រដ្ឋមន្ត្រីព័ត៌មាន ៖ ការគិតខ្លីរបស់លោក លន់ នល់ បាននាំឱ្យឈាមខ្មែរក្លាយជាស្ទឹង
ភ្នំពេញ៖ ថ្ងៃទី១៨ ខែមីនា នេះគឺ៥៣ឆ្នាំ ដែលសេនាប្រមុខលន់ នល់ ធ្វើរដ្ឋប្រហារទម្លាក់សម្ដេចព្រះនរោត្តម សីហនុ មុនទាហានបានឡោមព័ទ្ធរដ្ឋសភាជិត និងហាមមានការនិយាយការពារសម្ដេចប្រមុខរដ្ឋ ខណៈរដ្ឋមន្ត្រីព័ត៌មាន ឯកឧត្តម ខៀវ កាញារីទ្ធ លើកឡើងថា ដោយសារការគិតមិនវែងឆ្ងាយរបស់លោក លន់ នល់ កាលនោះហើយបានទាញឱ្យខ្មែរស្លាប់ រាប់លាននាក់ និងធ្វើឱ្យឈាមខ្មែរក្លាយជាស្ទឹង។
ឯកឧត្តម ខៀវ កាញារីទ្ធ បានសរសេរនៅលើគណនីហ្វេសបុករបស់លោកនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៣នេះ ថា «នៅរសៀលនោះ លោកកំពុងនិយាយគ្នាលេងជាមួយលោក គូ រុន នៅម្ដុំទួលគោក ហើយមានគេមកប្រាប់ថា គេទម្លាក់សម្ដេចព្រះនរោត្តម សីហនុ ហើយ ដោយសារលក់ដីឱ្យយៀកកុង និងពុករលួយ។ រហូតដល់ព្រឹកថ្ងៃទី១៧ ខែមីនា ទើបប្រព័ន្ធផ្សព្វផ្សាយវិទ្យុជាតិបានប្រកាសពីរដ្ឋប្រហារនេះ។ មួយឆ្នាំក្រោយក្នុងអាយុ១៨ឆ្នាំដែលលោកបានចូលធ្វើជាលេខាផ្ទាល់ប្រធានក្រុមប្រឹក្សារាជបល្ល័ង្ក លោក អ៊ុង ស៊ីម ទើបលោកដឹងថាការធ្វើរដ្ឋប្រហារពេលនោះ គឺស្ថិតក្រោមការគំរាមកំហែងពីទាហានលោក លន់ នល់ ដោយផ្ទាល់»។
ឯកឧត្តមបន្តថា៖ «នៅឆ្នាំ១៩៧១ ពេលធ្វើជាលេខាផ្ទាល់លោក អ៊ុង ស៊ីម ប្រធានក្រុមប្រឹក្សាព្រះរាជបល្ល័ង្ក (បន្ទាប់មកក្លាយជាព្រឹទ្ធសភាសាធារណរដ្ឋ) ទើបខ្ញុំដឹងការនៅថ្ងៃពិភាក្សានោះ ទាហានបានព័ទ្ធរដ្ឋសភាជុំជិតរួចហើយៗហាមមានការនិយាយការពារព្រះប្រមុខរដ្ឋ។ ថ្ងៃនោះជាថ្ងៃដែលឈាមខ្មែរក្លាយជាស្ទឹង ជាទន្លេព្រោះតែអ្នកនយោបាយខ្មែរមើលត្រឹមតែចុងច្រមុះខ្លួន មិនបានមើលការវិវត្តនយោបាយនៅក្រៅបន្ដិចណាសោះឡើយ»។
គួរឱ្យដឹងផងដែរថា រដ្ឋប្រហារថ្ងៃទី១៨ ខែមីនា ដោយសេនាប្រមុខ លន់ នល់ បានទាញសង្គ្រាមអាម៉េរិក និងវៀតណាមនៅព្រំដែន ឱ្យចូលក្នុងផ្ទៃប្រទេសកម្ពុជាពេញទី ដោយសារតែនយោបាយសាធារណរដ្ឋខ្មែរមានជំហរទៅរកអាម៉េរិកជួយវៀតណាមខាងត្បូងទប់ទល់នឹងវៀតណាមខាងជើង៕
Post a Comment