ដកបញ្ឈរជើងជាបណ្តោះអាសន្ន ស្មៀនឃុំអូរបីជាន់ បន្ទាប់ពីមានការរិ:គន់ពីប្រជាពលរដ្ឋករណីចាក់ដីរំលោភលើដីចំណីអូរ ធ្វើកម្មសិទ្ធិផ្ទាល់ខ្លួន
ខេត្តបន្ទាយមានជ័យ៖ ស្មៀនឃុំអូរបីជាន់ ស្រុកអូរជ្រៅ បានរងនូវការរិះគន់ពីសំណាក់ប្រជាពលរដ្ឋ ថាបានចាក់ដីរំលោភបំពានចូលដីចំណីអូរធ្វើកម្មសិទ្ធិរបស់ខ្លួន។ ក្នុងនាមជាអាជ្ញាធរអនុវត្តច្បាប់ តែបែរបំពានច្បាប់ តើឱ្យប្រជាពលរដ្ឋសង្ឃឹមអី..? នេះជាការលើកឡើងរបស់បងប្អូនប្រជាពលរដ្ឋរស់នៅភូមិអូរបីជាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ...។
ឆ្លើយតបនឹងការចោទប្រកាន់ខាងលើនេះ លោក និត វុទ្ធី ស្មៀនឃុំអូរបីជាន់ បានបញ្ជាក់ថា ការដែលលោកចាក់ដីនេះ គឺលោកចាក់តាមប្លង់កម្មសិទ្ធិរបស់លោក ទំហំជាង១ហិកតាកន្លះប៉ុណ្ណោះ មិនបានរំលោភយកដីចំណីអូរ ឬដីអូរដូចការរិះគន់នោះឡើយ។ លោកបញ្ជាក់ថា ផ្នែកខាងក្រោយដីខាងលិចដែលឃើញចាក់អាចម៍ដីជាប់អូរ ហៀរអាចម៌ដីជ្រុះចូលអូរនោះ ជាដីស្រះទឹកដែលលោកបានជីកជាប់អូរ ហើយការចាក់ដីនោះ គឺចាក់ដីចេញពីចំណុចអ័ក្ស អូរប្រវែង១៥ម៉ែត្រតាមប្លង់កម្មសិទ្ធិរបស់លោកប៉ុណ្ណោះ។ ចំណែកនៅឯខាងត្បូងជាប់ស្ពាន បើជំនាញពិនិត្យឃើញថាចូល នោះលោកនឹងកាយចេញវិញ ហើយនៅខាងមុខតាមបណ្តោយផ្លូវជាតិលេខ៥៨ ពេលចាក់ដីរួចលោកនឹងដាក់ប្រព័ន្ធលូរំដោះទឹកមិនធ្វើឱ្យស្ទះទឹកលិចផ្ទះបងប្អូនប្រជាពលរដ្ឋនោះទេ ។
ទោះយ៉ាងណា បើតាមការពិនិត្យជាក់ស្ដែង ការចាក់ដីរបស់លោកស្មៀននេះ ពិតជាមានផលប៉ះពាល់ដល់ដីចំណីអូរពិតមែន ពោលគឺមិនដូចសម្ដីលោកស្មៀនឃុំឆ្លើយដោះសារនោះឡើយ។ ដោយការមើលឃើញពីផលប៉ះពាល់បែបនេះហើយ ទើបមានប្រតិកម្មពីប្រជាពលរដ្ឋ និងមន្ត្រីក្រុមប្រឹក្សាឃុំនោះ។ យោងតាមការទម្លាយពីមន្ត្រីរដ្ឋបាលឃុំ បានឱ្យដឹងថា ស្មៀនឃុំ រូបនេះ ពង្រីកអំណាចខ្លួនធំជាងលោកមេឃ។ទៅទៀត បើស្មៀនឃុំនេះចង់ធ្វើអ្វីមួយ គឺមិនចេះពិគ្រោះយោបល់ជាមួយមន្ត្រីក្រុមប្រឹក្សាឃុំទេ គឺធ្វើអ្វីទំនេីងស្រេចតែចិត្តខ្លួនឯង។ ឯរឿងចាក់ដីនេះក៏ដូចគ្នាដែរ បើមន្ត្រីក្រុមប្រឹក្សាឃុំបានដឹង គឺមិនអនុញ្ញាតឱ្យចាក់ហៀរហូរលុបអូរធម្មជាតិអ៊ីចឹងទេ លោកស្មៀនឃុំអូរបីជាន់រូបនេះ ត្រូវបានថ្នាក់លេីដកបញ្ឈរជើងជាបណ្តោះអាសន្នហើយ៕
Post a Comment