ក្រសួងអប់រំមិនអនុញ្ញាតឲ្យលេងបា.ញ់ទឹក លាបម្ស៉ៅ និងល្បែងមិនមែនប្រជាប្រិយខ្មែរក្នុងបរិវេណសាលារៀន

រាជធានី​ភ្នំពេញ ៖ ក្រសួង​អប់រំ​យុវជន និង​កីឡា បាន​ប្រកាស​មិន​អនុញ្ញាត​ឲ្យ​សិស្សានុសិស្ស​នៅ​គ្រឹះស្ថានសិក្សា​របស់​រដ្ឋ និង​ឯកជន​ទាំងអស់​លេងល្បែង​មិនមែន​ជា​ប្រជាប្រិយ​ខ្មែរ​ដូច​ជា​បាញ់​ទឹក លាប​ម្ស៉ៅ នៅ​ក្នុង​បរិវេណ​សាលារៀន​នោះ​ទេ ។

ការ​ប្រកាស​នេះ ខណៈ​ដែល​ក្រសួង​អប់រំ​បាន​ឲ្យ​គ្រឹះស្ថានសាធារណៈ និង​ឯកជន​ទាំងអស់​នាំ​គ្នា​រៀប​ចំការ​លេងល្បែង និង​របាំ​ប្រជាប្រិយ​ខ្មែរ ក្នុង​ឱកាស​ត្រៀម​អបអរសាទរ និង​ថ្ងៃ​ប្រារព្ធ​ពិធី​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិ នៅ​តាម​គ្រឹះ ស្ថាន​សិក្សា​សាធារណៈ និង​ឯកជន ។

យោង​តាម​ចេញ​សេចក្ដីណែនាំ​ស្តី​ពី​ការ​លេងល្បែង និង​របាំ​ប្រជាប្រិយ​ខ្មែរ ក្នុង​ឱកាស​ត្រៀម​អបអរសាទរ និង​ថ្ងៃ​ប្រារព្ធ​ពិធី​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិ នៅ​តាម​គ្រឹះស្ថានសិក្សា​សាធារណៈ និង​ឯកជន​របស់​ឯកឧត្តម ហង់ ជួនណា​រ៉ុ​ន រដ្ឋមន្ត្រី ក្រសួង​អប់រំ​យុវជន និង​កីឡា កាលពី​ថ្ងៃ​ទី​១៥ មីនា ក្រសួង​បាន​លើក​ឡើង​ថា​ដើម្បី​ចូលរួម​អភិរក្ស និង​លើកកម្ពស់​វប្បធម៌​ដូច​ជា ជំនឿ ទំនៀមទម្លាប់ ប្រពៃណី​ជាតិខ្មែរ​ឱ្យ​បាន​គង់វង្ស និង​រីក​ចម្រើន ព្រមទាំង​ចៀសវាង​គ្រោះថ្នាក់​ផ្សេង​ៗ​។

ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ឡើង​ថា នៅ​ក្នុង​ឱកាស​ត្រៀម​អបអរសាទរ និង​ថ្ងៃ​ប្រារព្ធ​ពី​ធី​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ​សូម​ធ្វើការ​ណែនាំ​ដល់​គ្រឹះស្ថានសិក្សា​សាធារណៈ និង​ឯកជន​បង្ក​លក្ខណៈ​ឱ្យ​ប្អូន​ៗ​កុមារ សិស្សានុសិស្ស និង​យុវជន​យើង លេងល្បែង និង​របាំ​ប្រជាប្រិយ​ខ្មែរ​នៅ​មុន និង​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិ ដូច​ជា របាំ​រាំវង់ រាំក្បាច់ សា​រ៉ា​វ៉ា​ន់ របាំ​ត្រុដិ​។​ល​។ និង​ល្បែង​ប្រជាប្រិយ​ខ្មែរ​មួយ​ចំនួន​ដូច​ជា ល្បែង​បោះអង្គញ់ ចោល​ឈូង ដណ្តើម​ស្លឹកឈើ ទាញព្រ័ត្រ​ជាដើម ។

ឯកឧត្តម​បាន​ស្នើ​ឲ្យ​លោកគ្រូ​អ្នកគ្រូ ក្រុមប្រឹក្សា​កុមារ ក្រុមប្រឹក្សា​យុវជន ជួយ​ជំរុញ​លើកទឹកចិត្ត និង​សម្របសម្រួល​ឱ្យ​ប្អូន​ៗ​កុមារ សិស្សានុសិស្ស និង​យុវជន លេងល្បែង និង​របាំ​ប្រជាប្រិយ​ខ្មែរ​ទាំងឡាយ​ដូច​ក្នុង​ចំណុច​ទី​មួយ ប្រកបដោយ​ប្រសិទ្ធភាព និង​សុវត្ថិភាព ។

ជាមួយ​គ្នា​នោះ​ដែរ រដ្ឋមន្ត្រីក្រសួង​អប់រំ​ក៏​បាន​ប្រកាស​ហាមឃាត់ និង​ទប់ស្កាត់​រាល់​ល្បែង​ទាំងឡាយ​ណា ដែល​មិនមែន​ជា​ល្បែង ឬ​របាំ​ប្រជាប្រិយ​ខ្មែរ និង​ល្បែង​មួយ​ចំនួន​ដែល​ប្រឈម​នឹង​ហានិភ័យ អ​សុវត្ថិភាព និង​គ្រោះថ្នាក់​ដូច​ជា​ដុត ឬ​បា​.​ញ់​ផាវ បាញ់​ទឹក ជះ​ទឹក លាប ម្សៅ​ល​។ ៤- សហការ​ជិត​ស្និទ្ធ​ជាមួយ​មាតាបិតា ឬ​អាណាព្យាបាល​សិស្ស សហគមន៍ អាជ្ញាធរ​ដែនដី ដើម្បី​ផ្ដល់ និង​ទទួល​ព័ត៌មាន​ស្ដី​ពី​ការ​លេងល្បែង​អ​សុវត្ថិភាព​ទាំងឡាយ​ទាំង ក្នុង​និង​ក្រៅ​គ្រឹះស្ថានសិក្សា ដើម្បី​រួម​គ្នា​ទប់ស្កាត់ និង​ដោះស្រាយ​បញ្ហា​ទាន់​ពេលវេលា​៕



Powered by Blogger.