រកឃើញ​ត្រី​​មាន​ពិសខ្លាំង​បំផុត​ក្នុង​លោក ក្នុង ​ហាង​បាយ១កន្លែង​ ខេត្ត​ភូកេត​ ប្រទេសថៃ

កាល​ពី​​ពេល​ថ្មី​ៗ​នេះ, សមត្ថកិច្ច​ថៃ​ចុះ​ឆែក​ឆេរ​នៅ​ក្នុង​ភោជ​នីយ​ដ្ឋាន​មួយ​កន្លែង​ និង​រក​ឃើញ​​ថា​ទី​នោះ​មាន​ចម្អិន​អាហារ​ពី​​ត្រី​ដែល​​អាច​បង្ក​គ្រោះ​ថ្នាក់​ដល់​អាយុ​ជីវិត​របស់​អតិថិជន​​​។ ករណី​នេះ​កើត​មាន​នៅ​ខេត្ត​ភូកេត​។ បន្ទាប់​ពី​មាន​ពាក្យ​ចចាម​អារ៉ាម​ និង​បាតុភាព​មិន​​ប្រ​ក្រតី​មួយ, សមត្ថកិច្ច​ក៏​ចាត់​កម្លាំង​​ទៅ​​ភោជ​នីយ​ដ្ឋាន​​នោះ​ ហើយ​រក​ឃើញ​ត្រី​​មួយ​ប្រភេទ​ដែល​​ស្ថិត​នៅ​ក្នុង​បញ្ជី​ហាម​ឃាត់​​​​។​ នោះ​គឺ​​ត្រី​ថ្ម​(stonefish)​ដែល​មាន​ជាតិ​ពុល​ខ្លាំង​​ជាង​ត្រី​ណា​ៗ​ទាំង​អស់​​​។

បន្ទាប់​ពី​ទទួល​ការ​រាយ​ការណ៍​ពី​ប្រជា​ពលរដ្ឋ​ថា​ភោជ​នីយ​ដ្ឋាន​នៅ​ភូកេត​នោះ​លក់​សត្វ​ដែល​ស្ថិត​នៅ​ក្នុង​បញ្ជី​​​ហាម​ឃាត់​​, សមត្ថ​​កិច្ច​ក៏​​ចុះ​​ឆែក​ឆេរ​ និង​រក​ឃើញ​​ត្រី​ថ្មចំនួន​មួយ​ក្បាល​។​ ​ក្រោយ​មក, ​សមត្ថ​កិច្ច​សម្រេច​​ចិត្ត​​​នាំ​​ខ្លួន​ម្ចាស់​ហាង​ទៅ​អធិការ​ដ្ឋាន​នគរបាលទី​រួម​ខេត្ត​ភូកេត​ដើម្បី​ចាត់​វិធាន​ការ​ទៅ​តាម​ផ្លូវ​ច្បាប់​។​ សូម​ជម្រាប​ថា​ត្រី​ថ្ម​ជា​សត្វ​ត្រី​ដែល​មាន​ពិស​សាហាវ​ណាស់​។ ​​ពិស​របស់​វា​បញ្ចេញ​មក​ក្រៅ​នៅ​ពេល​យើង​ច្រឡំ​​ដើរ​​ជាន់​ធ្មុង ឬ​​ព្រុយ​​របស់​វា​​។​

ពិស​របស់​ត្រី​ថ្ម​​បើ​មុត​ចូល​​ទៅ​ក្នុ​ងសាច់​របស់​មនុស្ស​​នឹង​បង្ក​ការ​ឈឺ​ចុក​ចាប់​ជា​ទី​បំផុត​។ ​បើ​នរ​ណា​ម្នាក់​ត្រូវ​ពិស​របស់​វា​ហើយ​នៅ​តែ​បណ្ដែត​បណ្ដោយ​​យូរ​​ពេក​ មិន​ព្រម​យក​ទៅ​ពេទ្យ​, ជន​រង​គ្រោះ​អាច​នឹង​ស្លាប់​​។ និយាយ​ទៅ​ពិស​របស់​វា​សាហាវ​ដូច​ពិស​ពស់​ផង​ដែរ​។ ​នៅប្រទេស​ថៃ​, ការ​​​លក់​សត្វ​សមុទ្រ​ដែល​ស្ថិត​នៅ​ក្នុង​បញ្ជី​ហាម​ឃាត់​គឺ​ជា​​បទ​ល្មើស​ធ្ងន់​ធ្ងរ​ ដែល​ត្រូវ​​ពិន័យ​ជា​ប្រាក់​​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់​ និង​​ជាប់​ពន្ធ​នា​គារ​ថែម​ទៀត​។​

នៅ​​ខេត្ត​ភូកេត​, បទ​ល្មើស​ប្រភេទ​នេះ​ធ្លាប់​កើត​មាន​ប៉ុន្មាន​ដង​ផង​ដែរ​​កាល​ពី​​អតីត​កាល​។​ ​​ករណី​​​ភោជ​នីយ​ដ្ឋាន​​​នៅ​ខេត្ត​ភូកេត​លក់​ត្រី​ដែល​មាន​ពិស​បំផុត​នៅ​ក្នុ​ងលោក​នេះ​កើត​ឡើង២​អាទិត្យ​ក្រោយ​ពេល​សមត្ថកិច្ច​​ទើប​តែ​ចុះ​ឆែក​ឆេរ​ភោជ​នីយ​ដ្ឋាន​បណ្ដែត​ទឹក​២​កន្លែង​នៅ​ខេត្ត​ភូកេត​ដដែល​នេះ​។ សមត្ថកិច្ច​រក​ឃើញ​ថា​ភោជនីយ​ដ្ឋាន​ទាំង​២​នោះ​​រក្សា​ទុក​ត្រី​កន្ទុយ​បី​សម្រាប់​ត្រៀម​ធ្វើ​ម្ហូប​ជូន​ភ្ញៀវ​។​ វា​ជា​ប្រភេទ​ត្រី​​​ដែល​​​សមត្ថកិច្ច​មិន​អនុញ្ញាត​ឱ្យ​ចាប់​យក​ទៅ​ធ្វើ​ម្ហូប​​ ឬ​រក្សា​ទុក​ជា​ដាច់​ខាត​​​​​៕​​




Powered by Blogger.