ពូទីន ថា លោកត្រៀមខ្លួនជាស្រេចដើម្បីពិភាក្សាអំពីផែនការសន្តិភាពរបស់ចិនក្នុងកិច្ចពិភាក្សាជាមួយលោក ស៊ី ជីនពីង
លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) បានរៀបចំពិធីជប់លៀងស្វាគមន៍ មិត្តសម្លាញ់ លោក ស៊ី ជីនពីង (Xi Jinping) សម្រាប់អាហារពេលល្ងាចនៅវិមានក្រែមឡាំងកាលពីថ្ងៃចន្ទ ទី២០ ខែមីនា ដោយបង្ហាញពីទំនាក់ទំនងដ៏ជិតស្និទ្ធជាមួយសម្ព័ន្ធមិត្តដ៏មានឥទ្ធិពលបំផុតរបស់លោកត្រឹមតែប៉ុន្មានថ្ងៃបន្ទាប់ពីតុលាការអន្តរជាតិបានអំពាវនាវឱ្យចាប់ខ្លួនប្រធានាធិបតីរុស្ស៊ីពីបទឧក្រិដ្ឋកម្មសង្គ្រាមនៅអ៊ុយក្រែន។
ទីក្រុងវ៉ាស៊ីនតោនបានបរិហារដំណើរទស្សនកិច្ចរបស់លោក ស៊ី ដោយលើកឡើងថា ពេលវេលានេះបង្ហាញថា ទីក្រុងប៉េកាំងកំពុងផ្តល់ឱ្យទីក្រុងម៉ូស្គូ នូវការបិទបាំងការទូត ដើម្បីប្រព្រឹត្តឧក្រិដ្ឋកម្មបន្ថែម។ ខណៈអាម៉េរិកបានអះអាងក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះថាខ្លួនក៏មានការបារម្ភថាចិនអាចបំពាក់អាវុធដល់រុស្ស៊ីផងដែរ។
នេះជាដំណើរទស្សនកិច្ចទៅក្រៅប្រទេសលើកដំបូងរបស់លោក ស៊ី ចាប់តាំងពីលោកបានជាប់អាណត្តិទីបីក្នុងនាមជាប្រធានាធិបតិចិន។ មេដឹកនាំចិនរូបនេះបាននឹងកំពុងព្យាយាមបង្ហាញថា ទីក្រុងប៉េកាំងជាអ្នកបង្កើតសន្តិភាពដ៏មានសក្តានុពលក្នុងប្រទេសអ៊ុយក្រែន ខណៈដែលលោកបានពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចជាមួយសម្ព័ន្ធមិត្តជិតស្និទ្ធបំផុតរបស់លោក។ លោក ពូទីន និងលោក ស៊ី បានស្វាគមន៍គ្នាទៅវិញទៅមកក្នុងនាមជា «មិត្តសម្លាញ់» នៅពេលដែលពួកគេបានជួបគ្នានៅវិមានក្រែមឡាំង ហើយទីភ្នាក់ងារព័ត៌មានរដ្ឋរបស់រុស្ស៊ី ក្រោយមកបានរាយការណ៍ថា មេដឹកនាំទាំង ២ បានជួបពិភាក្សាក្រៅផ្លូវការរយៈពេលជិត ៤ ម៉ោងកន្លះ ជាមួយនឹងកិច្ចពិភាក្សាផ្លូវការបន្ថែមទៀតដែលគ្រោងនឹងធ្វើនៅថ្ងៃអង្គារ ទី២១ ខែមីនានេះ។
