អគ្គិភ័យឆាបឆេះឃ្លាំងដាក់ម៉ាស៊ីន របស់សណ្ឋាគារមួយកន្លែងហុយផ្សែងទ្រលោម
ខេត្តព្រះសីហនុ ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា ឃ្លាំងដាក់ម៉ាស៊ីនរបស់សណ្ឋាគារមួយកន្លែងដែលមានឈ្មោះ «វ៉ាយថ៍ស៊ែនភែលេស» ត្រូវបានអគ្គិភ័យឆាបឆេះធ្វើឱ្យមានផ្សែងហុយទ្រលោម បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨និង៣៥នាទីព្រឹក ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣នេះ នៅតាមបណ្តោយផ្លូវកោះពូឡូវ៉ៃ ស្ថិតក្នុងភូមិ៤ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ។
បើតាមសមត្ថកិច្ចបានឲ្យដឹងថា ក្រោយពេលមានហេតុការណ៍ខាងលើនេះកើតឡើងលោកឧត្តមសេនីយ៍ទោ ជួន ណារិន ស្នងការនគរបាលខេត្តព្រះសីហនុ បានបញ្ជូនកម្លាំងសមត្ថកិច្ច និងរថយន្តពន្លត់អគ្គិភ័យទៅបាញ់ទឹកពន្លត់ រហូតគ្រប់គ្រងស្ថានភាពបាន។
មន្ត្រីជំនាញនគរបាលពន្លត់អគ្គិភ័យខេត្តព្រះសីហនុ បានបញ្ជាក់ឲ្យដឹងដែរថា សម្រាប់ប្រតិបត្តិការពន្លត់អគ្គិភ័យនេះ កម្លាំងសមត្ថកិច្ចបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យអស់ជិត៥គ្រឿង ឯណោះ ទើបគ្រប់គ្រងស្ថានការបាន។
ជុំវិញករណីអគ្គិភ័យខាងលើនេះ បើតាមការសាកសួរពីមេការកាន់កា.ប់ការងារនៅក្នុងនោះបានបញ្ជាក់ថា អគ្គិភ័យខាងលើនេះ បណ្តាលមកពីផ្ទុះអាគុយ និងឆ្លងចរន្តខ្សែភ្លើងនៅក្នុងនោះ។ តែយ៉ាងណាមិញ ករណីនេះមិនមានឱ្យអ្នករងរបួស និងខូចខាតសម្ភារៈអ្វីច្រើននោះឡើយ៕
Post a Comment