ផ្ទុះ​ប្រតិកម្ម​សុំ​ដក​លោកនាយក​វិទ្យាល័យ រឿង​រៃ​អង្គាសប្រាក់​ពី​សិស្ស​ម្នាក់​១០​ដុល្លារ​

ខេត្តស្វាយរៀង ៖ ផ្ទុះ​ការ​តវ៉ា​យ៉ាង​ខ្លាំង​ពី​សំណាក់​លោកគ្រូ អ្នកគ្រូ និង​អាណាព្យាបាល​របស់​សិស្ស សុំ​ឲ្យ​ក្រសួង​អប់រំ យុវជន និង​កីឡា ដក​លោក ចាន់ គឹ​ម​សែន នាយក​វិទ្យាល័យ ហ៊ុន​សែន ប្រសូតិ ចេញពី​មុខ​តំណែង​។ ក្រោយ​ផ្ទុះ​រឿងអាស្រូវ​នៅ​វិទ្យាល័យ​ហ៊ុន​សែន​ប្រសូតិ ដោយ​ចោទប្រកាន់​លោក ចាន់ គឹ​ម​សាន នាយក​វិទ្យាល័យ រឿង​រៃ​អង្គាសប្រាក់​សិស្ស​ក្នុង​ម្នាក់​ៗ១០​ដុល្លារ ដើម្បី​ធ្វើ​សួនច្បារ ធ្វើ​ឲ្យ​មានការ​ប្រតិកម្ម​ពី​អាណាព្យាបាល​សិស្ស និង​លោកគ្រូ អ្នកគ្រូ ហើយ​ស្នើ​ឲ្យ​សុំ​អាជ្ញាធរ និង​ក្រសួង​អប់រំ ជួយ​អន្តរាគមន៍​ដកហូត​មុខ​តំណែង​លោកនាយក​វិទ្យាល័យ ហ៊ុន សែន ប្រសូតិ​នេះ​ផង​។

ហើយ​នៅ​ព្រឹក​ថ្ងៃ​ទី​១៥ ខែមីនា ឆ្នាំ​២០២៣ លោក​ប្រធាន​មន្ទីរ​អប់រំ យុវជន និង​កីឡា​ខេត្តស្វាយរៀង បាន​ចាត់​ឱ្យ​មន្ត្រី​ក្រុមការងារ មន្ទីរ​អប់រំ ចុះ​ដោះស្រាយ ក៏​ប៉ុន្តែ​លទ្ធផល គឺ​មិន​ឯកភាព​ពី​លោកគ្រូ អ្នកគ្រូ ធ្វើ​ឲ្យ​កាន់តែ​មានការ​សន្ទុះ​តវ៉ា​ជា​ខ្លាំង​។ លុះ​មក​ដល់​ថ្ងៃ​ទី​១៦ ខែមីនា ឆ្នាំ​២០២៣​នេះ លោកគ្រូ អ្នកគ្រូ ចំនួន​៥៤​នាក់ ក្នុង​ចំណោម​៩៨​នាក់ បាន​ធ្វើ​លិខិត​ផ្តិត​មេដៃ សុំ​ដក​លោក ចាន់ គឹ​ម​សែន នាយក​​វិទ្យាល័យ ហ៊ុន សែន ប្រសូតិ ចេញពី​មុខ​តំណែង​ឲ្យ​ខាង​តែ​បាន​។

យោង​តាម​ហ្វេ​ស​ប៊ុ​ក​លោកគ្រូ អា៑ម សំ​អ៊ី​ម ផ្នែក​ជីវៈវិទ្យា ជា​គ្រូបង្រៀន​នៅ​វិទ្យាល័យ ហ៊ុន សែន ប្រសូតិ ស្រុក​ស្វាយ​ទាប ខេត្តស្វាយរៀង បាន​ទម្លាយ​រឿងអាស្រូវ​ដ៏​រ​ស៊ើប​ដែល​មិន​អាច​ទទួលយក​បាន​ពី​មាតាបិតា និង​អាណាព្យាបាល​សិស្ស ដែល​លោកនាយក​វិទ្យាល័យ​ប្រសូតិ រៃ​អង្គាសប្រាក់​ចំនួន​១០​ដុល្លារ​ពី​សិស្ស ដើម្បី​ធ្វើ​សួនច្បារ​។ 

