ប្រសាសន៍​សំខាន់ៗ​ របស់​សម្ដេច​តេ​ជោ ហ៊ុន សែន ថ្លែង​ក្នុង​អបអរសាទរ​ទិវា​វប្បធម៌​ជាតិ ៣​មីនា និង​ពិសារ​អាហារ​សាមគ្គី ជាមួយ​សិល្បករ-សិល្បការិនី​

Read News TV​៖ នៅ​រសៀល​ថ្ងៃទី​០២ ខែមីនា ឆ្នាំ​២០២៣​នេះ សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាន​អញ្ជើញ​ជា​អធិបតីភាព​ក្នុង​ពិធី​អបអរសាទរ​ទិវា​វប្បធម៌​ជាតិ ៣​មីនា លើក​ទី​២៥ និង ពិសារ​អាហារ​សាមគ្គី ជាមួយ​សិល្បករ​-​សិល្បការិនី នៅ​មជ្ឈមណ្ឌល​សន្និបាត និង​ពិព័រណ៍​កោះ​ពេជ្រ​។​



​ខាងក្រោម​នេះ​ជា​ប្រសាសន៍​សំខាន់ៗ​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន​៖

-​ សម្ដេច​តេ​ជោ ហ៊ុន សែន​៖ ទិវា​វប្បធម៌​ជាតិ គឺជា​ទិវា​ដ៏​មាន​សារៈសំខាន់​មួយ ដើម្បី​រម្លឹក​ដល់​បុព្វបុរស ខ្មែរ​គ្រប់​ជំនាន់ ដែល​បាន​បន្សល់ទុក​នូវ​មរតក​វប្បធម៌​ដ៏​មានតម្លៃ​ដល់​អ្នកជំនាន់ក្រោយ​។​

-​ សម្ដេច​តេ​ជោ ហ៊ុន សែន​៖ ប្រធានបទ «​យុវជន ដើម្បី​វប្បធម៌​ជាតិ​» គឺ​ស្រប​គ្រប់​ដំណាក់កាល​ទាំង អស់ ដោយសារតែ​យុវជន​បាន​ពលី និង​លះបង់​ស្ទើរ​គ្រប់បែបយ៉ាង​តាំងពី​ថ្ងៃ​រំដោះ ៧ មករា ១៩៧៩ មក​។​

-​ សម្ដេច​តេ​ជោ ហ៊ុន សែន​៖ ត្រូវ​បង្កើន​ការអភិវឌ្ឍ​ធនធានមនុស្ស​លើ​វិស័យ​វប្បធម៌ ជាពិសេស​ការបង្កើត​នូវ​ស្នាដៃ​ថ្មីៗ ប្រកបដោយ​ក្រមសីលធម៌​វិជ្ជាជីវៈ និង​ស្តង់ដា​សកល​។​

- ​សម្ដេច​តេ​ជោ ហ៊ុន សែន​៖ ត្រូវ​បន្ត​ពង្រឹង​ប្រសិទ្ធភាព​ការងារ​អភិរក្ស​សំណង់​បុរាណ សិលាចារឹក ប្រពៃណី​ទំនៀមទម្លាប់​នានា ជាពិសេស​ទំនៀម​ប្រពៃណី​របស់​ជនជាតិដើម​ភាគ តិច​។​

-​ សម្ដេច​តេ​ជោ ហ៊ុន សែន​៖ ត្រូវ​រៀបចំ​ឱ្យមាន​សហគមន៍​វប្បធម៌​ឱ្យបាន​គ្រប់​ទីកន្លែង រហូតដល់​ភូមិ ស្រុក​។​

-​ សម្ដេច​តេ​ជោ ហ៊ុន សែន ស្នើ​រាជបណ្ឌិត្យសភាកម្ពុជា និង​ស្ថាប័ន​ពាក់ព័ន្ធ​រៀបចំ​បកប្រែ​ភាសាបរទេស ដែល​កំពុងតែ​ប្រើប្រាស់​ច្រើន​នៅក្នុង​សម័យ​បច្ចុប្បន្ន​។​

-​ សម្ដេច​តេ​ជោ ហ៊ុន សែន ស្នើឱ្យ​ផ្ដោត​ការយកចិត្តទុកដាក់​ទៅលើ​ការ​សាង​ស្នាដៃ​សិល្បៈ ដោយ​គោរព​តាម​ក្បួនខ្នាត​ឱ្យបាន​ត្រឹមត្រូវ ដើម្បី​ទុកជា​មរតក ដល់​អ្នកជំនាន់ក្រោយ​។​

- ​សម្ដេច​តេ​ជោ ហ៊ុន សែន ស្នើឱ្យ​យកចិត្តទុកដាក់​រក្សា​ថែ​វង់ភ្លេង​ពិណពាទ្យ និង​ឆៃយ៉ាំ ព្រមទាំង​មានការ​បណ្ដុះ​បណ្ដាលឱ្យមាន​អ្នក​បន្តវេន​លើ​វង់ភ្លេង​ទាំងនេះ​។​

- ​សម្ដេច​តេ​ជោ ហ៊ុន សែន ស្នើឱ្យ​មានការ​ប្រគំ​ភ្លេងពិណពាទ្យ នៅក្នុង​ពិធីបុណ្យ​ផ្សេងៗ ជំនួស​ឱ្យ​ការចាក់​ភ្លេង​នេះ​នៅក្នុង​ឧបករណ៍​បំពង​សំឡេង​។​

- ​សម្ដេច​តេ​ជោ ហ៊ុន សែន អំពាវនាវ​ឱ្យមាន​ការសម្របសម្រួល ដើម្បី​កុំឱ្យ​មានទំនាស់​ទៅ​ថ្ងៃក្រោយ ទៀត គឺ​បើ​ប្រកួត​នៅ​កម្ពុជា គួរប្រើ​ឈ្មោះ​ប្រកួត​គុន​ខ្មែរ​, បើ​ប្រកួត​នៅ​ថៃ គួរប្រើ​ប្រកួត​មួយ​ថៃ​, បើ​ប្រកួត​នៅ​ឡាវ គួរប្រើ​គុន​ឡាវ ទៅ​។​

-​ សម្ដេច​តេ​ជោ ហ៊ុន សែន​៖ ខ្ញុំ​សូម​ឧទ្ទិស​សមិទ្ធផល​ការងារ​វប្បធម៌​សិល្បៈ និង​ទិវា​វប្បធម៌​ជាតិ ដល់​រៀមច្បង និង​អ្នកជំនាញ​សិល្បៈ​វប្បធម៌ ចំនួន ១០ រូប ដែល​បានទទួល​មរណភាព​កាលពីពេល​ថ្មីៗ កន្លងទៅនេះ​។​






Powered by Blogger.