សមត្ថកិច្ចក្របួចបានក្មេងទំនើង១ក្រុម ក្រោយច្បាំងគ្នានៅសួនច្បារសម្តេចស ខេង ក្រុងបាត់ដំបង

ខេត្តបាត់ដំបង៖ បន្ទាប់ពីមានក្មេង​ទំនើង​០២​ក្រុម​ ដែល​បង្ក​ហិង្សា​យ៉ាងអនា​ធិ​ប​តេ​យ្យ​នៅ​លើ​សួនច្បារ​សម្ដេច​ក្រឡាហោម ស ខេ​ង ក្នុង​ក្រុង​បាត់ដំបង កាលពីយប់ទៀបភ្លឺថ្ងៃ​ទី៩មី​នា ពេល​នេះ ​កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល ធ្វើការ​ស្រាវជ្រាវ​តាម​ឃាត់ខ្លួន​បាន​មួយ​ក្រុម​ដែល​មាន​បក្ខពួក​០៤​នាក់ ខណៈ​មួយ​ក្រុម​ទៀតដែល​មាន​បក្ខពួក​យ៉ាងតិច​ពី​៧​ទៅ​៩​នាក់ កំពុងសម្ងំ​លាក់ខ្លួន...​។

ជន​ទំនើង​ទាំង​០៤​នាក់ ដែល​ត្រូវ​ឃាត់ខ្លួនបានរួមមាន៖ ទី១.​ឈ្មោះ ពេជ្រ សកល ហៅ ឃ្លូ អាយុ​១៩​ឆ្នាំ ទី២.​ឈ្មោះ លី​ន ចាន់​ខេ​ង អាយុ​១៩​ឆ្នាំ ទី៣.​ឈ្មោះ សុវណ្ណ វិ​ច្ឆ័​យ អាយុ​២៤​ឆ្នាំ ទាំង​៣​នាក់​នេះ រស់នៅ​ភូមិ​ដំណាក់​ហ្លូ​ង សង្កាត់​វត្ត​គរ ក្រុង​បាត់ដំបង និងទី៤.​ឈ្មោះ ចៅ ប៊ុ​ន​ឡុ​ង អាយុ​២៣​ឆ្នាំ នៅ​ភូមិ​ដង្កោ​ទាប សង្កាត់​ទូល​តា​ឯក ក្រុង​បាត់ដំបង​។ ក្រុម​នេះ​កំពុង​ត្រូវ​បាន​ឃាត់ខ្លួន ដើម្បី​សួរនាំ​នៅ​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល ដែល​ទំនង​អាច​នឹង​ត្រូវ​កសាង​សំណុំ​រឿង​​បញ្ជូន​ទៅ​តុលាការ​ទៀត​ផង​។

លោក ឈឿ​ង គឹ​ម​សុង នាយការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល បាន​ឱ្យដឹង​ថា ក្រុម​ក្មេង​ទំនើង​ចំនួន​០៤​នាក់​ជា​ក្រុម​តែ​មួយ ត្រូវ​បាន​ឃាត់ខ្លួន​នាំ​ទៅ​កាន់​ស្នងការ​ខេត្ត ដើម្បី​សាកសួរ​នាំ​ហើយ​។ លោក​បាន​បញ្ជាក់​ថា ក្រុមក្មេងទំនើង​ចំនួន​០៤​នាក់ គឺជា​ភាគី​ម្ខាង ចំណែកភាគី​ម្ខាង​ទៀត ដែល​មាន​គ្នា​ពី​៧​ទៅ​៩​នាក់ កំពុង​សម្ងំ​លាក់ខ្លួន​ក្រោយ​ពី​ដឹង​ថា កម្លាំង​របស់​លោក​កំពុង​តាម​ប្រមាញ់​។ បើ​តាម​គោល​ការ​ណ៏​របស់​លោកស្នងការ និងតំណាង​អយ្យការ​អម​សាលាដំបូង​ខេត្ត ក្រុម​ជន​ទំនើង​ទាំង​០៤​នាក់​នេះ អាច​នឹង​ត្រូវ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​។ ដោយឡែក ​នៅ​សល់​មួយ​ក្រុម​ទៀត លោកស្នងការ​ចេញ​បញ្ជា​ដាច់ខាត ឱ្យ​កម្លាំង​របស់​លោក​តាម​ក្របួច​ក​ឱ្យ​ខាង​តែ​បាន បើ​ទោះជា​ពួក​គេគេចខ្លួន​ដល់​ជើងមេឃ​ក្ដី​។ ព្រោះ​ពួក​គេ​ បាន​ធ្វើ​ឱ្យ​ប៉ះពាល់​សណ្តាប់​ធ្នាប់​សាធារណៈ និងបំផ្លាញ​មុខមាត់​ខេត្ត​រំ​ដួល​៣​ទង​មួយនេះសម្បើម​ដៃ​ណាស់។ នេះជា​ការបញ្ជាក់បន្ថែមរបស់លោកឈឿ​ង គឹ​ម​សុង។

