ខេត្តសៀមរាបមានសណ្ឋាគារ ២៣៧ និងផ្ទះភ្ញៀវ ២៨៣ទីតាំង ខណៈសន្ទុះភ្ញៀវទេសចរកំពុងមានកំណើនឡើងវិញ
ភ្នំពេញ៖ ឯកឧត្ដម ទៀ សីហា អភិបាល ខេត្តសៀមរាបបញ្ជាក់ថា ខេត្តសៀមរាបមានសណ្ឋាគារ ២៣៧ ទីតាំង ស្នើនឹង១៥.២២២បន្ទប់ ខណៈក្រោយកូវីដ-១៩រាជរដ្ឋាភិបាលអាចគ្រប់គ្រងស្ថានការកូវីដ-១៩បានល្អ ធ្វើឱ្យកំណើនភ្ញៀវទេសចរមកទស្សនាខេត្តសៀមរាប មានសន្ទុះកើនឡើងវិញនៅឆ្នាំ២០២២ ក្នុងនោះមានភ្ញៀវទេសចរសរុបចំនួន ២.៦៩២.៤២៣នាក់ ភ្ញៀវបរទេសចំនួន ២៨៧.៤៥៤នាក់។
ឯកឧត្ដម ទៀ សីហា បញ្ជាក់បែបនេះ ក្នុងសន្និសីទសារព័ត៌មាន ស្ដីពី «ភាពជោគជ័យក្នុងរយៈពេល៥ឆ្នាំកន្លងមក» របស់រដ្ឋបាលខេត្ត សៀមរាប នាព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ នៅទីស្តីការគណៈរដ្ឋមន្ត្រី។
ឯកឧត្តមថ្លែងថា វិស័យទេសចរណ៍បានរួមចំណែកយ៉ាងសំខាន់ សម្រាប់ចូលរួមចំណែក លើកស្ទួយជីវភាពប្រជាជន និងសេដ្ឋកិច្ចខេត្តទាំងមូល។ ឯកឧត្តមបានឱ្យដឹងថា ខេត្តមានសណ្ឋាគារ ២៣៧ទីតាំង ស្មើនឹង ១៥២២២បន្ទប់ មានផ្ទះភ្ញៀវ ២៨៣ ទីតាំង ភោជនីយដ្ឋាន ២៣៩ កន្លែង ហាងម៉ាហ្សា ៦៩ កន្លែង មគ្គុទេសក៍ទេសចរណ៍ ៥ ១១៧ នាក់ និងទីភ្នាក់ងារទេសចរណ៍ ៣២១។
ឯកឧត្តមបញ្ជាក់ថា ភ្ញៀវទេសចរណ៍កាលពីឆ្នាំ ២០១៨ មានភ្ញៀវទេសចរសរុបចំនួន ៥,៧ លាននាក់ ក្នុងនោះភ្ញៀវអន្តរជាតិចំនួន ២,៥ លាននាក់ ប៉ុន្តែ ដោយសារវិបត្តិសកលនៃជំងឺកូវីដ-១៩ បានជះឥទ្ធិពលយ៉ាងខ្លាំងចំពោះវិស័យទេសចរណ៍ខេត្ដ ចាប់ពីឆ្នាំ ២០១៩ ដែលសេវាកម្មទេសចរណ៍ត្រូវបានបិទ និងផ្អាកស្ទើរតែទាំងស្រុង ហើយទើបនឹងបានចាប់ផ្តើម មានកំណើនភ្ញៀវទេសចរប្រសើរឡើងវិញនៅឆ្នាំ២០២២ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ប្រមុខរាជរដ្ឋាភិបាល លើការងារបង្ការទប់ស្កាត់ជំងឺកូវីដ-១៩ ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនប្រជាជនក្នុងខេត្តសៀមរាប៕
Post a Comment