លោកគ្រូ​បាន​លើក​ឡើង​ថា សម្រាប់​វិទ្យាល័យ​ហ៊ុន​សែន​ប្រសូតិ ថវិកា​ដែល​បាន​មក​ពី​ដេញថ្លៃ​ផ្ញើ​កង់​ម៉ូតូ​ចំនួន​៦០​លាន​រៀល និង​ថ្លៃ​តូប​លក់ដូរ​ចំនួន​៧​លាន​រៀល​ទៀត​ក្នុង​១​ឆ្នាំ ដូច្នេះ​១​ឆ្នាំ​ទទួល​បាន​ចំនួន​៦៧​លាន​រៀល ដើម្បី​យក​មក​អភិវឌ្ឍន៍​សាលារៀន ចុះ​ហេតុ​អ្វី​នៅ​ពេល​នេះ​លោកនាយក​វិទ្យា​ល័យ ហ៊ុន សែន​ប្រសូតិ គឺ​លោក​ចាន់ គឹ​ម​សែន នេះ មក​រៃ​លុយ​របស់​សិស្ស​ចំនួន​១០​ដុល្លារ នៅ​អគារ D ដែល​យក​ថវិកា​នេះ​ថា ធ្វើ​សួនច្បារ​ខាង​មុខ​អគារ​បន្ថែម?​។

លោកគ្រូ​បាន​បន្ត​ថា ក្នុង​នាម​ជា​គ្រូបង្រៀន​ម្នាក់​ក្នុង​វិទ្យាល័យ​នេះ ហើយ​ក៏​ក្នុង​នាម​ជា​អាណាព្យា​បាល​ដែល​មានកូន​ចំនួន​៣​នាក់​រៀន​នៅ​ក្នុង​សាលា​នេះ​ដែរ សូម​ធ្វើការ​ជំទាស់​ចំពោះ​ការ​រៃ​អង្គាស​ថវិកា​ពី​សិស្ស​នេះ ព្រោះ​សាលា​មាន​ប្រាក់​សម្រាប់​អភិវឌ្ឍន៍​រួច​ហើយ គឺ​ប្រាក់​ផ្ញើ​កង់​ម៉ូតូ​និង​ប្រាក់​ថ្លៃ​តូប​ជា​ប្រចាំឆ្នាំ​ប្រមាណ​៦៧​លាន​រៀល​។

លោក​បាន​បន្ត​ថា ចំពោះ​ករណី​រៃ​អង្គាសប្រាក់​ពី​សិស្ស​នេះ គឺ​ទើបតែ​អនុវត្ត​នៅ​ក្នុង​អគារ D ចំណែក​អគារ​ផ្សេង​ៗ​ទៀត​មិន​ទាន់​ធ្វើ​នោះ​ទេ​។ បើ​តាម​លោកគ្រូ អ៊ី​ម បាន​បញ្ជាក់​ថា ករណី​រៃ​ប្រាក់​ពី​សិស្ស​នេះ បើ​អនុវត្ត​នូវ​អគារ D បាន​ជោគជ័យ និង​បន្ត​ទៅ​ធ្វើ​អគារ​ផ្សេង​ៗ​ទៀត​ជាក់​ជា​មិន​ខាន​ឡើយ​។ ហើយ​ករណី​នេះ ជា​ករណី​លើក​ទី​១​ផង​ដែរ សម្រាប់​ការ​រៃ​អង្គាស​ពី​សិស្ស​ចំនួន​១០​ដុល្លារ ដោយ​រយៈកាល​កន្លង​មក លោកនាយក​បាន​ធ្វើបុណ្យ​ផ្កា​សាមគ្គី ដើម្បី​ប្រមូល​បច្ច័យ​កសាង​សាលា​ដែរ ហើយ​ក្នុង​នោះ​ក៏​បាន​ដាក់​កំហិត​ដល់​សិស្ស​ម្នាក់​ចំនួន​២​ម៉ឺន​រៀល និង​លោកគ្រូ អ្នកគ្រូ​ចំនួន​៥​ម៉ឺន​រៀល និង​មានការ​ចូលរួម​ពី​សប្បុរ​ជន​ជា​ច្រើន​ទៀត ដើម្បី​យក​ទៅ​ធ្វើ​សួនច្បារ តែ​សួនច្បារ​ទាំងនោះ មាន​ដូច​ជា រូបសំណាក​សុទ្ធ​សឹង​ជា​ចូលរួម​ថវិកា​របស់​លោកគ្រូ អ្នកគ្រូ ក្នុង​ការ​កសាង​ផង​ដែរ​។