តាម​ចម្លើយ​សារភាព​របស់​ជន​ទំនើង​ទាំង០៤​ ដែល​ត្រូវ​ឃាត់ខ្លួន បាន​ទ​ទូល​ស្គាល់​ថា ក្រុម​ខ្លួន​ពិតជា​បាន​វាយតប​គ្នា​ជាមួយ​ភាគី​ម្ខាង​ទៀត ដែល​មាន​គ្នា​ពី​៧​ទៅ​៩​នាក់​។ ​ជន​ទំនើង​ទាំង០៤ ក៏បានប្រាប់មូលហេតុ ដែល​នាំ​ឱ្យ​ពួក​គេ​ជិះ​ម៉ូតូ​ចេញ​វាយតប់​គ្នា​យ៉ាង​ដូច្នេះ​ថា «​ពុំ​មានរឿង​អ្វី​ជា​ដុំ​កំ​ភួ​ន​ទេ គឺអំពើ​ហិង្សា​នេះ​ផ្ដើម​ចេញពី​មើល​មុខ​គ្នា​ទៅ​វិញ ទៅ​មក ក្នុង​ន័យ​ឌឺដង​ដាក់​គ្នា ក៏​ផ្ទុះ​ជា​កំហឹង​រហូត​ជិះ​តាម​គ្នា លុះ​មក​ដល់​ក្បាលស្ពាន ក៏​ឈប់​វាយ​គ្នា រត់​ពេញ​សួន​តែ​ម្ដង​»​។

សូមបញ្ជាក់ថា កាលពី​វេលា​ម៉ោង​៣ៈ​៤០​នាទី​ទៀប​ភ្លឺ​ថ្ងៃ​ទី០៩មី​នា មាន​ក្រុម​ក្មេង​ទំនើង​ចំនួន​០២​ក្រុម បាន​ដេញ​វាយតប់​គ្នា​យ៉ាង​អនាធិ​ប​តេ​យ្យ នៅ​លើ​សួនច្បារ​សម្ដេច​ក្រឡាហោម ស ខេ​ង ស្ថិត​នៅ​ភូមិ​រំចេក​៤ សង្កាត់​រតនៈ ក្រុង​បាត់ដំបង​។ តាម​រយៈ​វី​ដេ​អូ​ឃ្លីប ដែល​មាន​រយៈពេល​ជិត​០១​នាទី ដែល​គេ​អះអាង​ថា ថត​ផ្ទាល់​ដោយ​អ្នក​រត់​ម៉ូតូឌុប​ពេល​យប់ បាន​បង្ហាញ​ពី​សកម្មភាព​ក្រុម​ជន​អន្ធពាល​ទាំង​០២​ក្រុម​នោះ ដេញ​វាយ​គ្នា​យ៉ាង​ឃោរ​ឃៅ​រត់ឡើង​លើ​សួនច្បារ​។ គេ​មិនដឹង​ថា ក្រុម​ក្មេង​ទំនើង​ទាំង​០២​ក្រុម​នេះ ជិះ​ម៉ូតូ​ដេញ​គ្នា​ពី​ណា​មក​ទេ តែ​ពួក​គេ​មក​ឈប់​នៅ​ក្បាលស្ពាន សម្ដេច​ក្រឡាហោម​ត្រើយ​ខាងកើត រួច​ចុះ​ពីលើ​ម៉ូតូ​ដេញ​វាយ​គ្នា​តែ​ម្ដង​៕ រាយការណ៍ដោយ៖ សុខ វិឆ័យ


Powered by Blogger.