ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសអញ្ជើញបិទសន្និបាតបូកសរុបការងារឆ្នាំចាស់ និងលើកទិសដៅការងារឆ្នាំថ្មីរបស់ក្រសួងកសិកម្ម
ភ្នំពេញ៖ ប្រសាសន៍សំខាន់ៗរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ក្នុងឱកាសអញ្ជើញជាអធិបតីបិទ សន្និបាតបូកសរុបការងារឆ្នាំចាស់ និងលើកទិសដៅការងារឆ្នាំថ្មីរបស់ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទនៅរសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣។
ក្នុងឱកាសអង្គសន្និបាត សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានថ្លែងការកោតសរសើរដល់កិច្ចខិតចំប្រឹងប្រែងរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយបានធ្វើឱ្យកម្ពុជាឈានដល់ដំណាក់កាលថ្មី គឺការបង្កើតពូជស្រូវថ្មី ដោយខ្លួនឯង ធានាទិន្នផលខ្ពស់ និងធន់អាកាសធាតុ។សម្តេចតេជោ ហ៊ុន សែន បានជំរុញឱ្យខិតខំកែច្នៃផ្ទៃដីទំហំមួយហិកតា ដែលអាចចិញ្ចឹមមនុស្សបាន៥-១៥ នាក់យ៉ាងតិច ខណៈមនុស្សកាន់តែមានចំនួនកើនឡើងជាដរាប។
សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា កម្ពុជានឹងប្រឹងប្រែងធ្វើស្រែឱ្យបានពីរដងក្នុងមួយឆ្នាំ គឺផ្ទៃដីប្រមាណបីលានហិកតា ឱ្យទទួលផលប្រាំមួយលានហិកតាក្នុងមួយឆ្នាំ។
សម្ដេចតេជោ ហ៊ុន សែន បានជំរុញឱ្យមានការស្រាវជ្រាវពូជដំណាំនានា ពាក់ព័ន្ធនឹងវិស័យកសិកម្ម ឱ្យស្របជាមួយ នឹងការប្រែប្រួលអាកាសធាតុ។
សម្ដេចតេជោ ហ៊ុន សែន ប្រកាសផ្ដាំផ្ញើទៅរដ្ឋមន្ត្រីក្រោយៗ ឬនាយករដ្ឋមន្ត្រីក្រោយៗ ត្រូវរក្សាការពារទីតាំងវិទ្យាស្ថាន ស្រាវជ្រាវ និង អភិវឌ្ឍន៍ កសិកម្ម កម្ពុជា (CARDI) ឱ្យខាងតែបាន។
សម្ដេចតេជោ ហ៊ុន សែន បានប្រកាសជំរុញឱ្យផលិតពូជស្រូវសុទ្ធផ្ការំដួល ឱ្យបានគ្រប់តាមតម្រូវការទីផ្សារទាំង ក្នុងស្រុក និងក្រៅប្រទេស។
សម្ដេចតេជោ ហ៊ុន សែន ប្រកាសដាក់ខេត្តចំនួន៤ រួមមាន ខេត្តពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ និងប៉ៃលិន ជាប៉ូលសេដ្ឋកិច្ចទី៤។ សម្ដេចតេជោ បានបញ្ជាក់ដែរថា កម្ពុជានឹងអាចបង្កើតប៉ូលសេដ្ឋកិច្ចទី៥ នៅខេត្តភូមិភាគឦសាន លើផ្នែកកសិ-ឧស្សាហកម្ម។
សម្ដេចតេជោ ហ៊ុន សែន បានជំរុញឱ្យគ្រប់អាជ្ញាធរខេត្ត យកចិត្តទុកដាក់ខ្ពស់ចំពោះមន្ត្រីជំនាញកសិកម្ម ដែលចុះ ទៅជួយនៅតាមមូលដ្ឋានគ្រប់ឃុំទាំងអស់។
សម្ដេចតេជោ ហ៊ុន សែន បានប្រកាសថា កម្ពុជានឹងទម្លាក់ទុនប្រមាណមួយរយលានដុល្លារ បន្ថែមទៀត សម្រាប់ផលិតកម្មស្រូវ។
សម្ដេចតេជោ ហ៊ុន សែន ស្នើយកគំរូក្រុមហ៊ុននៅថៃឈ្មោះCP ដែលចាត់ទុក «កសិករជាដៃគូជីវិត និងអ្នកប្រើប្រាស់ជាចៅហ្វាយ» ។
សម្ដេចតេជោ ស្នើឱ្យមានដំណោះស្រាយដល់ប្រជានេសាទនៅតំបន់អភិរក្សផ្សោត ដោយផ្ដល់ជាបណ្ណក្រីក្រ ដើម្បីកាត់បន្ថយការនេសាទនៅតំបន់អភិរក្សនោះ ប៉ះពាល់ដល់និរន្តរភាពសត្វផ្សោយ។
សម្តេចតេជោ ហ៊ុន សែន បានប្រកាសពីគោលបំណងនាំគ្រាប់ស្វាយចន្ទីធំជាងគេនៅលើពិភពលោក ខណៈដែលបច្ចុប្បន្នការនាំស្វាយចន្ទីបានតួលេខក្រោយប្រទេសកូឌីវ័រ តែបន្តិចប៉ុណ្ណោះ៕
Post a Comment