លោកគ្រូ​បាន​បញ្ជាក់​ថា រាល់​ការ​ប្រជុំ ក៏​ដូច​ជា​ការ​ដឹកនាំ​របស់​លោកនាយក​សាលា ចាន់ គឹ​ម​សែន គឺ​តែងតែ​និយាយ​ពាក្យ​អសុរោះ​មិន​សាក​សមជា​គ្រូបង្រៀន ហើយ​លោកគ្រូ អ្នកគ្រូ​មិន​អាច​និយាយ​អំពី​បញ្ហា​កង្វល់​របស់​ខ្លួន​នៅ​ក្នុង​អង្គប្រជុំ​បាន​ទេ អនុម័ត​ដែល​ខ្លួនឯង​ជាដើម​។​ហើយ​រាល់​ការ​អភិវឌ្ឍន៍​នៅ​ក្នុង​សាលា​វិទ្យាល័យ​ហ៊ុន សែន​ប្រសូតិ លោកគ្រូ អ្នកគ្រូ​តែងតែ​ចូលរួម​ជា​ថវិកា​ក្នុង​ការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​សាលា​ជា​បន្តបន្ទាប់​។

ក្នុង​នាម​ជា​អាណាព្យាបាល ក៏​ដូច​ជា គ្រូបង្រៀន​ម្នាក់ ក្នុង​វិទ្យាល័យ​ហ៊ុន​សែន​ប្រសូតិ លោកគ្រូ អ៊ា​ង សំ​អ៊ី​ម សូម​សំណូមពរ​លោក​អភិបាល​ខេត្តស្វាយរៀង និង​ក្រសួង​អប់រំ យុវជន និង​កីឡា សូម​មេត្តា​មក​ពិនិត្យ​មើល​ការ​ដឹកនាំ​របស់​លោក ចាន់ គឹ​ម​សែន ជានា​យក​វិទ្យាល័យ​ហ៊ុន​សែន​ប្រសូតិ ដែល​មានការ​រៃ​អ​អង្គាសប្រាក់​ពី​សិស្ស​ចំនួន​១០​ដុល្លារ​នៅ​អគារ​D និង​ការ​ដឹកនាំ​មិន​ស៊ីសង្វាក់​ជាមួយ​លោកគ្រូ អ្នកគ្រូ ដែល​បង្រៀន​នៅ​ក្នុង​សាលា​នេះ​ផង ដើម្បី​ពង្រឹង​ការ​វិជ្ជាជីវៈ​គ្រូបង្រៀន ក៏​ដូច​ជា​វិស័យ​អប់រំ​ឲ្យ​រឹង​មាំ ជា​ពិសេស​គឺ​ធ្វើ​យ៉ាងណា កុំឱ្យ​មានការ​រៃ​អង្គាសប្រាក់​ពី​សិស្ស​តទៅ​ទៀត​។

ពាក់ព័ន្ធ​នឹង​ករណី​ខាងលើ​នេះ លោក ចាន់ គឹ​ម​សែន នាយក​វិទ្យាល័យ​ហ៊ុន សែន​ប្រសូតិ បាន​បញ្ជាក់​ប្រាប់​កោះសន្តិភាព​ថា ចំពោះ​ករណី​រិះគន់​ពាក់ព័ន្ធ​នឹង​ការ​រៃ​អង្គាស​លុយ​សិស្ស​ចំនួន​១០​ដុល្លារ គឺ​មិន​ពិត​ទេ​។ លោក​នឹង​ជូន​ការ​បកស្រាយ​របស់​អាណាព្យាបាល​សិស្ស របស់​គ្រូ​បន្ទុក​ថ្នាក់ របស់​គណៈ​កម្មការ​អភិវឌ្ឍ​ថ្នាក់រៀន និង​គណៈកម្មការ​គ្រប់គ្រង​សាលារៀន នោះ​នឹង​បាន​ជ្រាប​ទាំងអស់​គ្នា​៕




Powered by Blogger.