អ្នកលក់មាសផ្សារលើម្នាក់ស្លា.ប់ដោយសារបដាកាត់ទទឹងផ្លូវមួយបាក់រលំពីលើ
សៀមរាប៖ បុរសម្នាក់ដែលត្រូវបានគេស្គាល់ថា ជាអាជីវករលក់មាសនៅក្នុងផ្សារលើខេត្តសៀមរាប ត្រូវបានផ្ទាំងបដាកាត់ទទឹងផ្លូវមួយធ្លាក់បាក់សង្កត់ពីលើដោយសារខ្យល់កន្ត្រាក់ ខណៈកំពុងធ្វើដំណើរដោយម៉ូតូ។ ហេតុការណ៍នេះបានកើតឡើងត្រង់ចំណុចស្តុបសណ្ឋាគារស្មាយលីង (ផ្លូវជាតិលេខ៦ កែងផ្លូវ៦០ម៉ែត្រ) ក្នុងក្រុងសៀមរាប នៅល្ងាចថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣។
ថ្លែងប្រាប់ រយៈតាមទូរសព្ទនាព្រឹកថ្ងៃទី៣០ ខែមីនា នេះ ស្នងការនគរបាលខេត្តសៀមរាប លោកឧត្តមសេនីយ៍ត្រី តេង ច័ន្ទណាត បានបញ្ជាក់ថាក្នុងឧបទ្ទវហេតុនេះមានជនរងគ្រោះចំនួន២នាក់។ ភ្លាមៗនោះរងគ្រោះត្រូវបានបញ្ជូនទៅមន្ទីរពេទ្យខេត្ត ប៉ុន្តែគួរឱ្យសោកស្តាយមានម្នាក់បានទទួលមរណភាពបន្ទាប់ពីទៅដល់មន្ទីរពេទ្យត្រឹមប្រមាណ ២០នាទីតែប៉ុណ្ណោះ និងអ្នករបួសម្នាក់ទៀតរបួសធ្ងន់ដែលកំពុងតែទទួលការព្យាបាល។
យ៉ាងណាមិញ លោកឧត្តមសេនីយ៍ត្រី តេង ច័ន្ទណាត បានបញ្ជាក់បន្ថែមថា៖ «ស្ថានភាពនៅខេត្តសៀមរាបត្រូវបានចរាចរណ៍ឡើងវិញជាធម្មតាហើយ ព្រោះបន្ទាប់ពីមានខ្យល់កន្ត្រាក់មក ក្រុមការងារជាមួយស្នងការដ្ឋានកងរាជអាវុធហត្ថបានអន្តគមន៍ ព្រមទាំងសាលាខេត្តបានជួយកាត់ និងលើកយកបដាហ្នឹងចេញទៅអស់ហើយ ចឹងចរាចរណ៍នៅក្រុងសៀមរាបធម្មតាវិញហើយ។ ដោយឡែក អាកាសធាតុនាព្រឹកនេះ ដូចជាមិនអីទេ»។
ស្របជាមួយគ្នានោះ តាមរយៈបណ្ដាញសង្គមហ្វេកប៊ុក ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប បានរំលេចនូវសាររំលែកទុក្ខ យ៉ាងដូច្នេះថា៖ «ខ្ញុំសូមចូលរួមសោកស្តាយជាមួយបងប្អូនប្រជាពលរដ្ឋចំពោះការខូចខាត និងរំលែកទុក្ខជាមួយក្រុមគ្រួសារសព បងប្រុសផេង ចន្ធូ អាយុ៤៤ឆ្នាំ ដែលបានទទួលមរណភាពក្នុងគ្រោះឧបទ្ទវហេតុភ្លៀងលាយខ្យល់កន្រ្តាក់ក្នុងក្រុងសៀមរាប»។
គួរបញ្ជាក់ផងដែរថា ទីតាំងតុបតែងនានា និងវេទិកានៅម្តុំស្ពានរាជដំណាក់ខេត្ត ត្រូវបានរងការខូចខាតយ៉ាងដំណំដោយសារខ្យល់កន្ត្រាក់នេះ៕
Post a Comment