក់ខ្លួន ។ ថ្ងៃនេះលោកអ្នកអាចនឹងមានទំនោរចាយវាយច្រើន តែត្រូវគិតឱ្យច្បាស់មុនចំណាយ ក្លាចក្រែងទឹកភ្នែកជូតក្បាលជង្គង់។ បើជារឿងគ្រួសារ និងស្នេហា រមែងមានតែភាពផ្អែមល្ហែម ដូចទឹកអប់បំពង់ខ្ចី ។
ឆ្នាំថោះ៖ (ធាតុឈើ ពង្សមនុស្សស្រី) អស់លោកអ្នកដែលកើតឆ្នាំថោះ ថ្ងៃនេះរាសី ឡើងខ្ពស់ត្រដែត ។ ប្រសិនបើលោកអ្នកកំពុងជោគជ័យលើវិស័យអ្វីមួយ ត្រូវតែពង្រីកបន្ថែមនៅថ្ងៃនេះ ព្រោះវានឹងនាំឱ្យអនាគតរបស់អ្នកកាន់តែប្រសើរ ប៉ុន្តែហាមយកគំនិតអ្នកដទៃខ្លាចក្រែនាំឱ្យអសារបង់ ។ ចំពោះរឿងគ្រួសារ និងស្នេហា មានភាពផ្អែមល្ហែម ល្អូកល្អិនជាពន់ពេក ។
ឆ្នាំរោង៖ (ធាតុមាស ពង្សទេវតាប្រុស) រាសីរបស់អស់លោកអ្នកដែលកើតឆ្នាំរោង ថ្ងៃនេះ ធ្លាក់ចុះ។ លោកអ្នកនឹងមានកង្វល់ច្រើន ជាពិសេសគឺវិបត្តិហិរញ្ញវត្ថុតែម្ដង ។ ភាពស្មុកស្មាញកាន់តែកើនឡើងទៅលើអ្នក មិនថាជាអ្នករកស៊ី ឬអ្នកធ្វើការឡើយ ។ ចំពោះរឿងស្នេហា និងគ្រួសារ មានភាពរកាំរកូស មិនចុះសម្រុង នឹងឈានដល់បង្កជាជម្លោះធំផងដែរ ។
ឆ្នាំម្សាញ់៖ (ធាតុភ្លើង ពង្សមនុស្សប្រុស) រាសីរបស់អស់លោកអ្នកដែលកើតឆ្នាំម្សាញ់ ស្ថិតនៅមធ្យម ។ លោកអ្នកអាចប្រកបរបរ ឬកិច្ចការងារប្រចាំថ្ងៃបានល្អធមតាគ្រាន់តែថ្ងៃនេះហាមជឿងប់តាមសម្ដីមិត្តភក្ដិ ។ អ្នកគប្បីត្រូវលះបង់មិត្តភក្ដិខ្លះដែលអ្នកគិតថាមិនមែនជាមិត្តជិតស្និទ្ធស្គាល់ចិត្តថ្លើម ព្រោះក្នុងចំណោមមនុស្សទាំងនោះចាំតែកេងចំណេញ និងជាន់ពន្លិចអ្នកប៉ុណ្ណោះ ។ សម្រាប់រឿងគ្រួសារ និងស្នេហា មិនមានភាពរកាំរកូស ឬបញ្ហាណាមួយឡើយ ។
ឆ្នាំមមី៖ (ធាតុភ្លើង ពង្សទេវតាស្រី) អស់លោកអ្នកដែលកើតក្នុងឆ្នាំមមី ថ្ងៃនេះរាសី ឡើងខ្ពស់ត្រដែត ។ រាល់កិច្ចការងារប្រចាំថ្ងៃទាំងប៉ុន្មានរបស់អ្នក នឹងប្រព្រឹត្តិទៅដោយជោគជ័យ និងល្អប្រសើរ ។ គប្បីសម្រេចចិត្តភ្លាមៗទៅលើគម្រោងណាមួយដែលអ្នកបានគិតទុកសម្រាប់ថ្ងៃអនាគត កុំស្ទាក់ស្ទើរ ព្រោះនោះជាប្រយោជន៍ធំ។ ចំពោះរឿងគ្រួសារ និងស្នេហា គឺមានតែភាពផ្អែមល្ហែម ល្អូកល្អិន និងយល់ចិត្តគ្នាជានិច្ច ។
