ជោគជតារាសី សម្រាប់ថ្ងៃចន្ទ ទី១៣ ខែមីនា ឆ្នាំ២០២៣
ជោគជតារាសី សម្រាប់ថ្ងៃចន្ទ ៧រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣ ដែលមានដូចតទៅ៖
ឆ្នាំជូត៖ (ធាតុទឹក ពង្សទេវតាប្រុស) រាសីរបស់អស់លោកអ្នកដែលកើតឆ្នាំជូត ថ្ងៃនេះ ល្អបង្គួរ ។ រាល់កិច្ចការងារ ទាំងឡាយរបស់លោកអ្នកនៅថ្ងៃនេះ នឹងជួបតែរឿងល្អៗ ដំណើរទៅរលូន តែហាមកុំបោះទុនច្រើនៗ ជាមួយមុខរបរថ្មីៗ និងគួរកុំទុកចិត្តមនុស្សថ្មីៗ ។ សម្រាប់ក្នុងរង្វង់គ្រួសារ និងស្នេហា មានភាពល្អប្រសើរ ផ្អែមល្ហែមដូចទឹកអង្គបំពង់ខ្ចី ។
ឆ្នាំឆ្លូវ៖ (ធាតុដីពង្សមនុស្សប្រុស) រាសីរបស់អស់លោកអ្នកដែលកើតឆ្នាំឆ្លូវ ថ្ងៃនេះ ធ្លាក់ចុះ ។ លោកអ្នកនឹងជួបរឿងរកាំរកូសច្រើនទាំងនៅកន្លែងការងារ និងក្នុងរង្វង់របររកស៊ី ។ គប្បីធ្វើចិត្តឱ្យសប្បាយ គិតមួយជំហានម្ដងៗ នោះបញ្ហាទាំងឡាយ នឹងរលាយបាត់ទៅវិញ ។ ចំពោះរឿងគ្រួសារ និងស្នេហា អាចនឹងមានជម្លោះពាក្យសម្ដីបន្តិចបន្តួច ។
ឆ្នាំខាល៖ (ធាតុឈើពង្សយក្សស្រី) អស់លោកអ្នកដែលកើតឆ្នាំខាល ថ្ងៃនេះរាសី ធ្លាក់ចុះ ។ ថ្ងៃនេះលោកអ្នកអាចប្រឈមមុខនឹងបញ្ហាជាច្រើនក្នុងសង្គមការងារ ក៏ដូចជារបររកស៊ី ។ លោកអ្នកអាចនឹងត្រូវចៅហ្វាយនាយស្ដីបន្ទោស មិនពេញចិត្តជាមួយការងារ ឬអាចឈានទៅដល់បាត់បង់ការងារទៀតផង ។ សម្រាប់រឿងគ្រួសារ និងស្នេហា អាចនឹងមានបញ្ហារកាំរកូស ឬអាចក្លាយជាជម្លោះធំ ប្រសិនបើមិនមានការយោគយល់អធ្យាស្រ័យគ្នាទៅវិញទៅមក ។
ឆ្នាំថោះ៖ (ធាតុឈើពង្សមនុស្សស្រី) អស់លោកអ្នកដែលកើតឆ្នាំថោះ ថ្ងៃនេះរាសី ល្អបង្គួរ ។ លោកអ្នកអាចបំពេញការងារប្រចាំថ្ងៃបានទៅយ៉ាងរលូន ហើយលទ្ធផលក៏ទទួលបានគូរជាទីគាប់ចិត្ត ។ ថ្ងៃនេះលោកអ្នកអាចនឹងមានមនុស្សមកពឹងពំនាក់អាស្រ័យ តែត្រូវប្រយ័ត្នឱ្យបានខ្ពស់ ឬអាចបដិសេធសិន ជាការល្អ ។ សម្រាប់រឿងគ្រួសារ និងស្នេហា មិនមានបញ្ហារកាំរកូសឡើយ ផ្ទុយទៅវិញមានតែភាពផ្អែមល្ហែម យល់ចិត្តថ្លើមគ្នាទៅវិញទៅមក ។
ឆ្នាំរោង៖ (ធាតុមាសពង្សទេវតាប្រុស) រាសីរបស់អស់លោកអ្នកដែលកើតឆ្នាំរោង ថ្ងៃនេះ ឡើងខ្ពស់ ។ លោកអ្នក នឹងទទួលបានលាភសក្ការធំ ហួសពីការរំពឹងទុកពីការងារ ក៏ដូចជាមុខរបរ ។ ថ្ងៃនេះប្រសិនបើលោកអ្នកចង់ពឹងពាក់កិច្ចអ្វីមួយទៅអ្នកដទៃ ក៏បានសម្រេច សមជាទីប្រាថ្នា ។ ចំពោះរង្វង់គ្រួសារ និងស្នេហា មានតែភាពផ្អែមល្ហែម ល្អូកល្អិន ដូចទឹកអប់បំពង់ខ្ចី ។
ឆ្នាំម្សាញ់៖ (ធាតុភ្លើងពង្សមនុស្សប្រុស) រាសីរបស់អស់លោកអ្នកដែលកើតឆ្នាំម្សាញ់ ធ្លាក់ចុះ។ លោកអ្នកនឹងមានអ្នកតាមមកផ្ចាញ់ផ្ចាល ប៉ងប្រព្រឹត្តិអំពើអាក្រក់ណាមួយ ដូច្នេះត្រូវប្រុងប្រយ័ត្នគ្រប់ពេលវេលា ចូលផ្ទះឱ្យបានមុនថ្ងៃលិច ហាមដើរហើរ ផឹកស៊ី ប្រយ័តុ្នសប្បាយក្លាយជាទុក្ខ ។ បើនៅក្នុងរង្វង់គ្រួសារ និងស្នេហា មានតែរឿងចម្រូងចម្រាស់ អាចបង្កជាជម្លោះប្រេះស្រាំ ទៀតផង ។
