នាវាដឹកសម្ភារៈយោធាចិន សម្រាប់ធ្វើសមយុទ្ធជាមួយកងទ័ពកម្ពុជាបានមកដល់កំពង់ផែខេត្តព្រះសីហនុ
នាវាដឹកសម្ភារៈរបស់កងទ័ពរំដោះប្រជាជនចិន សម្រាប់ធ្វើសមយុទ្ធជាមួយកងទ័ពកម្ពុជា ដែលមានឈ្មោះថា« នាគមាសឆ្នាំ២០២៣»បានមកដល់កំពង់ផែខេត្តព្រះសីហនុ ហើយគ្រោងនឹងដឹកបន្តទៅកាន់ទីលានសមយុទ្ធ នៅភ្នំជុំរីករាយ ខេត្តកំពង់ឆ្នាំងនាថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣នេះ។
សូមបញ្ជាក់ថា កងទ័ពកម្ពុជា និងចិន នឹងធ្វើសមយុទ្ធរួមគ្នា ដោយមានលក្ខណៈទ្រង់ទ្រាយធំ ចាប់ពីថ្ងៃទី២៣ ខែមីនា ដល់ថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៣នេះ ក្នុងគោលបំណងការពារនូវសន្តិសុខចំពោះព្រឹត្តិការណ៍ធំៗ និងរបៀបជួយប្រជាពលរដ្ឋដែលជួបគ្រោះមហន្តរាយនានាដែលកើតចេញពីយថាហេតុណាមួយនោះ។
កងទ័ពនៃប្រទេសទាំងពីរបានឯកភាពគ្នាធ្វើសមយុទ្ធរួមគ្នា នៅមជ្ឃមណ្ឌលហ្វឹកហ្វឺនរបស់កងរាជអាវុធហត្ថ(ភ្នំជុំរីករាយ) ស្ថិតនៅក្នុងភូមិសាស្ត្រ ឃុំពាម ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ដោយសមយុទ្ធនេះគឺជាការផ្សារភ្ជាប់កិច្ចសហប្រតិបត្តិការរវាងកងទ័ពប្រទេសទាំងពីរក្នុងការលើកកម្ពស់ទំនាក់ទំនងល្អ បង្កើនចំណងសាមគ្គីភាព មេត្រីភាព ការបណ្ដុះបណ្តាលចំណេះដឹង ចំណេះធ្វើ ផ្លាស់ប្ដូរបទពិសោធន៍ ចេះសម្របសម្រួល ចេះរស់នៅនិងធ្វើការងាររួមគ្នា ជាមួយជាតិសាសន៍ជាច្រើនក្នុងពេលធ្វើប្រតិបត្តិការរួមគ្នា ក៏ដូចជាឆ្លើយតប ទៅនឹងបញ្ហាប្រឈមនានាដែលមិនមែនជាប្រពៃណីជាដើម។
សូមរំលឹកផងដែរថា សមយុទ្ធនាគមាសរវាងកម្ពុជា-ចិន បានចាប់ផ្ដើមធ្វើតាំងពីឆ្នាំ២០១៦ រហូតមកដល់ពេលនេះគឺបានចំនួន ៤លើករួចមកហើយ គឺនៅក្នុងឆ្នាំ២០១៦ ,២០១៨, ២០១៩ និងឆ្នាំ ២០២០ ។ កងទ័ពទាំងពីរបានផ្អាកមួយរយៈ គឺនៅឆ្នាំ ២០១៧ ដោយជាប់រវល់ក្នុងយុទ្ធនាការបង្ក្រាបគ្រឿងញៀន និងការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់។ ឆ្នាំ ២០២១ និងឆ្នាំ២០២២ដោយសារតែប្រទេសទាំងពីរ ប្រឈមនឹងការឆ្លងរីករាលដាលជំងឺកូវីដ-១៩៕
Post a Comment