មេដឹកនាំកូរ៉េខាងជើងដាក់បញ្ជាដ៏ម៉ឺងម៉ាត់ ដើម្បីដោះស្រាយវិបត្តិស្បៀងដ៏ធ្ងន់ធ្ងរ
កូរ៉េខាងជើង ៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង កាលពីថ្ងៃទី០២ ខែមីនា ឆ្នាំ២០២3 បានចេញផ្សាយថា មេដឹកនាំកំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានបញ្ជាឱ្យមានការកែលម្អហេដ្ឋារចនាសម្ព័ន្ធ ព្រមទាំងការពង្រីកដីស្រែចម្ការ ដើម្បីបង្កើនផលិតកម្មស្បៀង ចំពេលមានការព្រមានអំពីវិបត្តិស្បៀងអាហារដ៏ធ្ងន់ធ្ងរ ដែលនឹងកើតឡើង។
លោក គីម បានផ្តល់ការណែនាំដើម្បីកែលម្អប្រព័ន្ធធារាសាស្ត្រ សាងសង់ម៉ាស៊ីនកសិកម្មទំនើប និងបង្កើតដីបង្កបង្កើនផលបន្ថែមទៀត ខណៈដែលលោកបានបញ្ចប់កិច្ចប្រជុំពេញអង្គលើកទី៧ នៃគណៈកម្មាធិការមជ្ឈិមដ៏មានឥទ្ធិពលរបស់គណបក្សពលករកូរ៉េ (WPK) ដែលកំពុងកាន់អំណាច កាលពីថ្ងៃទី០១ ខែមីនា កន្លងទៅ ដែលកិច្ចប្រជុំនេះ បានចាប់ផ្តើមកាលពីថ្ងៃទី២៦ ខែកុម្ភៈ ដើម្បីពិភាក្សាអំពីកិច្ចការបន្ទាន់ នៃការធ្វើឱ្យវិស័យកសិកម្មកាន់តែល្អប្រសើរឡើង។
ប្រទេសកូរ៉េខាងត្បូង បានព្រមានអំពីវិបត្តិស្បៀងអាហារកាន់តែធ្ងន់ធ្ងរនៅភាគខាងជើងដាច់ស្រយាល រួមទាំងការកើនឡើងថ្មីៗនៃការស្លា.ប់ ដោយសារភាពអត់ឃ្លាននៅក្នុងតំបន់មួយចំនួន។ សេដ្ឋកិច្ចរបស់កូរ៉េខាងជើង ត្រូវបានវាយលុកដោយទឹកជំនន់ និងព្យុះទីហ្វុង ការដាក់ទណ្ឌកម្មលើកម្មវិធីនុយក្លេអ៊ែរ និងការចំណាយយ៉ាងច្រើនសន្ធឹកសន្ធាប់ទៅលើកម្មវិធីកាំជ្រួចនុយក្លេអ៊ែររបស់ខ្លួន ហើយព្រមទាំងការធ្លាក់ចុះយ៉ាងខ្លាំងនៃពាណិជ្ជកម្មជាមួយប្រទេសចិន ចំពេលមានការបិទព្រំដែនដោយសាជំងឺកូវីដ-១៩ ។
ទីភ្នាក់ងារអភិវឌ្ឍន៍ជនបទរបស់កូរ៉េខាងត្បូង បានប៉ាន់ប្រមាណថា ផលិតកម្មដំណាំរបស់កូរ៉េខាងជើងបានធ្លាក់ចុះជិត ៤% កាលពីឆ្នាំ២០២២ បើធៀបនឹងឆ្នាំ២០២១ ដោយលើកឡើងពីភ្លៀងធ្លាក់ខ្លាំងនៅរដូវក្តៅ និងលក្ខខណ្ឌសេដ្ឋកិច្ចផ្សេងទៀត។
ទីភ្នាក់ងារព័ត៌មានមជ្ឈិមកូរ៉េ (KCNA) បានលើកឡើងថា លោក គីម បានដាក់ចេញផែនការ និងភារកិច្ចជាក់លាក់ ដើម្បីកសាងសហគមន៍ជនបទសង្គមនិយមដ៏សម្បូរបែប និងស៊ីវិល័យជាមួយនឹងបច្ចេកវិទ្យាទំនើប និងអរិយធម៌ទំនើប។ ប្រភពដដែលបានបន្ថែមថា គណៈកម្មាធិការកណ្តាល ក៏បានពិភាក្សាអំពីមធ្យោបាយ ដើម្បីកែលម្អការគ្រប់គ្រងហិរញ្ញវត្ថុរបស់ប្រទេសជាតិ ដោយមិនបានបញ្ជាក់លម្អិតនោះទេ៕ (ដកស្រង់ចេញពី Reuters)
Post a Comment