ឆ្នាំមមី៖ (ធាតុភ្លើង ពង្សទេវតាស្រី) អស់លោកអ្នកដែលកើតក្នុងឆ្នាំមមី ថ្ងៃនេះរាសី ឡើងខ្ពស់ត្រដែត ។ អស់លោកអ្នក នឹងមានអារម្មណ៍ធូរស្បើយពីភាពតានតឹងមួយចំណែកធំ ដោយសារតែមានអ្នកមានអំណាច មានមុខមាត់ក្នុងសង្គម តាមជួយឃុំគ្រង។ នៅក្នុងរង្វង់គ្រួសារ និងស្នេហា មានភាពផ្អែម ត្រជាក់ត្រជុំ ដូចទឹកអម្រឹត ។
ឆ្នាំមមែ៖ (ធាតុមាសពង្សទេវតាស្រី) ថ្ងៃនេះលោកអ្នកដែលកើតឆ្នាំ មមែ រាសី ឡើងខ្ពស់ ។ លោកអ្នកជួបសំណាងធំក្នុងឆាកជីវិត ដូចជាមានគេជូនការដូធំ ឱកាសការងារធំ តំណែងធំ ជាដើម ។ បើជាអ្នករកស៊ី នឹងមានអតិថិជនគាំទ្រច្រើន លុយកាក់ហូរចូលដូចទឹក ។ ចំពោះរង្វង់គ្រួសារ និងស្នេហា មានភាពផ្អែមល្ហែម ត្រជាក់ត្រជុំ ដូចទឹកអប់បំពង់ខ្ចី ។
ឆ្នាំវក៖ (ធាតុដែកពង្សយក្សប្រុស) ថ្ងៃនេះលោកអ្នកដែលកើតឆ្នាំ វក រាសី ឡើងខ្ពស់ត្រដែត។ លោកអ្នក នឹងបានជួបមនុស្សចិត្តធម៌ ចិត្តបុណ្យ តាមជួយកអាសារអ្នក មិនថាក្នុងកាលៈទេសៈណាក៏ដោយ ។ មិនតែប៉ុណ្ណោះ បើអ្នកធ្វើការជាបុគ្គលិក មន្ត្រីរាជការ ក៏អាចនឹងមានឱកាសបានឡើងតំណែងថ្មី ប្រាក់បៀវត្សថ្មី សមជាទីប្រាថ្នា ។ ចំពោះរឿងគ្រួសារ និងស្នេហា មានភាពផ្អែមល្ហែម ស្អិតល្មួត ដូចស្រមោចនិងស្ក ។
ឆ្នាំរកា៖ (ធាតុដែកពង្សយក្សប្រុស) អស់លោកអ្នកដែលកើតឆ្នាំរកា ថ្ងៃនេះរាសី ស្ថិតមធ្យម ។ លោកអ្នកនឹងមានអ្នកតាមជួយស្រោចស្រង់ ពេលដែលជួបបញ្ហាលំបាកណាមួយ។ គប្បីបើចិត្តឱ្យទូលាយ នៅក្នុងរង្វង់ការងារ និងរបររកស៊ី កុំសង្ស័យច្រើន ហើយក៏កុំសួរច្រើន តែត្រូវប្រយ័ត្ន គិតឱ្យច្រើនដង ប្រសិនបើមាននរណាម្នាក់ចង់បបួលបណ្ដាក់ទុនរកស៊ី ឬឱ្យបង់ប្រាក់កក់ជាដើម ។ ចំពោះរឿងគ្រួសារ និងស្នេហា មានភាពផ្អែមល្ហែង យល់ចិត្តគ្នាទៅវិញទៅមក ។
ឆ្នាំច៖ (ធាតុដី ពង្សយក្សស្រី) លោកអ្នកដែលកើតឆ្នាំ ច ថ្ងៃនេះរាសី ឡើងខ្ពស់ត្រដែត ។ ថ្ងៃនេះអស់លោកអ្នកចាប់កាន់ការងារអ្វីច្រើនតែបានសម្រេច។ ចំពោះអ្នកធ្វើការងារជាបុគ្គលិក មន្ត្រីរាជការ ក៏នឹងទទួលបានពាក្យពោលសរសើរ ឬលាភសក្ការពីចៅហ្វាយនាយ និងមានឱកាសបានឡើងតំណែង ទៀតផង ។ ចំពោះរឿងគ្រួសារ និងស្នេហា មានភាពផ្អែមល្ហែម ត្រជាក់ត្រជុំ។
ឆ្នាំកុរ៖ (ធាតុទឹកពង្សមនុស្សស្រី) រាសីរបស់លោកអ្នកដែលកើតឆ្នាំ កុរ ថ្ងៃនេះ មធ្យម។ មានបញ្ហាជាច្រើន ដែលនឹងចូលមកឱ្យលោកអ្នកដោះស្រាយនៅថ្ងៃនេះ ។ រាល់កិច្ចការងា ក៏ដូចជាមុខរបរប្រចាំថ្ងៃ របស់អ្នក ជួបនូវរឿងស្មុគស្មាញមួយចំនួន។ លោកអ្នកគប្បីធ្វើចិត្តឱ្យត្រជាក់ ដើម្បីជៀសវាងពីបញ្ហាទាំងអស់នេះ ។ ចំពោះរឿងគ្រួសារ និងស្នេហា អាចនឹងជួបរឿងរកាំរកូសច្រើន ៕
Post a Comment