ឆ្នាំមមែ៖ (ធាតុមាស ពង្សទេវតាស្រី) ថ្ងៃនេះលោកអ្នកដែលកើតឆ្នាំ មមែ រាសី ធ្លាក់ចុះ។ ព្យាយាមកុំចាយវាយច្រើនទៅតាមចំណង់ ជៀសវាជឿតាមពាក្យអូសទាញរបស់មិត្តភក្ដិ អាចនឹងនាំអន្តរាយដល់ខ្លួន ។ ចំពោះកិច្ចការងារប្រចាំថ្ងៃត្រូវយកចិត្តទុកដាក់ឱ្យខ្លាំងបន្តិច ព្រោះលោកអ្នកអាចនឹងត្រូវបាត់បង់ឱកាសល្អសម្រាប់ថ្ងៃខាងមុខ ។ ចំពោះរឿងស្នេហា និងគ្រួសារ អាចនឹងជួបរឿងរកាំរកូសបន្តិចបន្តួច ។
ឆ្នាំវក៖ (ធាតុដែក ពង្សយក្សប្រុស) លោកអ្នកដែលកើតឆ្នាំ វក រាសី ឡើងខ្ពស់ត្រដែត។ លោកអ្នកដូចជាទទួលបានថាមពលពិសេសអ្វីមួយ ដែលជំរុញឱ្យការសម្រេចចិត្តតូចធំទាំងប៉ុន្មាន ប្រកបដោយភាពល្អប្រសើរ ដាក់ចុះដុះឡើង គួរជាទីពេញចិត្ត ។ សម្រាប់អ្នកធ្វើការជាបុគ្គលិក មន្ត្រីរាជការ ក៏នឹងមានឱកាសបានឡើងតំណែងធំ ដូចសេចក្ដីប៉ង ។ ចំពោះរឿងគ្រួសារ និងស្នេហា មានតែភាពផ្អែមល្ហែម និងស្នាមញញឹមជានិច្ច ។
ឆ្នាំរកា៖ (ធាតុដែក ពង្សយក្សប្រុស) អស់លោកអ្នកដែលកើតឆ្នាំរកា ថ្ងៃនេះរាសីល្អបង្គួរ ។លោកអ្នកអាចប្រកបកិច្ចការងារប្រចាំថ្ងៃ បានល្អដូចសព្វមួយដង ។ ថ្ងៃនេះហាមជឿសម្ដីអូសទាញពីអ្នកដទៃ ត្រូវប្រាកដ និងជឿជាក់លើខ្លួនជាជាងអ្នកដទៃ ។ សម្រាប់រឿងគ្រួសារនិងស្នេហា មានភាពល្អូកល្អិន ចុះសម្រុងគ្នា មិនមានរកាំរកូសឡើយ ។
ឆ្នាំច៖ (ធាតុដី ពង្សយក្សស្រី) លោកអ្នកដែលកើតឆ្នាំ ច ថ្ងៃនេះរាសីធ្លាក់ចុះ។អ្នកត្រូវគិតគូរឱ្យបានវែងឆ្ងាយមុននឹងទទួលមតិយោបល់ពីអ្នកដទៃ ព្រោះរាល់គំនិតអុ្នកទាំងនោះអាចនឹងនាំអ្នកឱ្យលិចលង់ខាតបង់ទ្រព្យសម្បត្តិជាដើម ។ ត្រូវគិតឱ្យបានពីរ ឬបី ដង ប្រសិនបើមានបំណងចង់បើកអាជីវកម្ម ឬផ្លាស់ប្ដូរការងារ ។ ចំពោះរឿងគ្រួសារ និងស្នេហា មានភាពរកាំរកូស មិនចុះសម្រុង ហើយប្រសិនបើឆេវឆាវទៀតនោះ អាចនឹងឈានទៅរកការបែកបាក់ទៀតផង ។
ឆ្នាំកុរ៖ (ធាតុទឹក ពង្សមនុស្សស្រី) រាសីរបស់លោកអ្នកដែលកើតឆ្នាំ កុរ ថ្ងៃនេះ ឡើងខ្ពស់ ។ លោកអ្នកនឹងជួបសំណាងធំនៅក្នុងការងារ ឬអាជីវកម្ម តែថ្ងៃនេះត្រូវតែម៉ឺងម៉ាត់កុំចិត្តទន់។ ផែនការអនាគតរបស់អ្នក នឹងឃើញពន្លឺតិចៗ ត្រូវចាប់ឱកាសនេះឱ្យជាប់។ ដោយឡែករឿងស្នេហាវិញ គឺមានភាពរលូន ផ្អែមល្ហែមល្អូនល្អិន ជានិច្ច ៕
Post a Comment