នៅក្នុងការអត្ថាធិប្បាយតាមទូរទស្សន៍បន្ទាប់ពីពួកគេស្វាគមន៍គ្នាទៅវិញទៅមក លោក ពូទីន បានប្រាប់លោក ស៊ី ថា លោកបានមើលសំណើរបស់ចិនសម្រាប់ដំណោះស្រាយជម្លោះនៅអ៊ុយក្រែនដោយក្ដីគោរព។ លើសពីនេះ លោកបានសារភាពថា ៖«លោកមានភាពច្រណែនចំពោះប្រព័ន្ធដ៏មានប្រសិទ្ធភាពបំផុតសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច និងការពង្រឹងរដ្ឋរបស់ប្រទេសចិន»។ ចំណែកឯលោក ស៊ី បានសរសើរលោកពូទីន ហើយបានព្យាករណ៍ថា ប្រជាជនរុស្ស៊ីនឹងជ្រើសរើសលោកម្ដងទៀតសម្រាប់ការបោះឆ្នោតនៅឆ្នាំក្រោយ។ មិនត្រឹមតែប៉ុណ្ណោះ លោកបានប្រាប់ថា ៖«ក្រោមការដឹកនាំដ៏រឹងមាំរបស់អ្នក រុស្ស៊ីបានបោះជំហានយ៉ាងធំធេងក្នុងការអភិវឌ្ឍដ៏រុងរឿង»។
ទីក្រុងម៉ូស្គូបានផ្សព្វផ្សាយជាសាធារណៈនូវផែនការសម្រាប់ដំណើរទស្សនកិច្ចរបស់លោក ស៊ី អស់រយៈពេលជាច្រើនខែ។ ប៉ុន្តែដំណើរទស្សនកិច្ចនៃពេលវេលាបានផ្តល់ការគាំទ្រផ្ទាល់ខ្លួនរបស់មេដឹកនាំចិននូវអត្ថន័យថ្មី បន្ទាប់ពីតុលាការឧក្រិដ្ឋកម្មអន្តរជាតិបានចេញដីកាចាប់ខ្លួនលោក ពូទីន កាលពីថ្ងៃសុក្រទី ១៧ ខែមីនា ដោយចោទប្រកាន់លោក ពូទីន ពីបទឧក្រិដ្ឋកម្មសង្រ្គាមសម្រាប់ការនិរទេសកុមារពីអ៊ុយក្រែន។
ទោះយ៉ាងនេះក្ដី ទីក្រុងមូស្គូបានបដិសេធយ៉ាងដាច់អហង្កកាជុំវិញការនិរទេសកុមារដោយខុសច្បាប់ ដោយអះអាងថា ខ្លួនបានភៀសខ្លួនកុមារកំព្រាដើម្បីការពារពួកគេ។ រុស្ស៊ីក៏បានបើកសំណុំរឿងក្ដីព្រហ្មទណ្ឌប្រឆាំងនឹងព្រះរាជអាជ្ញា និងចៅក្រមរបស់តុលាការផងដែរ ខណៈទីក្រុងប៉េកាំងបានបញ្ជាក់ថា ដីកានេះបានឆ្លុះបញ្ចាំងពីស្ដង់ដារទ្វេ។ យ៉ាងណាមិញ បស្ចិមប្រទេសលើកឡើងថា ដីកាគួរតែធ្វើឱ្យមេដឹកនាំរុស្សីក្លាយជាជនក្បត់។
រដ្ឋមន្ត្រីការបរទេសអាម៉េរិកលោក អាន់ តូនីប្លីនខេន (Antony Blinken) បាននិយាយថា ៖«ប្រធានាធិបតី ស៊ី កំពុងធ្វើដំណើរទៅកាន់ប្រទេសរុស្ស៊ី ប៉ុន្មានថ្ងៃបន្ទាប់ពីតុលាការឧក្រិដ្ឋកម្មអន្តរជាតិបានចេញដីកាចាប់ខ្លួនប្រធានាធិបតី ពូទីន បង្ហាញថា ប្រទេសចិនមានអារម្មណ៍ថាគ្មានទំនួលខុសត្រូវក្នុងការឱ្យវិមានក្រែមឡាំងទទួលខុសត្រូវចំពោះអំពើឃោរឃៅដែលបានប្រព្រឹត្តនៅអ៊ុយក្រែន។ ជំនួសឱ្យការថ្កោលទោសរុស្ស៊ី ទីក្រុងប៉េកាំងនឹងផ្តល់ការបិទបាំងការទូតសម្រាប់រុស្ស៊ី ដើម្បីបន្តប្រព្រឹត្តឧក្រិដ្ឋកម្មធ្ងន់ធ្ងរទាំងនោះ»។
