កម្ពុជានឹងបើកការដ្ឋានសាងសង់ជាផ្លូវការ នូវគម្រោងវារីអគ្គិសនីទី៨របស់ខ្លួន ឆាប់ៗនេះ

ខេត្តពោធិ៍សាត់៖ បច្ចុប្បន្នប្រទេសកម្ពុជា មានអានុភាពថាមពលអគ្គិសនីសរុបប្រមាណ ៤០០០មេហ្គាវ៉ាត ដែលបានមកពីប្រភពនានា ក្នុងនោះ កម្ពុជាមានទំនប់វារីអគ្គិសនីចំនួន០៧ ដែលកំពុងដំណើរការ​ផលិតថាមពលអគ្គិសនីមានអានុភាពប្រមាណ ១៤០០មេហ្គាវ៉ាត បញ្ចូល​ទៅក្នុងបណ្តាញជាតិ ។

តាមការគ្រោងទុកនៅសល់តែប៉ុន្មានថ្ងៃទៀត ​សម្តេចតេជោ ហ៊ុន សែន ​នាយករដ្ឋមន្ត្រី នៃកម្ពុជា នឹង​អញ្ជើញជាអធិបតីភាពក្នុងពិធីបើកការដ្ឋានសាងសង់ជាផ្លូវការនូវ ​គម្រោងវារីអគ្គិសនីស្ទឹង​ពោធិ៍សាត់១ ​ដែលជាគម្រោងវារីអគ្គិសនីទី០៨ នៅក្នុងប្រទេសកម្ពុជា ហើយក៏ជាគម្រោង​វារីអគ្គិសនីទី២​ផងដែរ ក្នុងទឹកដីនៃខេត្តពោធិ៍សាត់។

គម្រោងវារីអគ្គិសនីស្ទឹងពោធិ៍សាត់១ គឺមានទីតាំងស្ថិតភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ដែលមានអានុភាព៨០ មេហ្គាវ៉ាត នារដូវវស្សា និង៤០មេហ្គាវ៉ាតនារដូវប្រាំង គ្រោង​បញ្ចប់ការសាងសង់ និងដាក់ឱ្យ​ដំណើរការក្នុងឆ្នាំ២០២៦ ។ គម្រោងវារីអគ្គិសនីនេះ ប្រើទុនវិនិយោគប្រមាណ ២៣១លានដុល្លារអាមេរិក ​ដោយក្រុមហ៊ុនកូរ៉េខាងត្បូង SPHP (Cambodia)Co.,Ltd ។

ក្នុងឱកាសចុះពិនិត្យ វឌ្ឍនភាពការងារគម្រោងវារីអគ្គិសនីស្ទឹងពោធិ៍សាត់១ ឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល មានប្រសាសន៍ថា គម្រោងវារីអគ្គិសនីស្ទឹងពោធិ៍សាត់១ ត្រូវបាន​ធ្វើការសិក្សាអស់ជាច្រើនឆ្នាំហើយក្រុមការងារ​អន្តរក្រសួង អាជ្ញាធរខេត្ត និងភាគីក្រុមហ៊ុន បានអនុវត្តន៍សំណងជូនប្រជាពលរដ្ឋចំនួន៣៤២គ្រួសារ ដែលរងផលប៉ះពាល់ពីគម្រោង រួមមាន​ការផ្តល់ថវិកា ផ្ទះ ការតាំងទីលំនៅថ្មី ដីកសិកម្ម និងហេដ្ឋារចនាសម្ព័ន្ធសាធារណៈបានរួចរាល់ហើយ ។

ឯកឧត្តម ស៊ុយ សែម ប្រសាសន៍បន្តថា ​គម្រោងវារីអគ្គិសនីស្ទឹងពោធិ៍សាត់១ ជាគម្រោងមួយដ៏ល្អ ព្រោះថាក្រៅពីផលិតថាមពលអគ្គិសនី ទីតាំង​គម្រោងវារីអគ្គិសនីនេះ​មានសក្តានុពលផ្នែក​ទេសចរណ៍​ធម្មជាតិដ៏ស្រស់ស្អាតសម្រាប់ពេលអនាគត់ ហើយក្រោយ​សាងសង់រួច​វារីអគ្គិសនីនេះ​នឹងក្លាយជាទំនប់ទឹកដែលអាចរួមចំណែកជួយកាត់បន្ថយគ្រោះទឹកជំនន់ក្នុងខេត្តពោធិ៍សាត់បាន ជាពិសេសនោះគម្រោងវារីគ្គិសនីនេះក៏នឹងក្លាយជាអាងស្តុបទឹកទុកសម្រាប់ ​ស្រោចស្រព ដំណាំ​ស្រូវប្រជាពលរដ្ឋនារដូវប្រាំងផងដែរ ។

សូមបញ្ជាក់ដែរថា គម្រោងវារីអគ្គិសនីស្ទឹងពោធិ៍សាត់១ ជាគម្រោងវារីអគ្គិសនីទី២ ក្នុង​ខេត្តពោធិ៍សាត់ ​ដោយគម្រោងទី១ ​គឺវារីអគ្គិសនីស្ទឹងអាតៃ ដែលបានបើកសម្ពោធ​ដាក់​អោយ​ប្រើប្រាស់​ជាផ្លូវការតាំងពីខែមីនា ឆ្នាំ២០១៤ ​មានទីតាំងស្ថិតក្នុងភូមិឆាយលូក ឃុំអូរសោម ស្រុកវាលវែង​ មានអានុភាព១២០មេហ្កាវ៉ាត់ ​ដោយចំណាយថវិកាវិនិយោគ​សរុប ២៥៥,៣០លាន ដុល្លារអាមេរិក ។

ក្រៅពីគម្រោងវារីអគ្គិសនីធំៗទាំង២នេះ ​បច្ចុប្បន្នពោធិ៍សាត់ជាខេត្ត ដែលមានស្ថានីយ​ផលិត​ថាមពល​អគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យធំជាងគេនៅកម្ពុជា មានអានុភាពសរុប៩០មេហ្គាវ៉ាត ។




Powered by Blogger.