ថ្លែងទៅកាន់ អ្នកនាំពាក្យសេតវិមានលោក ចន ឃឺប៊ី (John Kirby) បានសង្កត់ធ្ងន់ថា លោក ស៊ី គួរតែប្រើឥទ្ធិពលរបស់លោកដើម្បីដាក់សម្ពាធលើលោក ពូទីន ឱ្យដកកងទ័ពចេញពីអ៊ុយក្រែន ហើយទីក្រុងវ៉ាស៊ីនតោនមានការព្រួយបារម្ភថាទីក្រុងប៉េកាំងអាចនឹងអំពាវនាវឱ្យមានបទឈប់បាញ់ដែលនឹងអនុញ្ញាតឱ្យទាហានរុស្ស៊ីពង្រឹងវត្តមានរបស់ពួកគេ។ លើសពីនេះ លោក ឃឺប៊ី បានលើកឡើងថា ៖«រុស្ស៊ី និងចិន មិនមានបណ្តាញមិត្តភ័ក្ដិ និងដៃគូដូចគ្នានៅជុំវិញពិភពលោក ដូចសហរដ្ឋអាម៉េរិកទេ ហើយនោះជាមូលហេតុដែលពួកគេកំពុងរឹតបន្តឹងទំនាក់ទំនងរបស់ពួកគេនៅពេលនេះ»។
ទីក្រុង កៀវ ដែលអះអាងថា សង្គ្រាមមិនអាចបញ្ចប់បានរហូតដល់រុស្ស៊ីដកទ័ពចេញនោះ បានស្វាគមន៍យ៉ាងប្រុងប្រយ័ត្នចំពោះសំណើសន្តិភាពរបស់ចិននៅពេលដែលផែនការនោះត្រូវបានបង្ហាញកាលពីខែមុន ទោះបីជាសម្ព័ន្ធមិត្តលោកខាងលិចមានការសង្ស័យជាសាធារណៈក៏ដោយ។ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេឡេនស្គី (Volodymyr Zelenskiy) បានលើកឡើងថា ប្រសិនចិនបំពាក់អាវុធដល់រុស្ស៊ីអាចនាំឱ្យមានសង្គ្រាមលោកលើកទី៣ ប៉ុន្តែលោកក៏ជឿជាក់ថា ទីក្រុងប៉េកាំងបានដឹងពីហានិភ័យនេះ។
សូមរំឭកថា លោក ពូទីន បានចុះហត្ថលេខាលើភាពជាដៃគូ «គ្មានដែនកំណត់» ជាមួយលោក ស៊ី កាលពីឆ្នាំមុន ភ្លាមៗមុនពេលមេដឹកនាំវិមានក្រែមឡាំង បញ្ជាឱ្យលុកលុយអ៊ុយក្រែន។ ការវាយប្រហាររបស់រុស្ស៊ីត្រូវបានគេជឿថាបានសម្លាប់ជនស៊ីវិល និងទាហានរាប់ម៉ឺននាក់ទាំងសងខាង។ ទីក្រុងមូស្គូបានបំផ្លាញទីក្រុងនានារបស់អ៊ុយក្រែន ធ្វើឱ្យមនុស្សរាប់លានភៀសខ្លួន និងអះអាងថាបានបញ្ចូលជិតមួយភាគប្រាំនៃទឹកដីអ៊ុយក្រែន៕
Post a Comment